មន្ត្រី​សង្ឃ​អំពាវនាវ​ឲ្យ​ព្រះ​សង្ឃ​បដិបត្តិ​ធម៌​វិន័យ​ឲ្យ​បាន​ហ្មត់​ចត់

មន្ដ្រី​សង្ឃ ព្រមទាំង​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៩​នេះ ថា គ្រប់​ព្រះ​សង្ឃ​ទាំង​អស់​នៅ​តាម​វត្ត​អារាម​ទូទាំង​ប្រទេស កំពុង​ត្រូវ​បាន​ឲ្យ​ធ្វើការ​ពង្រឹង​ការ​បដិបត្តិ​ធម៌​វិន័យ​ឲ្យ​បាន​ហ្មត់​ចត់​ខ្លាំង​ក្លា​ដើម្បី​ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បាន​គង់​វង្ស​ល្អ​ប្រសើរ​ផង និង​ដើម្បី​ផ្ដល់​ជា​ស្រែ​បុណ្យ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ ដែល​បាន​លើក​តម្កើង​ព្រះ​ពុទ្ធ​សាសនា ថា​ជា​សាសនា​របស់​រដ្ឋ​ផង​ដែរ​សព្វ​ថ្ងៃ​នេះ។

0:00 / 0:00

ចំពោះ​ការ​សុំ​ឲ្យ​ព្រះ​សង្ឃ​ធ្វើការ​ពង្រឹង​ការ​បដិបត្តិ​ធម៌​វិន័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នេះ ពីព្រោះ​គេ​បាន​លេច​ឮ​ថា មាន​ករណី​ព្រះ​សង្ឃ​អង្គ​ខ្លះ​បាន​ប្រព្រឹត្ត​ប្រាស​ចាក​ភេទ​ជា​សង្ឃ ដូច​ជា​ថ្មីៗ​នេះ ព្រះ​សង្ឃ​ចំនួន ៦​អង្គ នៅ​ក្នុង​វត្ដ​រការ សង្កាត់​ឪម៉ាល់ ខេត្ត​បាត់ដំបង ជា​ដើម បាន​ប្រព្រឹត្ត​ទ្រុស្ដ​សីលធម៌​វិន័យ សេព​គ្រឿង​ស្រវឹង បង្ក​របួស​ស្នាម ផ្ទុយ​នឹង​ពុទ្ធ​ឱវាទ។

ព្រះ​ភិក្ខុ យឿម រដ្ឋ​សភា ព្រះ​អនុគណ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ព្រះ​សង្ឃ​ទ្រុស្ដ​សីល​ទាំង​នោះ ឥឡូវ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ បន្ទាប់​ពី​គេ​បាន​តាមដាន​ឃើញ​ការ​ពិត​ជាក់​ស្ដែង ក្នុង​ខណៈ​ពេល​វិល​ត្រឡប់​មក​ពី​កន្លែង​ផឹក​ស៊ី​និង​ស្លៀក​ពាក់​ជា​គ្រហស្ថ។

ព្រះ​ភិក្ខុ យឿម រដ្ឋ​សភា មាន​ពុទ្ធ​ដីកា​ដូច្នេះ​ថា ៖ «ដូច​អស់​ភេទ​ហ្នឹង​ហើយ ព្រោះ​មាន​ពណ៌​សម្បុរ​អី​នៅ​ជាប់​ទៀត។ អាត្មា​ខាង​សាលា​អនុ​គណ​នេះ ខំ​ដាក់​ការ​ណែនាំ​ទៅ​លោកគ្រូ​ចៅ​អធិការ​អី​តាម​វត្ត​ដែរ ពង្រឹង​ខាង​ផ្នែក​ព្រះ​វិន័យ​អី​ហ្នឹង សំខាន់​រឿង​ការ​បដិបត្តិ​អី​ហ្នឹង។ សាលា​មាន​ច្រើន​ដែរ បាន​បើក​ពុទ្ធិក​បឋម​សិក្សា​អី​បាន ១១​សាលា​ហើយ នៅ​ក្រុង​បាត់ដំបង​យើង​នេះ»

អគ្គនាយក​ក្រសួង​ធម្មការ​និង​សាសនា លោក អ៊ុន ដារី បាន​មាន​ប្រសាសន៍​ដែរ​ថា តាម​ពិត​ទៅ​ព្រះ​សង្ឃ​ភាគ​ច្រើន លោក​បាន​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​បដិបត្ដិ​ធម៌​វិន័យ​គម្ពីរ​ព្រះ​ត្រៃ​បិដក​យ៉ាង​ខ្លាំង​នៅ​តាម​វត្ត​អារាម ឬ​ក៏​ពុទ្ធិក​វិទ្យាល័យ​នានា ទាំង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​និង​ខេត្ត ហើយ​សម្រាប់​ព្រះ​សង្ឃ​មិន​សូវ​សិក្សា​រៀនសូត្រ​ធម៌​វិន័យ​នោះ​គឺ​មាន​ចំនួន​តិចតួច​ទេ។

លោក​បាន​បន្ដ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​ធម្មការ​និង​សាសនា រួម​សហការ​ជាមួយ​គណៈ​សង្ឃ​នាយក កន្លង​មក ក៏​ដូច​សព្វ​ថ្ងៃ បាន​ធ្វើការ​ទប់​ស្កាត់​ដោយ​សុំ​ឲ្យ​ព្រះ​ចៅ​អធិការ​វត្ត​ទាំង​អស់ រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ​សង្ឃ​មាន​សាលា​រៀន​ដើម្បី​សិក្សា​ធម៌​វិន័យ​ឲ្យ​បាន​ច្រើន។ ហើយ​ម្យ៉ាង​ទៀ ក៏​បាន​ធ្វើការ​ទប់​ស្កាត់​ចំពោះ​ជន​ខិល​ខូច​មួយ​ចំនួន​ទៀត​ដែល​បាន​ក្លែង​បន្លំ​ស្លៀក​ពាក់​គ្រង​ស្បង់​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត្រ​បច្ច័យ​អ្នក​ស្រុក បង្ក​ភាព​ច្របូក​ច្របល់​ក្នុង​ព្រះ​ពុទ្ធ​សាសនា។

លោក អ៊ុន ដារី ថ្លែង​ដូច្នេះ​ថា ៖ «វា​មិន​ជា​រូប​ភាព​អី​ធំ​ដុំ​ទេ ដូច​ថា​ជា​បុគ្គល​មួយ​ពីរ ប៉ុន្តែ​យើង​ជា​ទូទៅ ក៏​ខិតខំ​ចាត់​វិធានការ​ទាន់​ពេល​វេលា​ដែរ កន្លង​មក​ហ្នឹង»

តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វ​ថ្ងៃ​មាន​ព្រះ​សង្ឃ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​គណៈ​ធម្មយុត្តិ​និង​មហា​និកាយ​មាន​ចំនួន​ជាង ៥០.០០០​អង្គ និង​មាន​វត្ត​អារាម​ជាង ៤.០០០​វត្ត ក្នុង​នោះ​មាន​វត្ដ​ធម្មយុត្ដិ​ចំនួន​១៣​វត្ត និង​អាស្រម​ចំនួន ៧៦​អាស្រម៕