អភិបាលខែត្រព្រះវិហារ លោក ព្រាប តាន់ បានមានប្រសាសន៍នៅថ្ងៃទី១៥ កក្កដានេះថា កងទ័ពថៃមិនបានកាន់កាប់ប្រាសាទព្រះវិហារនោះទេ ៖ «អត់មានមកយកស្អីណាទេ វានៅឯណាណោះ ។ កំពុងចាត់ការហ្នឹងហើយ» ។
ទាក់ទងជាមួយការចូលមកកាន់កាប់វត្តប្រាសាទ ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ខាងលិចប្រាសាទព្រះវិហារនោះ លោក រដ្ឋ សុភា ប្រធានមន្ទីរព័ត៌មានខែត្រព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងពីខែត្រព្រះវិហារមកថា ៖ «កាលពីម៉ោងប្រហែល ១១ហ្នឹង វាចូលមកប្រហែលជា ៥០នាក់ ទាហានឈុតខ្មៅ ចូលមកនៅម្ដុំវត្តយើងចាស់ពីដើម ហើយមកដល់ម៉ោងប្រហែល ៣យើងនេះ ចូលមកឡើងដល់ប្រហែល ១០០នាក់ជាងហើយ ។ វាថាដីហ្នឹងជាដីរបស់វា វត្តហ្នឹងរបស់វា អ៊ីចឹងវាចង់ទាមទារយកមកវិញ ។ វត្តហ្នឹងបើយើងគិតទៅ ស្មើនឹងខ្លោងទ្វារប្រាសាទទី១ របស់យើងហ្នឹង ។ យើងកំពុងតែរាយការណ៍ខាងក្រសួងសមត្ថកិច្ចហ្នឹង រាយការណ៍ទៅសុំយោបល់ពីខាងរាជរដ្ឋាភិបាល ព្រោះរឿងនេះ រឿងធំ តាំងពី ៥០នាក់ យើងឲ្យវាចេញ វាអត់ព្រមចេញ ។ ប្រាប់វាដែរថា យើងមិនទាន់មានបទបញ្ជា យើងមិនចង់ឲ្យប៉ះពាល់តាមមើល៍ បានជាយើងទប់វាមិនបាន វាចេះតែរុលមកៗ ។ វាមកមួយកំប្លេវាស្រេចតែម្ដង មានអាវុធមានអីជាប់ខ្លួនស្រេចមកតែម្ដង ថ្មើរជើង វាមកតាមច្រករបៀងវា ហើយមិនមែនមកមួយកន្លែងទៀត មក ២-៣ កន្លែង មកធ្វើដំណើរថ្មើរជើង ឃាត់ឃាំងវាដែរ ប៉ុន្តែវាចេះតែមកទៅ ។ យើងប្រហែលជាមិនទាន់មានបទបញ្ជាទេដឹង តាមមើល៍ ពួកយើងមិនមែនជាអ្នកខ្លាចប៉ុន្មានដែរទេ ប៉ុន្តែប្រហែលជាបទបញ្ជា យើងខ្លាចប៉ះពាល់ ។ ដើមហេតុដំបូង វាចូលមក ៣នាក់ ចូលមកនៅជើងភ្នំប្រាសាទ ព្រឹកឡើងម៉ោងប្រហែល ៧ យើងឃើញតែម្ដង ។ ដល់ក្រោយមក យើងចង់បញ្ជូនលោកសង្ឃ និងយាយជី មកអាជ្ញាធរយើង តែគិតៗទៅ យើងគិតថា ចង់សម្របសម្រួលជាមួយថៃ ហើយខាងគេ គេមកទាក់ទងយើង ថា គេនឹងសុំយកប្រជាជនគេទាំងបីនាក់ហ្នឹងទៅវិញ ម៉ោង ៧ ព្រឹក ហើយអាជ្ញាធរខេត្តគេ គេចង់ទាក់ទងយើងថា សុំយកទៅវិញ ដល់ពេលយើងចាំគេថាធ្វើដំណើរមកយកហើយហ្នឹង គឺក្នុងឱកាសហ្នឹង ម៉ោង ៩ ម៉ោង ១០ហ្នឹង គឺកម្លាំងគេជ្រៀតចូលបណ្ដើរៗ តាមជើងភ្នំហ្នឹងតែម្ដង» ។
ទាក់ទងជាមួយនឹងការដែលមានទាហានថៃមកកាន់កាប់វត្តប្រាសាទ នៅកៀកជាមួយប្រាសាទព្រះវិហារនេះ លោក សុន ឆ័យ សមាជិកសភា បានមានប្រសាសន៍ថា ៖ «ព្រះវិហារដូចយើងស្មានមែន វាមានការប្រកាសពីមន្រ្តីជាន់ខ្ពស់របស់ថៃ នៅក្នុងក្រសួងការបរទេស ដែលគេថា គេបានទទួលជោគជ័យ ក្នុងការជំរុញឲ្យភាគីខ្មែរហ្នឹង ធ្វើផែនទីតែតួប្រាសាទនេះ ។ ឥឡូវ គេមានសិទ្ធិតវ៉ារឿងដី នៅជុំវិញប្រាសាទ ។ ហើយរឿងនេះ យើងឃើញហើយ មានស្ថានភាពតវ៉ាហ្នឹង កាន់តែខ្លាំងឡើង ហើយយើងមិនដឹងថា តើរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ យ៉ាងដូចម្ដេចទេ ។ នៅក្នុងនោះ កងយោធពលខេមរភូមិន្ទយើងនោះ រដ្ឋាភិបាល ដូចមិនសូវដែលបានយកចិត្តទុកដាក់ប៉ុន្មានទេ តើយើងមានលទ្ធភាពប្រើប្រាស់កងប្រដាប់អាវុធយើង ឲ្យទប់ទល់ស្ថានភាពនេះ ឬមួយយ៉ាងម៉េច?» ។
មកទល់ម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី១៥ កក្កដានេះ តាមដំណឹងពីប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា កងទ័ពថៃជាច្រើននោះ មិនទាន់បានដកថយទៅវិញនៅឡើយទេ ។
តាមប្រភពព័ត៌មាននោះ ក៏បានឲ្យដឹងទៀតថា នៅក្នុងការចូលឆ្លងមកប្រទេសកម្ពុជារបស់ទាហានថៃមួយក្រុម ដែលចូលតាមច្រកបុសចេកនោះ បានជាន់មីនបណ្ដាលឲ្យរបួសនាយទាហានជាន់ខ្ពស់ថៃមួយរូបផងដែរ ។
វិទ្យុអាស៊ីសេរី បានទាក់ទងជាមួយមន្រ្ដីយោធាជាន់ខ្ពស់កម្ពុជាផងដែរ ទាក់ទងបញ្ហាកងទាហានថៃ ចូលមកក្បែរប្រាសាទព្រះវិហារនោះ ប៉ុន្តែមន្រ្តីយោធាទាំងនោះ បានឆ្លើយថា ជាប់ប្រជុំ មិនទាន់បានទទួលចម្លើយនៅឡើយទេ ។
កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ នៅក្នុងមិទ្ទីងអបអរគណៈប្រតិភូរដ្ឋាភិបាលវិលត្រឡប់មកពីប្រជុំនៅប្រទេសកាណាដា ដែលបានសម្រេចជោគជ័យក្នុងការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ទៅកាន់មនុស្សចូលរួមប្រមាណជាង១ម៉ឺននាក់នៅពហុកីឡដ្ឋានអូឡាំពិកថា នៅក្នុងការប្រជុំពេលចុះបញ្ជីនោះមានការជំទាស់ពីភាគីថៃជាច្រើនចំណុច ។
លោក សុខ អាន មានប្រសាសន៍ដូច្នេះថា ៖ «ដំណើរការដើម្បីរៀបចំឯកសារជំនាញហ្នឹងយូរដែរ ។ រហូតមកដល់ឆ្នាំ២០០៧ ទើបគេយកឯកសារនោះ មកដាក់ពិនិត្យនៅទីក្រុង Christchurch ប្រទេសញូហ្ស៊ីលែន ប៉ុន្តែរយៈពេល ប្រហែលជា ៣-៤-៥ខែ មុនការប្រជុំ Christchurch យើងក៏បានទទួលព័ត៌មានច្បាស់ថា មានគេប្រឆាំងហើយ បញ្ហាហ្នឹង ។ អ៊ីចឹង យើងក៏ត្រូវត្រៀមលក្ខណៈច្បាប់ដើម្បីជជែកតស៊ូការចរចា ធ្វើយ៉ាងម៉េចឲ្យអាចចុះបញ្ជីនេះបាន ។ អ៊ីចឹងនៅពេលដែលប្រជុំ គឺភាគីដែលជំទាស់បានលើកឡើងនូវទឡ្ហីករណ៍ដូចតទៅនេះ ៖ ទីមួយលើកឡើងថា មានបញ្ហាព្រំដែន ទីពីរ លើកឡើងថា សុំឲ្យចុះបញ្ជីរួម ហើយធ្វើការគ្រប់គ្រងរួម ឬគេហៅថា ការចុះបញ្ជីឆ្លងកាត់ព្រំដែនរវាងប្រាសាទព្រះវិហារនិងស្រះមួយ ដែលស្ថិតនៅម្ខាងទៀតនៃព្រំដែន ហើយយកទាំងពីរមកដាក់ចូលគ្នា ឲ្យទៅជាសម្បត្តិរួម ហើយធ្វើការគ្រប់គ្រងរួម ។ នេះជាចំណុចទឡ្ហីករណ៍ ដែលសុំកុំឲ្យចុះនោះ គឺសុំលើកបញ្ហាអ៊ីចឹង ។ ចំណុចទី៣ អ្នកជំទាស់ ក៏បានលើកឡើងថា កម្ពុជារៀបចំចុះហ្នឹង អត់បានសួរ អត់បានពិគ្រោះយោបល់អី» ។
ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិនៅក្រុងឡាអេ ប្រទេសហុល្លង់ បានកាត់សេចក្តីថា ជារបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦២ មកម៉្លេះ ៕
