មន្រ្តីខ្មែរបានថ្លែងថា អាជ្ញាធរខែត្របន្ទាយមានជ័យ កំពុងចលនារៃអង្គាសថវិកាពីពលរដ្ឋដើម្បីទិញស្បៀងយកទៅឧបត្ថម្ភកងទ័ពខ្មែរដែលកំពុងឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ។
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលរដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នានៅខែត្រសៀមរាបដើម្បីរកដំណោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារ ។
លោក អ៊ុក កែវរតនៈ នាយរងខុទ្ទកាល័យសាលាខែត្របន្ទាយមានជ័យ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថា មន្ត្រីស្រុក ឃុំ និងភូមិកំពុងធ្វើការរៃអង្គាសថវិកា សម្ភារៈនិងគ្រឿងឧបភោគពីសប្បុរសជនដើម្បីផ្តល់ឲ្យកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។ ចលនានេះ បានចាប់ផ្តើមកាលពីសប្តាហ៍កន្លងទៅនេះ។
លោក អ៊ុក កែវរតនៈ មានប្រសាសន៍ដូច្នេះថា ៖ «រឿងលុយកាក់ មិនចាំបាច់យកទៅទេ សំខាន់សម្ភារៈទេ សម្ភាៈឲ្យបានច្រើន សម្ភារៈណាដែលកម្លាំងកងទ័ពលោកត្រូវការ ព្រោះបញ្ហាឥឡូវនេះ សម្ភារៈចាំបាច់គឺគ្រឿងម្ហូបអាហារ ភួយសម្រាប់ការពារអាកាសធាតុត្រជាក់ ដែលសំខាន់ ជៀសវាងកុំឲ្យជាលុយទាំងដុំយកទៅខ្លាចមិនដល់ដៃកូនចៅថ្នាក់ក្រោម»។
អភិបាលស្រុកថ្មពួក លោក ផាន់ សារឿន បានថ្លែងថា ប្រជាពលរដ្ឋសុទ្ធតែសម្តែងសុច្ឆន្ទៈចង់ជួយឧបត្ថម្ភដល់កងទ័ពដែលកំពុងការពារទឹកដី ៖ «ក្រោយពីដាក់ផែនការហ្នឹងទៅ ឃើញថា គាត់មានឆន្ទៈមួយរយភាគរយ គាត់រីករាយសប្បាយចិត្តនឹងធ្វើចលនាហ្នឹង គឺគាត់សប្បាយចិត្តនឹងទទួលយក ហើយគាត់ជួយតាមលទ្ធភាពរបស់គាត់»។
មន្ត្រីក្រុមប្រឹក្សាឃុំថ្មពួក លោក ដា ឈាន បានថ្លែងថា លោកបានរៃអង្គាសពីប្រជាពលរដ្ឋបានថវិកាមួយចំនួនហើយ ប៉ុន្តែមួយចំនួនកំពុងជាប់រវល់ប្រមូលផលស្រូវ ៖ «ខ្ញុំជាក្រុមប្រឹក្សាផ្ទាល់នៅឃុំថ្មពួក បានធ្វើការរៃអង្គាសបានមួយចំនួនហើយ នៅមួយចំនួនទៀតដែលបងប្អូនប្រជាពលរដ្ឋកំពុងធ្វើការច្រូតកាត់ យើងពុំបានជួបគាត់»។
បើតាមមន្ត្រីខែត្របន្ទាយមានជ័យ ស្បៀងដែលសប្បុរសជនឧបត្ថម្ភដល់កងទ័ពនេះ នឹងចេញដំណើរនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ខាងមុខនេះ ទៅកាន់តំបន់ប្រាសាទព្រះវិហារ។
សម្ភារៈ មានដូចជា មី ត្រីខ ត្រីងៀត ប្រហុក ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្លៀកបំពាក់ ភួយ ថ្នាំផ្តាសាយ ថ្នំាគ្រុនចាញ់។
ទោះជាយ៉ាងនេះក្ដី មន្ត្រីខែត្របន្ទាយមានជ័យ មិនអាចបញ្ជាក់ពីចំនួនសរុបជាក់លាក់បានទេ ចំពោះអំណោយសប្បុរសធម៌ទាំងនេះ ពីព្រោះសកម្មភាពរៃអង្គាសកំពុងតែធ្វើ។
មេបញ្ជាការកងពលអន្តរាគមន៍លេខ១២ ប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ ស្រី ឌឹក បានថ្លែងថា កងទ័ពទាំងអស់បានស្វាគមន៍អំណោយសប្បុរសធម៌ដែលបានឧបត្ថម្ភជាបន្តបន្ទាប់ដល់កងទ័ព ៖ «ចេះតែស្វាគមន៍ ចេះតែទទួលហើយ នេះជាការភ្ញាក់រឭករបស់បងប្អូនមហាជន ប្រជាជន ជាការត្រេកអរម្យ៉ាងដែរ»។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរខែត្របន្ទាយមានជ័យ គ្រោងនាំយកអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋផ្តល់ឲ្យកងទ័ព។ ហើយកាលពីលើកទី១ បានផ្តល់ឲ្យកងទ័ពនៅតំបន់ប្រាសាទព្រះវិហារនិងកងទ័ពនៅប្រាសាទតាមាន់ក្នុងខែត្រឧត្តរមានជ័យ ដែលសរុបទឹកប្រាក់ទាំងអស់ជាង ១០០លានរៀល៕
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.