ក្រសួង​ព័ត៌មាន​មិន​អនុញ្ញាត​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ឮ​សំឡេង

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ​ទាំង​អស់ រៀបចំ​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​ជា​ថ្មី​ឡើង​វិញ យ៉ាង​យូរ​ចំនួន​ពីរ​ខែ​ទៀត មិន​អនុញ្ញាត​ឲ្យ​ទូរទស្សន៍​នានា​ផ្សាយ​ពាណិជ្ជកម្ម​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2012-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​គេ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) នៅ​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២។

លោក ខៀវ កាញារីទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ជូន​ដំណឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ រួម​មាន វិទ្យុ ទូរទស្សន៍ កាសែត ត្រូវ​អនុវត្ត​សារ​សុវត្ថិភាព​ចរាចរណ៍​ពីរ​ចំណុច​សំខាន់ៗ​គឺ ទី១ រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​តាម​ទូរទស្សន៍ ត្រូវ​ឲ្យ​មាន​ផ្សាយ​ជា​អក្សរ និង​សំឡេង ឲ្យ​មាន​រយៈពេល​យ៉ាង​តិច​បំផុត​ពីរ​វិនាទី។

អក្សរ និង​សំឡេង នៅ​ពេល​ចុង​បញ្ចប់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ ត្រូវ​មាន​បញ្ចាំង​អក្សរ និង​បន្លឺ​សំឡេង​ព្រមៗ​គ្នា គឺ "បើ​ពិសារ​គ្រឿង​ស្រវឹង កុំ​បើកបរ"។ ទី២ ហាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​អូស​ទាញ​លើក​ទឹក​ចិត្ត​យុវជន​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ ឲ្យ​ពិសារ​គ្រឿង​ស្រវឹង តាម​រយៈ​ការ​ផ្ដល់​រង្វាន់​ជា​សាច់​ប្រាក់ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ជាដើម។ លោក ខៀវ កាញារីទ្ធ បាន​ព្រមាន​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​គោរព​ការ​ណែនាំ​របស់​ក្រសួង​នោះ ក្រសួង​នឹង​បិទ​កម្មវិធី​ផ្សព្វផ្សាយ ឬ​អាច​បិទ​ស្ថានីយ​នោះ​តែ​ម្ដង ប្រសិន​បើ​គេ​នៅ​តែ​បំពាន​ការ​ជូន​ដំណឹង​នោះ​ម្ដង​ជា​ពីរ​ដង។

លោក ខៀវ កាញារីទ្ធ បាន​អះអាង​ទៀត​ថា ក្រសួង​ព័ត៌មាន ក៏​នឹង​មាន​ផែនការ​បន្ទាប់​ទៀត គឺ​តម្រូវ​ឲ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំង​អស់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​នានា ឃើញ​តែ​រូបភាព ដោយ​មិន​ឲ្យ​ឮ​សំឡេង​នោះ​ទេ។

អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក​វរសេនីយ៍ត្រី ចេវ ហាក់ បាន​បង្ហាញ​របាយការណ៍​ចំនួន ៨ខែ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១២ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១១ មាន​ការ​ថយ​ចុះ ១៣ករណី។ ប៉ុន្តែ ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ចំនួន ១៩នាក់​ទៅ​វិញ។

គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក។ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ១លាន ៣សែន​នាក់ និង​របួស​ប្រមាណ​ពី ២០​ទៅ ៥០លាន​នាក់ ដែល​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​នោះ​ក៏​មាន​កម្ពុជា ដែរ។

ដោយ​ឡែក របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ របស់​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា បាន​សរសេរ​ថា មាន​ជន​រងគ្រោះ​ជាង ១ម៉ឺន ៦ពាន់​នាក់ ក្នុង​នោះ​ស្លាប់​ជាង ១.៩០០​នាក់ និង​របួស​ធ្ងន់​ជាង ៥ពាន់ ៨រយ​នាក់ គិត​ជា​មធ្យម ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ជាង ៥នាក់ និង​របួស​ធ្ងន់​ជាង ១៦នាក់​ក្នុង​មួយ​ថ្ងៃ។

ទាក់​ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក តូច ចាន់កុសល មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​សេព​គ្រឿង​ស្រវឹង មាន​ចំនួន ១៤% នៃ​អ្នក​ស្លាប់​សរុប ដែល​ក្នុង​នោះ ៦៦% មាន​អាយុ​ពី ១៥​ឆ្នាំ ទៅ ៣៤ឆ្នាំ។ លោក​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បាន​ធ្វើ​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៤៤លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១១។

ម្យ៉ាង​វិញ​ទៀត ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ទាក់ទាញ​អតិថិជន ពិសេស ទៅ​លើ​ក្រុម​យុវជន។ ការ​សេព​គ្រឿង​ស្រវឹង​នេះ ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន។ សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍ បាន​ធ្វើ​ឲ្យ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ជន​រងគ្រោះ គ្រួសារ ព្រម​ទាំង​សង្គម​ជាតិ​ទាំង​មូល គឺ​ចន្លោះ​ពី ១​ទៅ ៣%នៃ​ផល​ទុន​ជាតិ​សរុប។

ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​សរសេរ​ថា ការ​ពិសារ​គ្រឿង​ស្រវឹង ជា​ការ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចម្បង​មួយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍។ នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ អ្នក​បើក​បរ​យានយន្ត​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រមាណ ២០% មាន​កម្រិត​ជាតិ​អាល់កុល​ខ្ពស់​នៅ​ក្នុង​ឈាម។ ចំណែក​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប អ្នក​បើកបរ​យានយន្ត​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចន្លោះ​ពី ៣៣% ទៅ ៦៩% មាន​កម្រិត​ជាតិ​អាល់កុល​ខ្ពស់​នៅ​ក្នុង​ឈាម។

ការ​សិក្សា​ពី​គ្រឿង​ស្រវឹង ជា​កត្តា​បង្ក​ឲ្យ​មាន​ហានិភ័យ​នៅ​លើ​សាកលលោក ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​កើត​ជំងឺ និង​ការ​រង​របួស ជាពិសេស ពិសារ​គ្រឿង​ស្រវឹង​អាច​ញៀន អាច​កើត​ជំងឺ​ក្រិន​ថ្លើម ជំងឺ​មហារីក ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម បង្ក​អំពើ​ហិង្សា ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ និង​ការ​រីក​លូត​លាស់​របស់​ទារក​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

តំណាង​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារិន (Pieter JM Van Maaren) បាន​ពន្យល់​ថា ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន ជា​ការ​អូស​ទាញ​យុវជន​វ័យ​ជំទង់ មនុស្ស​ពេញ​វ័យ តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ ផ្ទាំង​ប៉ាណូ និង​តាម​ការ​ឧបត្ថម្ភ​នៅ​ក្នុង​កម្មវិធី​កម្សាន្ត ឬ​ក៏​ព្រឹត្តិការណ៍​សំខាន់ៗ​នានា ដែល​ជាទូទៅ ការ​ផ្សាយ​នោះ ច្រើន​តែ​បំផ្លើស​ការ​ពិត និង​បំភ័ន្ត​ការ​យល់​ដឹង​របស់​សាធារណជន ដើម្បី​ឲ្យ​ពួក​គេ​ជឿជាក់​ថា ការ​ពិសារ​គ្រឿង​ស្រវឹង គឺ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​ថា ការ​ពិសារ​គ្រឿង​ស្រវឹង ជួយ​បង្កើន​ការ​រាប់​អាន សាមគ្គីភាព មិត្តភាព និង​ភាព​ជា​មនុស្ស​ប្រុស​ពិត​ជាដើម។

លោក​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ទាំង​នោះ មិន​បាន​លើក​ឡើង​ពី​ផល​អវិជ្ជមាន នៃ​គ្រឿង​ស្រវឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់ ដោយ​សារ​ការ​ពិសារ​គ្រឿង​ស្រវឹង បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ជាតិ។

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សង្កត់​ធ្ងន់​ថា ដើម្បី​កាត់​បន្ថយ​អ្នក​ពិសារ​គ្រឿង​ស្រវឹង​បាន​មួយ​កម្រិត​ទៀត​នោះ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ពន្ធ​លើ​គ្រឿង​ស្រវឹង​ទាំង​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយ​តប​ថា រដ្ឋាភិបាល​កំពុង​តែ​គិតគូរ​អំពី​បញ្ហា​នេះ​ជា​បន្ត​បន្ទាប់​ទៀត ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា នៅ​ពេល​ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង​ថែម​ទៀត លោក​ព្រួយ​បារម្ភ​ពី​ការ​ប្រើប្រាស់​ស្រា​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ទៀត។

តំណាង​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារិន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ចេញ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ពីព្រោះ​ថា សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ជា​គោល​បំណង​អភិវឌ្ឍន៍​ដ៏​សំខាន់។

គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ចម្បង ហើយ​ជា​មូលហេតុ​ឈាន​មុខ​នៃ​ការ​ស្លាប់ និង​របួស​ចំពោះ​មនុស្ស​អាយុ ១៥ឆ្នាំ ទៅ ២៥ឆ្នាំ នៅ​លើ​សាកលលោក។ លើស​ពី​នេះ​ទៀត នៅ​លើ​សាកលលោក មាន​ប្រជាពលរដ្ឋ​ប្រមាណ ១លាន ៣សែន​នាក់ មាន​បុរស ស្ត្រី និង​កុមារ បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់​ឆ្នាំ និង​ប្រមាណ ៥០លាន​នាក់ បាន​រង​របួស ដែល​អ្នក​ខ្លះ​ត្រូវ​ពិការ​អស់​មួយ​ជីវិត ដោយ​បន្សល់​នូវ​សោកនាដកម្ម​ដល់​ក្រុម​គ្រួសារ និង​សហគមន៍​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Sothea SOK

ពី Bruxelles Belgique

កុំ​អនុញ្ញាត​អោយផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និងបារី តែ​ម្ដង ទើបល្អ​ លោករដ្ឋមន្ត្រី​ ។

Oct 02, 2012 04:04 PM

អ្នក​អាន​អនាមិក

Not enough,you ought to tell the public about the vendors mix poison to make alcohol beverage stronger such as rice wine add DDT,Henessy add ENDRINE to make quick drunk.Tell about the different between the real and the fake bottle etc...

Oct 02, 2012 10:25 AM