មន្ត្រីខ្មែរបានថ្លែងថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញមានចំនួនកើនឡើងរហូតដល់ជិត ២ពាន់នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានភាពជ្រួលច្របល់នៅក្រុងបាងកកនិងសភាពការណ៍តានតឹងដាក់គ្នារវាងកងទ័ពខ្មែរ-ថៃនៅតាមព្រំដែន។
លោក សោម សំអាន មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានថ្លែងបា្រប់វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១២ ខែតុលានេះថា ចាប់ពីថ្ងៃចន្ទ រហូតមកដល់ថ្ងៃអាទិត្យនេះ ចំនួនពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញមានចំនួនកើនឡើងរហូតដល់ ១៩៩២នាក់ ខុសពីលើកមុនដែលមួយថ្ងៃៗមានត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ។
លោក សោម សំអាន មានប្រសាសន៍ដូច្នេះថា ៖ «សប្ដាហ៍ហ្នឹង ពីថ្ងៃចន្ទមកទល់នឹងថ្ងៃហ្នឹង មាន១៩៩២នាក់»។
មន្ត្រីមជ្ឈមណ្ឌលសំចតប៉ោយប៉ែតរូបនេះ បានបន្តថា មូលហេតុនៃការចាប់បញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញមានការកើនឡើង ទំនងដោយសា្ថនការណ៍ជ្រួលច្របល់នៅក្នុងប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ។
បុគ្គលិកមជ្ឈមណ្ឌលសំចតប៉ោយប៉ែតមួយរូបទៀតបានថ្លែងថា ក្នុងរយៈពេល ៥ថ្ងៃ កន្លងមករថយន្តទ្រុងរបស់ថៃបានដឹកជញ្ជូនពលករខ្មែរ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ មានថ្ងៃខ្លះចាប់តាំងពីព្រឹករហូតដល់ម៉ោង ៨យប់ ៖ «ក្នុងអាទិត្យនេះ កើនប្រហែលជា ៥ថ្ងៃ វារាងកើនចំនួន ដឹកមកដល់ម៉ោង៨យប់បិទច្រក ទើបសម្រាក»។
ក្រុមបុគ្គលិកមជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងចំណោមពលករខ្មែរទាំង១៩៩២នាក់នោះ ក៏មានជនជាតិខ្មែរអ៊ិស្លាមចំនួន២០% ផងដែរ ដែលត្រូវបានគេចាប់បញ្ជូនមកពីភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនប្រទេសម៉ាឡេស៊ី និងជនជាតិខ្មែរមកពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសថៃ។
មន្ត្រីនគរបាលម្នាក់ធ្វើការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរ-ថៃនិងភ្ញៀវទេសចរផ្សេងៗ ទៅទឹកដីថៃមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា។
គួរបញ្ជាក់ថា ពលករដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ គឺជាអ្នកដែលឆ្លងដែនខុសច្បាប់ចូលរកការងារធ្វើលើទឹកដីថៃ។
មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបុគ្គលិកមជ្ឈមណ្ឌលសំចតនៅប៉ោយប៉ែត បានថ្លែងថា ពលករខ្មែរទាំងនោះ ក្រោយពីការអប់រំហើយ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះនៅតាមស្រុកកំណើតរៀងខ្លួន៕
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.