មេបញ្ជាការវរសេនាតូចលេខ៤២២ នៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល ថេន បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ថា កងទាហានថៃហាក់មិនគោរពនូវការព្រមព្រៀងគ្នាចំពោះតំបន់ ដែលមិនឲ្យមានកងទ័ព។ ហើយបានចូលមកបោះជំរំលើតំបន់ជាច្រើនចំណុច កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា។
មន្រ្តីយោធាដដែលបានមានប្រសាសន៍ទៀតថា នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពខ្មែរមួយចំនួន នឹងបញ្ជូនទៅចំណុចទាំងនោះដែរ ស្របពេលដែលទាហានថៃ នៅតែមានចេតនារំលោភបំពានព្រំដែននោះ។
លោក ប៉ុល ថេន មានប្រសាសន៍ថា ៖ «ពីម្សិលមិញចំណុចចាស់ៗទាំងប៉ុន្មាន ដកចេញទាំងអស់ គឺថាវាមកដាក់ចំណុចហ្នឹងដដែល ចាប់ពីប្រាសាទតាមាន់ តាម[បង្គោល]ឡាក់ តាមមុខភ្នំកូនកំព្រាអីហ្នឹង អ៊ីចឹងយើងទៅដាក់ទល់មុខហ្នឹងដូចគ្នា»។
តាមកងព្រំដែនឲ្យដឹងថា កាលពីអំឡុងពាក់កណ្ដាលខែកក្កដា កន្លងមក តំបន់នោះ ត្រូវបានតម្រូវឲ្យទាហានទាំងសងខាងដកចេញមិនឲ្យមានការបោះជំរំទេ។ កងទាហានខ្មែរ បានឲ្យដឹងថា ទោះបីជាកងទាហានឈុតខ្មៅកំពុងព្យាយាមរំកិលចូលព្រំដែនក៏ដោយ ក៏ច្រកទ្វារចេញចូលនៃប្រាសាទតាមាន់ នៅតែបើកឲ្យប្រជាពលរដ្ឋខ្មែរ បានចេញចូលនៅឡើយ គ្រាន់តែថៃកំណត់ឲ្យចូលម្ដង បានតែ ១០នាក់ប៉ុណ្ណោះ។
ចំណែកនៅឯតំបន់ជប់គគីរវិញ មានសេចក្ដីរាយការណ៍ថា ទាហានខ្មែរមួយក្រុម ចេញពីតំបន់ប្រតិបត្តិការសឹក ខេត្តឧត្ដរមានជ័យ បានបញ្ជូនទៅដល់តំបន់ព្រំដែននោះហើយ សម្រាប់ការពារភូមិសាស្រ្ដទីនោះ បន្ទាប់ពីកងទាហានឈុតខ្មៅថៃ បានចូលលុកលុយភូមិនិងបំផ្លាញដំណាំប្រជាពលរដ្ឋខ្មែរមក។
នាយចំណង់ប្រចាំច្រកព្រំដែនជប់គគីរ លោក ពាន សារៀម បានប្រសាសន៍ថា កងទាហានខ្មែរទាំងនោះ បានទៅដល់កាលពីរសៀលថ្ងៃពុធ ៖ «កម្លាំងមកដល់កាលពីម្សិលមិញ យាមការពារប្រជាពលរដ្ឋយើង»។
តាមប្រជាពលរដ្ឋនៅភូមិជប់គគីរខាងលិច បាននិយាយថា គេខានឃើញវត្តមានរបស់កងទាហានឈុតខ្មៅថៃ ចូលមកតាមភូមិប្រជាពលរដ្ឋខ្មែរ រយៈពេល ៥ថ្ងៃមកហើយ ចាប់តាំងពីមានកងទាហានខ្មែរបញ្ជូនមក។ ក៏ប៉ុន្តែអ្នកភូមិខ្មែរខ្លះ ដែលភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាដោយអាវុធ បានចាកចេញពីផ្ទះទៅរស់នៅបណ្ដោះអាសន្ន តាមកន្លែងផ្សេងៗ ៖ «ដូចរាងស្ងាត់ប្រហែលជា ៥ថ្ងៃហើយ ហើយទាហានថ្មី យើងដាក់នៅតាមផ្ទះ ជួយពលរដ្ឋភូមិខាងកើតនោះផង។ អ្នកភូមិនៅធម្មតា ប៉ុន្តែតាំងចិត្តថាមិនកាន់កាំភ្លើងដែរ អ្នកនៅហ្នឹង ប៉ុន្តែអ្នកខ្លាចភាគច្រើនចុះទៅនៅភូមិខាងក្រោមភ្នំ គេហៅភ្នំដីបាក់ ប្រហែលជា ៣គីឡូ»។
សូមរំឭកថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរថៃ នៅតំបន់ប្រាសាទតាមាន់និងជិតប្រាសាទព្រះវិហារ បានកើតមានតាំងតែពីពាក់កណ្ដាលខែកក្កដា ដោយកងទ័ពទាំងសងខាង នៅតែរង់ចាំលទ្ធផលនៃកិច្ចជួបចរចារវាងមន្រ្តីការបរទេសនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។ ហើយរហូតដល់ពេលនេះ ដោយសារវិបត្តិបាតុកម្មនៅឯទីក្រុងបាងកក ប្រទេសថៃ បានដកខ្លួនចេញពីកិច្ចចរចា ដោយមិនមានកំណត់ថ្ងៃជួបជជែកជាថ្មីនៅឡើយទេ៕
