លោក មឿង សុន ត្រូវ​ជាប់​គុក​២​ឆ្នាំ និង​ពិន័យ ៤ លាន​រៀល

សាលា​ឧទ្ធរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០១១ បាន​ប្រកាស​សាលដីកា​កំបាំង​មុខ ផ្ដន្ទាទោស​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ឲ្យ​ជាប់​គុក​រយៈ​ពេល ២ ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៤ លាន​រៀល។

សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​លោក មឿង សុន ពី​​បទ​ញុះញង់​ដោយ​ចេតនា ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដោយសារ​តែ​លោក​រិះគន់​ថា ក្រុមហ៊ុន ស៊ូជីង ( Sujing ) បាន​ដាក់​អំពូល​អគ្គិសនី នៅ​ថែវ​ប្រសាទ​អង្គរវត្ត នៅ​ឆ្នាំ ២០០៩ កន្លង​មក បាន​ធ្វើ​ក្ដៅ​ថ្ម​អង្គរ។

សាលា​ឧទ្ធរណ៍ បាន​កែប្រែ​បទ​ចោទ​ពី​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះញង់ ដោយ​ចេតនា និង​បាន​កែប្រែ​ប្រាក់​ផាក​ពិន័យ ពី​ចំនួន ១៥ លាន​រៀល មក​ចំនួន ៤ លាន​រៀល​វិញ។

ចៅក្រម​ប្រឹក្សា លោកស្រី ចាន់ ម៉ាលីណា បាន​អាន​សាលដីកា នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា​ថា តាម​រយៈ​ភស្តុតាង​ខ្សែ​អាត់​សំឡេង និង វី. ស៊ី. ឌី (VCD) តុលាការ​បាន​រក​ឃើញ​ថា លោក មឿង សុន ពិត​ជា​មាន​ចេតនា​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដែល​បាន​ចែង​ក្នុង​មាត្រា​ទី ៤៩៤ និង​មាត្រា​ទី ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី។

សាលា​ឧទ្ធរណ៍​បើក​ផ្លូវ​ឲ្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ក្នុង​រយៈ​ពេល ៣០ ថ្ងៃ ចាប់​ថ្ងៃ​ប្រកាស ​សាលដីកា​នេះ។ សាលា​ឧទ្ធរណ៍​ដដែល បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​នគរបាល​កម្ពុជា ស្វែង​រក​ចាប់​ខ្លួន​លោក មឿង សុន ។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន មាន​ប្រសាសន៍​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា ពី​ស្រុក​អារ៉ាញ់ ប្រទេស​ថៃ​មក​ថា លោក​មិន​អាច​ទទួល​យក​សាលដីកា​នេះ​បាន​ទេ លោក​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។

លោក មឿង សុន ៖ «ចោទ​ប្រកាន់​ខ្ញុំ​លើក​ដំបូង​ថា ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដល់​តែ​មេធាវី​របស់​ខ្ញុំ​រក​ឃើញ​គ្រប់​ហេតុផល​ទៅ ឃើញ​ថា​ខ្ញុំ​មិន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ ឥឡូវ​ទៅ​ជា​កាត់​សេចក្ដី​ខ្ញុំ​រឿង​ថ្មី​ទៅ​វិញ​ថា ខ្ញុំ​ញុះញង់​ទៅ​វិញ។ អ៊ីចឹង​បាន​ន័យ​ថា ចៅក្រម​ចោទ​អំពី​អ្វី​ដែល​គេ​មិន​បាន​ប្ដឹង​ទៅ​ទៀត។ អា​ហ្នឹង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ វា​ជា​ការ​ឈឺ​ចាប់​មួយ​សម្រាប់​កូន​ខ្មែរ​ម្នាក់ ដែល​មាន​មនសិការ​ជាតិ»។

លោក​បាន​សន្យា​ថា លោក​នឹង​ទៅ​ប្រទេស​បារាំង ដើម្បី​ប្ដឹង​រឿង​នេះ ទៅ​អង្គការ​យូនីស្កូ (UNESCO) អំពី​ធ្វើ​ឲ្យ​ខូច​ខាត​ថ្ម​ប្រសាទ​អង្គរ​កន្លង​មក។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មឿង សុន គឺ​លោក សុខ សំអឿន មាន​ប្រសាសន៍​ថា សាល​ដីកា​នេះ គ្មាន​យុត្តិធម៌ «យើង​មិន​ហ៊ាន​ថា​មិន​ទទួល​ទេ ពី​ព្រោះ​ច្បាប់​ចែង​ថា បើ​សិន​យើង​មើល​ងាយ​សេចក្ដី​សម្រេច​របស់​តុលាការ គឺ​ត្រូវ​ជាប់​គុក។ យើងទទួល ប៉ុន្តែយើងសុំប្តឹងសាទុក្ខទៅលើ ទៀត»។

មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ាល់ ចាន់ដារ៉ា មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ គឺ​មាន​យុត្តិធម៌ «ខ្ញុំ​យល់​ឃើញ​ថា ទាំង​សាលា​ឧទ្ធរណ៍ និង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពិត​ជា​បាន​រក​យុត្តិធម៌​ជូន​រដ្ឋាភិបាល​ប្រាកដ​មែន»។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០០៩ កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​កំបាំង​មុខ​​ឲ្យ​លោក មឿង សុន ជាប់​គុក​ចំនួន ២ ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១៥ លាន​រៀល ស្មើ​នឹង ៣៧៥០
ដុល្លារ​អាមេរិក ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​តែ​លោក​រិះគន់​ថា ការ​ដាក់​អំពូល​អគ្គិសនី​ របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ូជីង នៅ​ថែវ​ប្រសាទ​អង្គរវត្ត ខុស​បច្ចេកទេស និង​ធ្វើ​ឲ្យ​ក្ដៅ​ថ្ម​អង្គរ៕