សេវ ហ៊ៀវ អាយុ ៤៨ ឆ្នាំ និយាយជាភាសាវៀតណាម បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ពួកគេបានរត់ភៀសខ្លួនចេញពីខេត្តយ៉ាឡាយនៃប្រទេសវៀតណាម ហើយលាក់ខ្លួនក្នុងតំបន់ព្រៃនៃប្រទេសវៀតណាមជាប់ព្រំដែននៃប្រទេសកម្ពុជា តាំងពីខែធ្នូ ឆ្នាំ២០០៧ ដើម្បីស្វែងរកសិទ្ធិសេរីភាពខាងជំនឿសាសនា ដោយគាត់អះអាងថា អាជ្ញាធរវៀតណាមបានរំលោភសេរីភាពនេះ ។
សេវ ហ៊ៀវ រៀបរាប់ដូច្នេះថា ៖«គឺពួកយើងចង់បានសេរីភាពខាងជំនឿ មានជំនឿគឺមានសិទ្ធិ នៅខាងវៀតណាមពិបាកណាស់»។
សេវ ហ៊ៀវ រៀបរាប់ដូច្នេះថា ៖ «គឺពួកយើងចង់បានសេរីភាពខាងជំនឿ មានជំនឿគឺមានសិទ្ធិ នៅខាងវៀតណាមពិបាកណាស់» ។
ចំណែក កាសល់ កាំ អាយុ២៥ឆ្នាំ បញ្ជាក់ជាភាសាចារាយថា ពួកគេទើបរត់ឆ្លងដែនចូលមកក្នុងព្រៃខេត្តរតនគិរី កាលពីដើមខែមេសាមុននេះ ។ ហើយការលាក់ខ្លួនក្នុងព្រៃយូរថ្ងៃធ្វើឲ្យពួកគេចំនួនពីរនាក់ មានជំងឺរាកមួលនិងគ្រុនចាញ់ ហើយបច្ចុប្បន្ន ដាច់អង្ករហូប ហូបតែស្លឹកឈើនិងទំពាំងក្នុងព្រៃ ។
កាលពីចុងខែមេសាកន្លងទៅ អ្នកភូមិជនជាតិភាគតិចកម្ពុជារស់នៅស្រុកបរកែវ ខេត្តរតនគិរី បញ្ជាក់ថា មានជនភៀសខ្លួនប្រមាណ ១០នាក់ ក៏កំពុងលាក់ខ្លូនក្នុងព្រៃរង់ចាំកិច្ចសង្រ្គោះដូចគ្នានេះ ។
មន្រ្តីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស លោក ប៉ែន ប៊ុណ្ណារ៏ បញ្ជាក់ថា ក្រុមជនភៀសខ្លួនទាំង ១៧នាក់នោះ គឺស្ថិតនៅក្នុងក្រុមជាមួយគ្នា ដែលលួចឆ្លងដែនបន្តបន្ទាប់គ្នា ។
លោកថា នេះជារដូវធ្លាក់ភ្លៀង ដូច្នេះ ជនភៀសខ្លួនអាចត្រូវយាយីដោយជំងឺគ្រុនចាញ់ ដូច្នេះគួរធ្វើការសង្រ្គោះពួកគេឲ្យទាន់ពេលវេលា ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត ។
លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងដូច្នេះថា ៖ «ភ្លៀងធ្លាក់ខ្លាំងជំងឺគ្រុនចាញ់ ហើយនិងការខ្វះខាតស្បៀង ។ សុំអំពាវនាវដល់រដ្ឋាភិបាលធ្វើការអនុញ្ញាតឲ្យបានឆាប់» ។
មន្រ្តីការងារមូលដ្ឋាន UNHCR លោក ជុង រ៉ាវុឌ្ឍន៍ មានប្រសាសន៏បញ្ជាក់ថា ស្ថាប័ន UNHCR នៅទីក្រុងភ្នំពេញ បានដាក់សំណើជូនស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលរួចហើយ ។លោកថា កំពុងរង់ចាំការអនុញ្ញាតដើម្បីចុះទៅបំពេញបេសកកម្មនៅខេត្តរតនគិរី ទីដែលមានសេចក្តីរាយការណ៏ទាក់ទិននឹងជនភៀសខ្លួននោះ ។
លោក ជុង រ៉ាវុឌ្ឍន៍ មានប្រសាសន៍ថា ៖ «យើងបានផ្ញើលិខិតជូនទៅរដ្ឋាភិបាលសុំការអនុញ្ញាតឲ្យទៅគាត់ទៅរួមគ្នា ដើម្បីសាកសួរព័ត៌មាន ។ ឥឡូវនេះយើងកំពុងតែចាំការអនុញ្ញាត» ។
បើតាមមន្ត្រី UNHCR ខាងលើ បញ្ជាក់ដែរថា កាលពីខែមេសា កន្លងទៅនេះ មានជនភៀសខ្លួនពីតំបន់ព្រៃភ្នំភាគកណ្តាលប្រទេសវៀតណាមប្រមាណ ២០នាក់ បានទៅដល់ជំរំប្រមូលផ្តុំជនភៀសខ្លួននៃ UNHCR ឯទីក្រុងភ្នំពេញ ដែលធ្វើឲ្យចំនួនជនភៀសខ្លួន កើនឡើងដល់ទៅ ៥២០នាក់ហើយ ដែលកំពុងស្ថិតនៅក្រោមកិច្ចឧបត្ថម្ភពី UNHCR ប្រចាំប្រទេសកម្ពុជា ៕
