ជម្លោះរវាងព្រះចៅអធិការ និងព្រះសង្ឃពីរអង្គ ដែលកំពុងគង់នៅវត្តប្រជាធម្ម ស្ថិតនៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែអធិករណ៍ក្នុងវត្តនេះនៅពុំទាន់បានដោះស្រាយបញ្ចប់នៅឡើយ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ មានព្រះសង្ឃជាច្រើនអង្គ បានចូលទៅក្នុងកុដិរបស់ព្រះសង្ឃពីរអង្គ ហើយបានរើរុះសម្ភារៈស្បង់ជីវររបស់ព្រះសង្ឃទាំងពីរអង្គបោះចេញក្រៅវត្ត ដោយចោទថាសង្ឃពីរអង្គនោះបួសពុំមានច្បាប់នៅក្នុងវត្តប្រជាធម្ម។
មេភូមិប្រជាធម្ម លោក កែវ សម្បត្តិ បានថ្លែងនៅថ្ងៃទី១ ខែកុម្ភៈ ថា ការបណ្ដេញព្រះសង្ឃពីរអង្គចេញពីវត្តនោះ បានធ្វើឲ្យប្រជាពលរដ្ឋចំណុះជើងវត្តមានប្រតិកម្មជំទាស់ទៅនឹងសេចក្ដីសម្រេចចិត្តរបស់លោកចៅអធិការ៖ «ប្រជុំលោកទាំងអស់ដាក់បទបញ្ជាឲ្យលោកចូលរើរុះអីវ៉ាន់បោះចោលមកក្រៅកុដិ។ លោកបួសនៅណា ទៅនៅវត្តហ្នឹង វត្តនេះមិនឲ្យលោកនៅទេ ប្រជាពលរដ្ឋមួយចំនួនផ្អើលឆោឡោនៅក្បែរវត្តប្រហែលជា ១០០នាក់»។
ព្រះចៅអធិការវត្តប្រជាធម្ម ព្រះនាម ម៉ែត ការៈម៉ុន ព្រះអង្គមានថេរដីកាថា មូលហេតុនៃការបណ្ដេញសង្ឃពីរអង្គ ព្រះនាម រស់ សុផល និងមួយអង្គទៀតព្រះនាម រ៉េត គន្ធាមនោរម្យ ចេញពីវត្ត ដោយសារសង្ឃទាំងពីរអង្គគ្រាន់តែបានបួសលាបំណន់នៅវត្តប្រជាធម្ម៖ «បួសលាបំណន់រយៈពេល ៩ថ្ងៃ។ ព្រះអង្គមួយទៀតនោះ បួសលាបំណន់រយៈពេលមួយខែ។ ឥឡូវខែដល់ថ្ងៃហើយ អាត្មាឲ្យលោកចេញ ហើយលោកក៏ព្រមថាចេញហើយ តែអាត្មាទុករយៈពេលឲ្យលោកចេញហ្នឹងរយៈពេលមួយអាទិត្យ បែរជាទៅនិយាយថាមិនចេញធ្វើអីលោក។ លោករត់ទៅបួសនៅកន្លែងផ្សេងបាន មកប្រាប់ដល់អាត្មា អាត្មាថាមិនហាមឃាត់ទេការបួស ប៉ុន្តែបួសនៅកន្លែងណាទៅនៅកន្លែងនោះវិញចុះ ហើយសម្រាប់វត្តនេះ អាត្មាមិនបានទទួលព្រះអង្គទេ»។
នៅវត្តប្រជាធម្ម មានព្រះសង្ឃចំនួន ២៦អង្គ គង់នៅក្នុងវត្ត។ ព្រះសង្ឃព្រះនាម រ៉េត គន្ធាមនោរម្យ បានថេរដីកាបញ្ជាក់ថា ព្រះអង្គ និងព្រះអង្គព្រះនាម រស់ សុផល ធ្លាប់បានបួសលាបំណន់នៅក្នុងវត្តប្រជាធម្ម ពិតប្រាកដមែន។ ប៉ុន្តែ ក្រោយពីការបួសនោះ ព្រះអង្គបានទៅគង់នៅវត្តផ្សេង ហើយមានច្បាប់ទទួលស្គាល់ត្រឹមត្រូវ។ ព្រះអង្គបញ្ជាក់ថា ចៅអធិការបណ្ដេញព្រះអង្គចេញពីវត្ត គឺដោយសារខ្លាចព្រះអង្គមានប្រជាប្រិយភាព។
ព្រះតេជព្រះគុណ រ៉េត គន្ធាមនោរម្យ៖ «អាត្មាក៏បានឧបសម្បទាជាភិក្ខុតាមរយៈផ្លូវច្បាប់នានា។ អ៊ីចឹង អាត្មារត់ច្បាប់តាមភូមិតាមឃុំអីសង្កាត់អីត្រឹមត្រូវរហូតមក ដើម្បីយើងបួសពេញច្បាប់ មានឧបជ្ឈាត្រឹមត្រូវទាំងអស់។ នៅពេលដែលអាត្មាត្រឡប់មក លោកគិតថាមិនឲ្យអាត្មាគង់នៅ អាត្មាសួរមូលហេតុអី លោកថាអត់មានមូលហេតុអីទេ ព្រះអង្គទៅបួសវត្តណា ទៅគង់នៅវត្តហ្នឹងវិញទៅ។ អ៊ីចឹងមានន័យថា អាត្មានៅបួសនៅវត្តប្រជាធម្ម ហ្នឹងឯង ក៏ប៉ុន្តែអាត្មាទៅឧបសម្បទានៅបាត់ដំបង»។
ព្រះសង្ឃព្រះនាម រ៉េត គន្ធាមនោរម្យ បញ្ជាក់ថា ព្រះអង្គ និងព្រះអង្គ រស់ សុផល បានបួសមានច្បាប់ត្រឹមត្រូវ។ ព្រះអង្គមិនអាចចាកចេញពីវត្តបានទេ។ ប៉ុន្តែ ព្រះចៅអធិការវត្តប្រជាធម្ម ព្រះនាម ម៉ែត ការៈម៉ុន ព្រះអង្គនៅតែរក្សាជំហរក្នុងការបណ្ដេញឲ្យព្រះសង្ឃព្រះនាម រស់ សុផល និងសង្ឃព្រះនាម រ៉េត គន្ធាមនោរម្យ ចេញពីវត្ត។ ព្រះអង្គបញ្ជាក់ថា សង្ឃទាំងពីរអង្គបួសមានច្បាប់នៅវត្តណា ទៅគង់នៅវត្តនោះចុះ។
ទាក់ទិនករណីនេះ មេគណខេត្តបន្ទាយមានជ័យ បានចាត់ព្រះសង្ឃពីរអង្គចុះពិនិត្យមើលអធិករណ៍ដែលបានកើតមាននៅក្នុងវត្តប្រជាធម្ម កាលពីថ្ងៃទី៣១ ខែមករា ប៉ុន្តែព្រះសង្ឃទាំងពីរអង្គនោះត្រូវបានប្រជាពលរដ្ឋចំណុះជើងវត្តនាំគ្នាឡោមព័ទ្ធមិនឲ្យដកព្រះឆាយារបស់ព្រះសង្ឃ រ៉េត គន្ធាមនោរម្យ និងព្រះអង្គ រស់ សុផល ហើយទាមទារឲ្យព្រះអង្គគង់នៅក្នុងវត្តប្រជាធម្ម ដូចអង្គសង្ឃដទៃ។ អាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារកណ្ដាល ក៏បានអន្តរាគមន៍ករណីនេះ ដោយបានដកយកព្រះឆាយារបស់ព្រះអង្គទាំងពីរអង្គរក្សាទុកនៅសង្កាត់ផ្សារកណ្ដាល ជាបណ្ដោះអាសន្ន រង់ចាំមេគណខេត្តចុះទៅដោះស្រាយបញ្ចប់អធិករណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
