ប្រតិកម្ម​នឹង​ការ​បណ្ដេញ​ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត

ការ​ប៉ះ​ទង្គិច​ជា​មួយ​រដ្ឋ​អំណាច​ក្នុង​ការ​បញ្ចេញ​មតិ​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ បាន​នាំ​ទៅ​ដល់​ការ​បណ្ដេញ​ព្រះ​សង្ឃ​មួយ​អង្គ គឺ​ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត។

0:00 / 0:00

តំណាង​សហគមន៍​៦ នៅ​ភូមិ​តាពែន ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប បាន​ជួប​ជុំ​គ្នា​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ ស្ដីពី​ភាព​អវិជ្ជមាន​នៃ​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​សុក្រ ទី​២ កញ្ញា។ ក្នុង​នោះ​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត ៤០០​នាក់ រួម​ទាំង​អង្គការ​ជាតិ និង​អន្តរ​ជាតិ​ចូល​រួម​ផង​ដែរ។ ការ​ជួប​ជុំ​គ្នា​នេះ គឺ​ទាមទារ​រក​ដំណោះ​ស្រាយ​ដល់​ជន​រង​គ្រោះ​ពី​ការ​បាត់​បង់​ដី​ជាង ៣​ម៉ឺន​ហិកតារ និង​ដែល​រង​ប៉ះពាល់​ដល់​គ្រួសារ​ជិត​១០០។ ព្រះ​អង្គ លួន សុវ៉ាត ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ការ​គំរាម​ពី​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ។

សេចក្ដី​ថ្លែង​ការណ៍​មាន ៤​ចំណុច។ ផ្ដោត​ទៅ​លើ​ចំណុច​ទី​៤ នៃ​សេចក្ដី​ថ្លែង​ការណ៍ បាន​អំពាវនាវ​សុំ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ជួយ​អន្តរាគមន៍​ដល់​សម្ដេច​ព្រះ​មេគុណ​រាជ​ធានី​ភ្នំពេញ នន្ទ ង៉ែត្រ និង​ប្រធាន​ថេរសភា ជា​ព្រះ​មេគុណ​ខេត្ត​សៀមរាប ពេជ្រ សន​នុប សុំ​ឲ្យ​លុប​សង្ឃ​ប្រកាស​ហាម​ព្រះ​ភិក្ខុ​សង្ឃ លួន សុវ៉ាត ឲ្យ​ស្នាក់​នៅ​តាម​បណ្ដា​វត្ត​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​ព្រះអង្គ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ ក្នុង​ការ​បន្ត​ការ​ចូល​រួម​ការ​លើក​ស្ទួយ​ជួយ​ជាតិ សាសនា និង​សិទ្ធិ​មនុស្ស​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

គ្រួសារ​សហគមន៍​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ជាង ១​ពាន់​គ្រួសារ ដែល​ចូល​រួម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ ហើយ​ក៏​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ស្រែ និង​លំនៅឋាន​ក្នុង​ខេត្ត​សៀមរាប​នោះ លោក ដូង ឌឿង សម្ដែង​ការ​គាំទ្រ​ព្រះ​ភិក្ខុ លួន សុវ៉ាត ថា​ព្រះ​អង្គ​បាន​ជួយ​ការ​ពារ​ក្រុម​សហគមន៍​ខ្មែរ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ មិន​មាន​ធ្វើ​អ្វី​ខុស​ឆ្គង​នឹង​សាសនា​ឡើយ ៖ "ទស្សនៈ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ថា លោក​តស៊ូ​នេះ​គ្មាន​អ្វី​ខុស​ប្រាស​ចាក​ពី​ច្បាប់​រដ្ឋ​ទេ ដោយ​សារ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ ការ​បណ្ដេញ​ចេញ​នេះ​អត់​បាន​ពិចារណា​ថា​តើ​ប្រជា​ជន​ខ្មែរ​នេះ មាន​ទុក្ខ​លំបាក​យ៉ាង​ណា ហើយ​ប្រជា​ជន​ហើយ​លោក​ធ្វើ​នេះ​គ្មាន​ខុស​អី​ទេ ព្រោះ​ព្រះ​សង្ឃ​នេះ​វា​កើត​ចេញ​ពី​ប្រជា​ពល​រដ្ឋ ដូច្នេះ​លោក​ឃើញ​ប្រជា​ពល​រដ្ឋ លោក​ត្រូវ​តែ​ជួយ​គ្នា​ថា​ទោះ​ធ្វើ​ម៉េច​ឲ្យ​ព្រះ​តេជ​ព្រះ​គុណ​ក្ដាប់​ប្រទេស​ហ្នឹង ពិចារណា​ឲ្យ​មែន​ទែន ព្រោះ​លោក​អត់​មាន​ធ្វើ​អ្វី​ខុស​ពី​ប្រទេស​ទេ បណ្ដេញ​លោក​ចេញ​ខ្ញុំ​សោក​ស្ដាយ​ណាស់​ខ្មែរ​យើង"

ព្រះ​តេជ​ព្រះ​គុណ លួន សាវ៉ាត កាល​ពី​​ថ្ងៃ​​​ទី​​១៩ ខែ​សីហា​កន្លង​ទៅ​នេះ​ ​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​​​ខេត្ត​​សៀម​​រាប​ បាន​ចេញ​លិខិត​​សង្ឃ​​​​​សម្រេច​ដោយ​ថេរ​សភា​សង្ឃ​នៃ​ខេត្ត​សៀម​​​រាប​ហាម​ជា​​ដាច់​ខាត​​ដល់​​គ្រប់​​​វត្ត​នៅ​ទូទាំង​ខេត្ត​សៀមរាប មិន​អនុញ្ញាត​​​ឲ្យ​​​ព្រះអង្គ​​​ គង់​​នៅ​ទីវត្ត​​នោះ​​​ទេ បន្ទាប់​ពី​សម្ដេច​សង្ឃ​នាយក នន្ទ ង៉ែត កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​ បាន​​​ចេញ​សង្ឃ​ដីកា​​​បម្រាម​​​​ដល់​​គ្រប់​​​ទី​វត្ត​អារាម​ក្នុង​រាជ​ធានី​​ភ្នំពេញ​ ​មិន​អនុញ្ញាត​ឲ្យ​​ព្រះ​សង្ឃ​​​​​អង្គ​នេះ​គង់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ។

ព្រះ​អង្គ លួន សុវ៉ាត មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ព្រះ​អង្គ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​សង្ឃ​ទេ ៖ "ការ​ចោទ​ប្រកាន់​ការ​ហាម​ប្រាម​ហ្នឹង គឺ​វា​ខុស​ទៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទាំង​ស្រុង​តែ​ម្ដង ហើយ​មិន​មែន​ជា​សង្ឃ​សម្រេច​ប្រកាស​ទេ ជា​បុគ្គល​ប្រកាស អំណាច​ប្រកាស ឬ​ក៏​ផ្ដាច់​ការ​ប្រកាស… មិន​មែន​ជា​សេចក្ដី​ប្រកាស​របស់​សង្ឃ​ទេ អាត្មា​បដិសេធ​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត... ក្នុង​ព្រះ​សង្ឃ​ទូទៅ​ជាង ៦​ម៉ឺន​អង្គ​ក្នុង​ប្រទេស​កម្ពុជា ក៏​លោក​មិន​ឯកភាព​ដែរ លោក​មិន​ឯកភាព​មិន​គាំទ្រ​នូវ​សង្ឃ​សម្រេច​នោះ​ទេ មិន​មែន​ជា​សង្ឃ​សម្រេច"

តប​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ក្នុង​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ថា​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​សង្ឃ​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ទូល​សួរ​ទៅ​កាន់​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ហុក​ សុវណ្ណ គង់​នៅ​វត្ត​ខ្មែរ​កាណាដា ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា​ប្រតិកម្ម​របស់​អាជ្ញាធរ​ខ្មែរ​ដែល​បាន​ប្រើ​ស្លាក​មន្ត្រី​សង្ឃ​ចោទ​ព្រះ​អង្គ លួន សុវ៉ាត នេះ គឺ​ខុស​ហើយ សកម្ម​ភាព​របស់​ព្រះ​អង្គ​មិន​បាន​ធ្វើ​នយោបាយ​អ្វី​ទេ សកម្មភាព​នេះ​ជា​ផ្លូវ​មនុស្សធម៌ ភ្ជាប់​នឹង​បញ្ហា​សង្គម។ ការ​ជួយ​សង្គ្រោះ​ មនុស្ស​តាម​ផ្នែក​សង្គម​កិច្ច និង​វប្បធម៌ វា​ជា​ការ​ត្រឹម​ត្រូវ​តាម​ព្រះ​ពុទ្ធ​សាសនា ៖ "សកម្ម​ភាព​នេះ​ស្រប​នឹង​រាជ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​នេះ ដែល​លើក​តម្កើង​សិទ្ធិ​មនុស្ស និង​កម្ចាត់​អំពើ​ពុក​រលួយ រៀប​ចំ​តុលាការ​ឲ្យ​មាន​យុត្តិធម៌ និង​ការ​ពារ​ព្រៃ​ឈើ​ក្នុង​ន័យ​នេះ​បើ​ព្រះ​អង្គ លួន សាវ៉ាត គាំទ្រ​ឲ្យ​គេ​កាប់​ព្រៃ​ឈើ គាំទ្រ​ឲ្យ​គេ​កេង​ប្រវ័ញ្ច​ដីធ្លី​ពី​ប្រជា​ពល​រដ្ឋ ទើប​លោក​ខុស​វិន័យ ទើប​លោក​ខុស​នឹង​រាជ​រដ្ឋាភិបាល ចុះ​បើ​លោក​ដើរ​ស្រប​តាម​រាជ​រដ្ឋាភិបាល​គួរ​ជំរុញ និង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​បន្ត​ធ្វើ​សកម្ម​ភាព​នេះ"

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​មិន​ត្រូវ​ទៅ​គាំទ្រ​មន្ត្រី​ខិល​ខូច​ថ្នាក់​ក្រោម​ដេញ​លោក​ចេញ​ពី​វត្ត​ឡើយ ហើយ​ព្រះ​សង្ឃ​ទាំង​អស់​គួរ​តែ​ពិចារណា មិន​ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​មិន​ត្រឹម​ត្រូវ​នោះ​ទេ ៖ "ចំពោះ​មន្ត្រី​សង្ឃ​មុន​នឹង​សម្រេច​អ្វី​គួរ​តែ​ពិចារណា​ហ្មត់ចត់ ព្រោះ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ពិភព​លោក​គេ​ឃ្លាំ​ចាំ​មើល បើ​សម្រេច​ចិត្ត​ខុស​នឹង​ខូច​កិត្តិយស​ព្រះ​សង្ឃ​ខ្មែរ បើ​មន្ត្រី​សង្ឃ​ចេញ​សារាចរ​ដេញ​លោក បាន​ន័យ​ថា​មន្ត្រី​សង្ឃ​គាំទ្រ​ឲ្យ​គេ​កាប់​ព្រៃ​ឈើ គាំទ្រ​អំពើ​ពុក​រលួយ បើ​ត្រឹម​តែ​ធ្វើ​តាម​បញ្ជា​របៀប​ហៃ​អើ ពុំ​បាន​ពិចារណា​ក្នុង​សង្ឃ​គ្នា​ឯង​ឲ្យ​មាន​ភាព​ឯក​រាជ្យ នឹង​រឹត​តែ​ខុស​ឆ្គង​ទៅ​ទៀត នេះ​ជា​អំពើ​បាប​ខុស​នឹង​ព្រះ​វិន័យ មួយ​ទៀត​កុំ​ដេញ​ពួក​និស្សិត​ឲ្យ​ចេញ​ពី​វត្ត ព្រោះ​ពូក​និស្សិត​ទាំង​នោះ​ពុំ​ដឹង​អី​ទេ"

លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ឯករាជ្យ​ពី​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​ការ​ហាម​ឃាត់​នេះ​ថា សកម្ម​ភាព​ព្រះ​សង្ឃ​ជួយ​ដល់​អ្នក​ស្រុក​មាន​ទុក្ខ​លំបាក​នេះ មិន​ទាស់​អី​នឹង​ធម៌​ព្រះ​ពុទ្ធ​ទេ ៖ "សកម្ម​ភាព​ដែល​ព្រះ​សង្ឃ​ដែល​ជួយ​ដល់​អ្នក​ស្រុក​មាន​ការ​ទុក្ខ​លំបាក​អី​ហ្នឹង ដូច​ជា​មិន​ទាស់​ទៅ​នឹង​ធម៌​ព្រះ​ពុទ្ធ​ទេ សង្ឃ​ឯ​ទៀត​ហ្នឹង គួរ​តែ​ជួយ​ប្រជា​ពល​រដ្ឋ​មាន​ការ​លំបាក ជួយ​ដឹក​នាំ​គ្នា ជួយ​ការ​ពារ​គ្នា ជា​មាគ៌ា​របស់​ព្រះ​ពោធិសត្វ តាម​ខ្ញុំ​ដឹង ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ មាន​ពាក្យ​ស្លោក​មួយ​ថា សេចក្ដី​ទុក្ខ​របស់​រាស្ត្រ​ជា​សេចក្ដី​ទុក្ខ​របស់​ស្ដេច។ ព្រះ​ពុទ្ធ​សាសនា​មិន​មែន​គិត​តែ​ពី​ធម៌អាថ៌​ឡើង​ទៅ​ឋាន​និព្វាន​ប៉ុណ្ណឹង​ទេ ជួយ​ដល់​អ្នក​ឯ​ទៀត​ៗ​ផង ដែល​គេ​មាន​ការ​ទុក្ខ​លំបាក​ហ្នឹង។ ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រស្រ័យ​ទាក់​ទង​ហ្នឹង តាម​ខ្ញុំ​ដឹង តាម​ធម៌​ព្រះ​ពុទ្ធ​ដូច​ជា​អត់​មាន​អ៊ីចឹង​ទេ។ ហើយ​ព្រះ​សង្ឃ​ឯ​ទៀត​គួរ​ធ្វើ​តាម​ព្រះ​សង្ឃ លួន សាវ៉ាត អ៊ីចឹង​ទៅ អា​នេះ​ល្អ។ សម្រាប់​ព្រះ​ពុទ្ធ​សាសនា​គឺ​រឹងមាំ។ បើ​ទៅ​ឋាន​និព្វាន​ម្នាក់​ឯង ជួយ​រំដោះ​ទុក្ខ​ដល់​រាស្ត្រ"

ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត តែង​តែ​ចូល​រួម​ក្នុង​សកម្ម​ភាព​តវ៉ា​ផ្សេងៗ របស់​សហគមន៍ និង​ប្រជា​ជន​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដីធ្លី និង​លំនៅឋាន។ ហើយ​ថ្មីៗ​នេះ​ដែរ សកម្ម​ជន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​បាន​ឲ្យ​ដឹង​ថា ការ​គំរាម និង​ការ​បិទ​សិទ្ធិ​ព្រះ​អង្គ លួន សុវ៉ាត មិន​ឲ្យ​បញ្ចេញ​មតិ គឺ​រំលោភ​សិទ្ធិ​របស់​ព្រះ​អង្គ ដែល​ការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ។

អាជ្ញាធរ​ក៏​បាន​បន្ត​គំរាម​បណ្ដេញ​និស្សិត និង​អ្នក​ស្នាក់​នៅ​ក្នុង​កុដិ​របស់​សកម្ម​ជន​សង្ឃ លួន សុវ៉ាត ក្នុង​វត្ត​ឧណ្ណាលោម និង​ចង់​ដក​ហូត​រុះរើ​កុដិ​ព្រះ​អង្គ​ទៀត​ផង បន្ទាប់​ពី​ព្រះ​អង្គ​បាន​ទទួល​លិខិត​ព្រមាន​ពី​អាជ្ញាធរ​មិន​ឲ្យ​ព្រះ​អង្គ​ស្នាក់​នៅ​ក្នុង​វត្ត​ក្នុង​ខេត្ត​សៀមរាប៕