ព្រះតេជគុណ យឿង ស៊ិន ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា បានមានថេរដីកាថា រហូតមកទល់ពេលនេះ នៅតែមិនមានភស្តុតាងណាមួយថា លោក ទឹម សាខន ត្រូវបានដោះលែងឡើយ ។
ព្រះតេជគុណ យឿង ស៊ិន មានថេរដីកាថា ៖ «អាត្មា សូមជម្រាបថា អស់លោកកុំជឿអ្វីដែលកុម្មុយនីស្តនិយាយនោះ កុំជឿអ្វីដែលយួននិយាយនោះ វាគ្មានទេ នេះគ្រាន់តែជាល្បិចទេ ។ គេធ្វើល្បិច គេទូរស័ព្ទ ឬគេឲ្យមនុស្សមកតាមគ្រួសារលោក ទឹម សាខន នៅភ្នំដិន នេះ ឲ្យយកអាវខោទៅ គេលេង ទឹម សាខន ឲ្យមកផ្ទះហើយ ដល់ក្រុមគ្រួសារយកខោអាវទៅ គេថា គេនាំទៅដើរទេសចរណ៍ទៅព្រៃនគរហើយ ហើយបើមិនជឿសួរទៅតាមទូរស័ព្ទ ដល់តែសួរទៅគេថា គេនាំទៅហាណូយហើយ គណៈប្រតិភូជូនទៅហាណូយហើយ ។ មានទាំងរដ្ឋាភិបាល មាននគរបាល និងតំណាងរាស្ត្រ ជូនទៅ ។ អាត្មាសួរថា ឋានៈរបស់ ទឹម សាខន វាប៉ុណ្ណា» ។
រីឯលោក អាង ច័ន្ទឫទ្ធិ នាយកប្រតិបត្តិនៃអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស បានមានប្រសាសន៍ដែរថា ព័ត៌មាននៃការដោះលែងលោក ទឹម សាខន នោះ អាចគ្រាន់តែជាការបំភាន់របស់អាជ្ញាធរវៀតណាមតែប៉ុណ្ណោះ ។
លោក អាង ច័ន្ទឫទ្ធិ មានប្រសាសន៍ថា ៖ «ព្រោះថា វៀតណាមធ្លាប់បានបញ្ចេញព័ត៌មានមិនពិតហ្នឹងជាច្រើនលើកមកហើយ ហើយលើកនេះ ថាជាលើកចុងក្រោយ យើងឮថា ដោះលែងគាត់ [ទឹម សាខន] និងនាំគាត់មកដោយអមដោយនគរបាល មកជួបជាមួយប្រជាជនខ្មែរក្រោមនៅប្រទេសវៀតណាម ប៉ុន្តែមិនអាចឲ្យសាច់ញាតិរបស់គាត់ ប្អូនស្រីរបស់គាត់ដែលទៅពីប្រទេសកម្ពុជា បានជួបទេ ។ គេបញ្ជូនទៅភ្លាមៗ ថាទៅទស្សនកិច្ច» ។
គួរបញ្ជាក់ថា ដំណឹងស្តីពីការដោះលែងលោក ទឹម សាខន នេះ កើតមានឡើង បន្ទាប់ពីក្រុមញាតិអតីតព្រះគ្រូចៅអធិការវត្តភ្នំដិនរូបនេះ បានឲ្យដឹងថា លោក ទឹម សាខន ត្រូវបានអាជ្ញាធរវៀតណាមដោះលែងចេញពីការឃុំឃាំងតាំងពីថ្ងៃច័ន្ទ ៣០ មិថុនាម្ល៉េះ ប៉ុន្តែត្រូវអាជ្ញាធរយៀកណាមនាំដើរទេសចរណ៍ រយៈពេលមួយខែសិន ។
អ្នកនាំពាក្យរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា លោក ទ្រីង បាកាំ ធ្លាប់បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា លោកគ្រាន់តែដឹងថា លោក ទឹម សាខន ត្រូវតុលាការវៀតណាមបានកាត់ទោសសម្រេចឲ្យចេញពីគុកហើយ ប៉ុន្តែលោកមិនបានដឹងថា លោក ទឹម សាខន នៅទីណាទេនៅពេលនេះ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សទាំងក្នុងនិងក្រៅប្រទេស បានចេញសេចក្តីប្រកាសឲ្យអាជ្ញាធរវៀតណាមផ្តល់សិទ្ធិពេញលេញទៅឲ្យអតីតព្រះសង្ឃ ទឹម សាខន ដែលអាជ្ញាធរវៀតណាមអះអាងថា បានដោះលែងកាលពីពេលថ្មីៗនេះ ដើម្បីឲ្យ លោក ទឹម សាខន អាចធ្វើដំណើរនិងជួបជុំសាច់ញាតិដោយឯកជន និងមានសេរីភាពពេញលេញ ត្រឡប់មកកម្ពុជាវិញ ៕
