លោក ម៉ី ឆេងលី ប៉ូលិសស្រុកបានប្រាប់ទីភ្នាក់ងារ អា.អេហ្វ.ប៉េ តាមទូរស័ព្ទថា ព្រះសង្ឃខ្មែរ១អង្គដែលមានព្រះជន្ម ១៧វស្សា បើតាមច្បាប់ខ្មែរនៅជាអនីតិជននៅឡើយនោះ ទើបតែបួសបានមួយខែប៉ុណ្ណោះ បានត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទចោទប្រកាន់ពីអ្នកទេសចរអង់គ្លេសដែលមានអាយុ៣៩ឆ្នាំថា សង្ឃអង្គនោះបានចាប់រំលោភអ្នកស្រី ក្នុងខណៈដែលខ្លួនជាមគ្គុទ្ទេសក៍នាំផ្លូវអ្នកស្រីចូលទៅទស្សនាក្នុងល្អាងភ្នំសំពៅ។
លោក ម៉ី ឆេងលី បានមានប្រសាសន៍ទៀតថា សង្ឃអង្គនោះត្រូវគេផ្សឹកភ្លាម ហើយប៉ូលិសបានបំពេញសំណុំរឿងអស់ហើយ ហើយបើតុលាការរកទៅឃើញថា មានការប្រព្រឹត្តបទរំលោភផ្លូវភេទនេះមែន ជនសង្ស័យអាចនេះនឹងជាប់គុករហូតដល់ទៅ ២៥ឆ្នាំ៕
