ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​តាមាន់ធំ​កើន​ឡើង

នៅ​តំបន់​ប្រាសាទ​តាមាន់ធំ​ជាប់​ព្រំដែន​ខ្មែរ​ថៃ ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តឹងតែង​នោះ មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ​រាប់​ម៉ឺន​នាក់​បាន​ទៅ​លេង​កម្សាន្ត​នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។

0:00 / 0:00

កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ប្រាសាទ​តាមាន់ធំ នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​ថា ក្នុង​រយៈពេល ៤​ថ្ងៃ​កន្លង​មក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​ឡើង​ទៅ​កម្សាន្ត​ប្រាសាទ​តាមាន់ធំ​​ជា​បន្ត​បន្ទាប់​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ស្រប​ពេល​ដែល​ទាហាន​ព្រំដែន​ថៃ បាន​បើក​ចំហ​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​បាន​ចូល​មក​លក់​ដូរ និង​កម្សាន្ត​សប្បាយ​នៅ​ជិត​ប្រាសាទ​តាមាន់ធំ​ដែរ​នោះ។

នាយ​សេនាធិការ​កង​យោធពល​ខេមរភូមិន្ទ​របស់​កង​ពល​តូច​លេខ​៤២ ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​​នៅ​ប្រាសាទ​តាមាន់ធំ លោក នាក់ វង្ស បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​មេសា​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មេសា រហូត​មក ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​រាប់​ម៉ឺន​នាក់ បាន​នាំ​គ្នា​ឡើង​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​តាមាន់ធំ ដោយសារ​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​រវាង​ទាហាន​ខ្មែរ-​ថៃ បាន​ស្ងប់ស្ងាត់​មិន​មាន​អ្វី​គួរ​ឲ្យ​​ភ័យ​ខ្លាច​នោះ។

លោក នាក់ វង្ស មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ពី​ថ្ងៃ​ទី​៨ ប្រហែល​ជាង ៣​ម៉ឺន​នាក់ ថ្ងៃ​នេះ​(១២ មេសា) ប្រហែល ៣​ម៉ឺន​នាក់។ មក​ពី​គ្រប់​ខេត្ត។ មិន​ដឹង​ជា​ហេតុ​អី​ទេ ក៏​ប៉ុន្តែ​ក្នុង​រដូវ​ចូល​ឆ្នាំ​ហ្នឹង​បង​ប្អូន​គាត់​ដើរ​លេង​ទៅ ហើយ​ខាង​សៀម​វា​បើក​លក់​ដូរ​បន្តិច​បន្តួច​នៅ​ក្បែរ​ប្រាសាទ​មួយ​រដូវ​ចូល​ឆ្នាំ​នេះ​ឯង។ អត់​ឃើញ​អី​តឹងតែង​អី​ទេ​គឺ​ធម្មតាៗ»

មេ​ឃុំ​អំពិល​ដែល​នៅ​ជាប់​តំបន់​ព្រំដែន​ខ្មែរ-​ថៃ លោក សេ មួយ បាន​មាន​ប្រសាសន៍​ថា ៣-​៤​សប្ដាហ៍​មក​នេះ នៅ​តំបន់​របស់​លោក​រៀង​រាល់​ថ្ងៃ​អាទិត្យ ទាហាន​ថៃ​បាន​បើក​ព្រំដែន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ទៅ​ផ្សារ​ណាត់​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ដោះដូរ​ទំនិញ​គ្នា​បាន ហើយ​នៅ​ប្រាសាទ​តាមាន់ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​កុះករ​កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

លោក សេ មួយ មាន​ប្រសាសន៍​ដូច្នេះ ៖ «រាល់​អាទិត្យ​ហ្នឹង​គេ​បើក​ផ្សារ​ណាត់​មួយ​នៅ​ភូមិ​សាន នៅ​​ប្រទេស​ថៃ។ បង​ប្អូន​គាត់​ចេញ​ទៅ​ដោះ​ដូរ​ឥវ៉ាន់​ហ្នឹង​ជា​ធម្មតា ហើយ​មួយ​ទៀត​រាល់​ឆ្នាំ​ហ្នឹង​រវាង​ថៃ-​ខ្មែរ តែង​តែ​បើក​ទៅ​លេង​នៅ​ប្រាសាទ​តាមាន់​ហ្នឹង។ ចាប់​ពី​ថ្ងៃ​ទី​៨ រហូត​មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​បង​ប្អូន​ខ្មែរ​យើង​ឡើង​ទៅ​លេង​នៅ​ឯ​ប្រាសាទ​តាមាន់។ ទៅ​ច្រើន​លោកគ្រូ ជា​ពិសេស​ក្មេងៗ ហើយ​និង​បង​ប្អូន​ខ្លះ​ដែល​គាត់​ចង់​ទៅ​លេង។ ឃើញ​ខ្លះ​គោយន្ត ខ្លះ​ឡាន ខ្លះ​ម៉ូតូ​អី គគ្រឹកគគ្រេង​ទៅ​ណា»

មន្ត្រី​យោធា​ខ្មែរ​បាន​និយាយ​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន​ជា​ច្រើន​កន្លែង គឺ​មាន​ភាព​ស្ងប់ស្ងាត់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។

មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់គ្រង​យោធា​ខ្មែរ​ការពារ​ព្រំដែន​ជុំវិញ​​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ប្រឈម​មុខ​ដោយ​យោធា​បាន​ស្ងប់ស្ងាត់ ដោយ​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ជួរ​មុខ​នេះ មាន​ឱកាស​បាន​ចូល​រួម​កម្សាន្ត​សប្បាយ​ជាមួយ​ក្រុម​តារា​ភាពយន្ត និង​តារា​ចម្រៀង​ជា​ច្រើន​ទើប​តែ​មក​ប្រគំ​ជូន​កងទ័ព​សប្បាយ​មុន​ពេល​ចូល​ឆ្នាំ​ផង​ដែរ។

លោក ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​តំបន់​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់ ស្រប​ពេល​នៅ​ឯ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ កំពុង​មាន​ភាព​ចលាចល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ៕