ទីណាដែលប្រជាពលរដ្ឋមានការរីកចម្រើន គឺទីនោះសាសនាក៏រីកចម្រើនដូចគ្នាដែរ។ នៅស្រុកពួក របស់ខេត្តសៀមរាប មានទីអារាមមួយនៅក្នុងបឹងទន្លេសាប គឺមានព្រះវិហារដ៏ធំស្កឹមស្កៃ ក៏ប៉ុន្តែក្នុងវត្តបែរជាស្ងាត់ជ្រងំ ដោយមានព្រះសង្ឃចំនួនតែ ២អង្គគង់នៅប៉ុណ្ណោះ។
តើមូលហេតុអ្វីបានជាទីវត្តដ៏ធំមួយនេះ មិនមានព្រះសង្ឃជាច្រើនគង់នៅ?
វត្តសុវណ្ណសាគរពោធិមាស ហៅវត្តមេជ្រៃ គឺជាទីអារាមមួយដែលសង់ឡើងនៅលើដីកោះមួយកន្លែង នាភូមិបណ្ដែតទឹក (ពាមតាអ៊ួ) ឃុំកែវពណ៌ ក្នុងបឹងទន្លេសាបភាគខាងត្បូង ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីទីរួមស្រុកពួក។
ទីអារាមនោះ បច្ចុប្បន្នមានសភាពស្ងាត់ជ្រងំ ដោយមានព្រះសង្ឃគង់នៅតែពីរអង្គ ហើយមិនមានចង្ហាន់គ្រប់គ្រាន់ដូចទីអារាមដទៃទៀតដែលនៅលើដីគោកទេ។ អារាមនោះ ហាក់ដូចជាកណ្ដោចកណ្ដែង គឺនៅពេលយប់មិនមានអ្នកណាផ្សេងក្រៅពីព្រះសង្ឃ១អង្គ ដែលមានវ័យចំណាស់ និងសាមណេរតូចមួយអង្គ ដែលលោកគ្រូទើបតែបំបួស ដើម្បីគ្រាន់បានជាគ្នានោះទេ។
ព្រះភិក្ខុ ភោគ ភិន ដែលមានព្រះជន្ម ៥៦ព្រះវស្សា ព្រះអង្គបានមានព្រះថេរដីកាថា កាលដើមឡើយ ព្រះអង្គបានគង់នៅវត្តឯអង្គរធំ ឯណោះ។ ព្រះអង្គទើបតែនិមន្តទៅគង់នៅវត្តសុវណ្ណសាគរ ហៅវត្តមេជ្រៃ នេះបាន ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីទីវត្តនេះអត់មានព្រះសង្ឃគង់នៅ។ ព្រះភិក្ខុដដែលបានបញ្ជាក់ថា ព្រះអង្គគង់នៅក្នុងទីវត្តនេះ គឺប្រឈមមុខនឹងការខ្វះខាតចង្ហាន់ និងហាក់ដូចជាកណ្ដោចកណ្ដែង។
ព្រះភិក្ខុ ភោគ ភិន៖ «គ្មានអ្នកណានៅទេក្មួយអើយ! យប់ឡើងក៏ស្ងាត់ដូចយើងតាំងសមាធិ ឮតែមាត់សត្វពព្លាក់ពព្លាយំ កុក ក្រេវអឺងកងទៅ ខ្វែក រនាលក្រសារហើរកាត់ទៅ ក៏ចេះតែរំពឹងនៅក្នុងគុណធម៌។ មកនៅគង់ទីនេះ បងប្អូនញាតិញោមពុទ្ធបរិស័ទ ក៏មិនសូវបានអញ្ជើញមក ចង្ហាន់រាល់ព្រឹកដែរ បានតែដាំខ្លួនឯង។ ថ្ងៃណាទៅក៏បានចង្ហាន់ទៅ អំបិលក្ដាប់ខ្លះ ហូបម្ជូរខ្លះទៅ ត្រកួន ព្រលិតអី ចេះតែឆាន់ៗទៅឱ្យតែធ្ងន់ពោះ ដើម្បីចម្រើនធម៌ភាវនាដល់អ្នកមានបុណ្យអ្នកមានសីលទាំងអស់គ្នាទៅ»។
ព្រះភិក្ខុ ភោគ ភិន បានមានព្រះថេរដីកាថា កាលពីជាង ២ឆ្នាំមុន ព្រះអង្គបានគង់នៅក្នុងទីអារាមនោះតែមួយអង្គឯង ក៏ប៉ុន្តែកាលពីចេញព្រះវស្សាឆ្នាំនេះ ព្រះអង្គបានបំបួសសាមណេរមួយអង្គដែលជាកូនអ្នកភូមិនោះគ្រាន់បានជាគ្នា ដូចជានៅពេលយប់មានសុខភាពមិនស្រួល គ្រាន់បានកោស ឬជប់ខ្យល់ឱ្យគ្នាជាដើម។
កាលពី ៤-៥ឆ្នាំមុន ទីអារាមនោះមានព្រះសង្ឃគង់នៅប្រមាណជា ៥អង្គដែរ ក៏ប៉ុន្តែជាបន្តបន្ទាប់ ព្រះសង្ឃខ្លះបាននិមន្តចាកចេញទៅគង់នៅវត្តផ្សេង ចំណែកឯព្រះគ្រូចៅអធិការដែលជាអ្នកកសាងវត្តនោះ ក៏បានលាចាកសិក្ខាបទ។
ព្រះសង្ឃដែលគង់នៅវត្តមេជ្រៃ គឺសង្ឃឹមទៅលើចង្ហាន់របស់អ្នកភូមិបណ្ដែតទឹក ក៏ប៉ុន្តែក្តីសង្ឃឹម គឺមិនទាំងស្រុងទេ ដោយសារតែអ្នកភូមិទីនោះចល័តទៅតាមទឹក។ ក្នុងរដូវប្រាំង នៅពេលដែលទឹកទន្លេសាបស្រកចុះ គឺអ្នកភូមិបាននាំគ្នាផ្លាស់លំនៅទៅក្នុងបឹងទន្លេសាប ទុកឱ្យទីអារាម និងព្រះសង្ឃ ដែលគង់នៅលើកោះកណ្ដោចកណ្ដែង។ រយៈពេលពី ៦ទៅ ៨ខែ នៅពេលដែលទឹកទន្លេសាប ឡើងខ្លាំង ទើបគេឃើញវត្តមានអ្នកភូមិបានផ្លាស់លំនៅមកក្បែរទីវត្តវិញ។
នៅរដូវប្រាំង គឺមានអ្នកទេសចរខ្លះ និងអ្នកពីខេត្តសៀមរាប ខ្លះដែលបានទៅដល់ទីនោះ ហើយគេតែងប្រគេនជាបច្ច័យ ឬក៏ស្បៀងតិចតួចសម្រាប់ព្រះសង្ឃអាចទុកធ្វើចង្ហាន់។
លោក រឿន ខាន ជានាយកសាលាបឋមសិក្សា ក្នុងភូមិបណ្ដែតទឹក ពាមតាអ៊ួ បានមានប្រសាសន៍ថា ព្រះសង្ឃដែលគង់នៅក្នុងទីវត្តមេជ្រៃ គឺមានការខ្វះចង្ហាន់ ដោយសារតែប្រជាពលរដ្ឋទីនោះភាគច្រើន គឺជាអ្នកនេសាទ មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើចង្ហាន់មកប្រគេនញឹកញាប់ និងម្យ៉ាងទៀត ពួកគេរវល់តែចេញទៅនេសាទត្រី ដើម្បីរកកម្រៃចិញ្ចឹមជីវិត៖ «បើរៀងរាល់ថ្ងៃសីលអី មានចាស់ៗគាត់ទៅសុំសីលនៅវត្តហ្នឹង។ សង្ឃឹមតែថ្ងៃសីល ថ្ងៃ៨ តែមួយថ្ងៃហ្នឹង ចាស់ៗដែលទៅក៏មិនច្រើន ជួនកាល ៤-១០នាក់ប៉ុណ្ណឹងឯងទៅ។ ចំណែកឯថ្ងៃផ្សេងរដូវនេះ គាត់រកត្រីរកអីផង គាត់មិនសូវទៅទេដឹង ព្រោះរវល់គ្រប់គ្នា។ មានឆ្នាំខ្លះ ខ្ញុំឃើញគាត់ជិះកាណូត ជិះទូកអី ដើម្បីបិណ្ឌបាតតាមផ្ទះ»។
ចំណែកលោក វ៉ៃ អឿត អតីតជំទប់ទី១ ឃុំកែវពណ៌ បានមានប្រសាសន៍ថា នៅភូមិបណ្ដែតទឹកពាមតាអ៊ួ គឺមានប្រជាពលរដ្ឋរស់នៅចំនួនជាង ២០០គ្រួសារ។ ក៏ប៉ុន្តែ អ្នកភូមិភាគច្រើន គឺមានជីវភាពក្រីក្រ ដូច្នេះមិនសូវសម្បូរចង្ហាន់យកទៅប្រគេនព្រះសង្ឃទេ។ បញ្ហាម្យ៉ាងទៀត ជារៀងរាល់ឆ្នាំនៅរដូវប្រាំង គឺអ្នកភូមិតែងចល័តទៅរស់នៅតាមទឹកឆ្ងាយពីទីវត្តនោះ ធ្វើឱ្យព្រះសង្ឃដែលគង់នៅវត្ត មិនមានទូក កាណូតផង ក៏ជួបបញ្ហាខ្វះចង្ហាន់។
បើទោះបីជាប្រជាពលរដ្ឋរស់នៅភូមិបណ្ដែតទឹកពាមតាអ៊ួ មានចំនួនជាង ២០០គ្រួសារក៏ដោយ ក៏គេសម្គាល់ឃើញថា អ្នកភូមិទីនោះដូចជាមិនសូវធ្វើបុណ្យទាន ឬក៏មង្គលការ ដោយនិមន្តព្រះសង្ឃទៅសូត្រធម៌ ប្រោះព្រំ និងបានបច្ច័យ សម្រាប់ចាត់ចែងចង្ហាន់ជាប្រចាំបានទេ។
មន្ត្រីមន្ទីរធម្មការ និងសាសនា ក្នុងខេត្តសៀមរាប បានបញ្ជាក់ថា គេពុំធ្លាប់បានទទួលព័ត៌មានពីព្រះសង្ឃដែលគង់នៅទីនោះ ជុំវិញបញ្ហាមិនមានចង្ហាន់គ្រប់គ្រាន់នោះទេ។
លោក វណ្ណ ប៊ុនណា ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានមានប្រសាសន៍ថា តាមគោលការណ៍របស់ក្រសួង គឺការអនុញ្ញាតឱ្យបង្កើតចេញជាទីអារាមមួយបាន តម្រូវឱ្យមានលក្ខខណ្ឌចំនួន ៥យ៉ាង ដូចជា ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សង្គម ដោយប្រជាពលរដ្ឋរស់នៅទីនោះមានជីវភាពធូរធារ ទីនោះអនាគតអាចអភិវឌ្ឍក្លាយទៅជាទីប្រជុំជន និងបញ្ហាវត្តដែលនៅឆ្ងាយពីគ្នា ធ្វើឱ្យអ្នកភូមិពិបាកធ្វើបុណ្យទានជាដើម ទើបអនុញ្ញាតឱ្យបង្កើតជាទីវត្តបាន។ មន្ត្រីដដែលបានបញ្ជាក់ថា បើទោះបីជាយ៉ាងណាក៏ដោយ វត្តមេជ្រៃ ដែលបង្កើតបានព្រះវិហារស្កឹមស្កៃ និងជាទីអារាមធំដុំទៅហើយនោះ គឺលោកនឹងប្រឹងប្រែងបំផុសឱ្យប្រជាពលរដ្ឋជួយជ្រោមជ្រែងដល់វត្តឡើងវិញ ដើម្បីឱ្យមានព្រះសង្ឃទៅគង់នៅកាន់តែច្រើន កុំឱ្យអារាមនោះឈានទៅរកការបោះបង់ចោល។
លោក វណ្ណ ប៊ុនណា៖ «ប្រជាពលរដ្ឋយើងនៅកម្ពុជា ហ្នឹង មានរហូតដល់ ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា។ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ វាផ្សារភ្ជាប់ទៅនឹងជំនឿសាសនាហ្នឹងឯង។ អីចឹងទីណាដែលរីកចម្រើន សាសនានៅទីនោះក៏រីកចម្រើនដែរ។ អីចឹង ដូចករណីវត្តនេះ គឺយើងទាក់ទងទៅនឹងមន្ត្រីសង្ឃ ក៏ដូចជាអាជ្ញាធរបំផុសឱ្យប្រជាពលរដ្ឋ គឺថាជួយជ្រោមជ្រែងដល់វត្តនោះឡើងវិញ ប៉ុន្តែត្រង់ថាលទ្ធភាពធ្វើបានប៉ុណ្ណា គឺជារឿងមួយដែលយើងនឹងខិតខំទាំងអស់គ្នា»។
ព្រះវិហារវត្តសុវណ្ណសាគរ ហៅមេជ្រៃ បានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០០៣។ ទេសភាពវត្តមេជ្រៃ បានទាក់ទាញភ្ញៀវទេសចរបរទេសមួយចំនួនឱ្យទៅទស្សនានៅរដូវវស្សា ដោយសារតែនៅពេលទឹកឡើង គេមើលឃើញទីវត្តអារាមដែលនៅលើទួលនោះ ហាក់ដូចជាប្រាសាទមួយដែលផុសចេញកណ្ដាលផ្ទៃទឹកដូច្នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
