ពលរដ្ឋ​ជាង​៩​លាន​នាក់​នឹង​ទៅ​បោះ​ឆ្នោត​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ជួប​ជាមួយ​អ្នក​កាសែត​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដើម្បី​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​ការ​រៀបចំ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៣ មិថុនា ខាង​មុខ។

0:00 / 0:00

នៅ​ក្នុង​ការ​ជួប​ជាមួយ​អ្នក​កាសែត​នោះ ស្ថាប័ន​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​អំពាវនាវ​ឲ្យ​កាសែត វិទ្យុ និង​ទូរទស្សន៍ រាយការណ៍​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មាន​តុល្យភាព និង​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​សំរាប់​គណបក្ស​នយោបាយ​ទាំង ១០ ដើម្បី​បញ្ចេញ​សំឡេង និង​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ខាង​ មុខ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៩​លាន​នាក់ នឹង​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ហើយ គ.ជ.ប. កំពុង​តែ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត​ត្រូវ​បាន គ.ជ.ប. បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧​លាន​នាក់​ហើយ។ គ.ជ.ប. កំពុង​តែ​បន្ត​ចែក​ប័ណ្ណ​នេះ​ទៀត​ឲ្យ​បាន​គ្រប់​ចំនួន។ ការ​បោះ​ឆ្នោត នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។

គ.ជ.ប. បាន​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​ជាតិ និង​បរទេស​សរុប​ជាង ១​ម៉ឺន​នាក់ ចូល​រួម​សង្កេត​ការ​បោះ​ឆ្នោត​នេះ មក​ពី​អង្គការ​ចំនួន ១៦​អង្គភាព។ គ.ជ.ប. គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ១៩​លាន​ដុល្លារ​អាមេរិក​សំរាប់​ការ​បោះ​ឆ្នោត​នេះ ក្នុង​នោះ ថវិកា​របស់​រដ្ឋាភិបាល ៧៦% និង​ថវិកា​ជំនួយ​ពី​បរទេស ២៤% ដែល គ.ជ.ប. កំពុង​តែ​ស្វែង​រក​ជំនួយ​នេះ​នៅ​ឡើយ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ថា ការ​រាប់​សន្លឹក​ឆ្នោត គឺ​ធ្វើ​នៅ​ការិយាល័យ​បោះ​ឆ្នោត​តែម្ដង ក្រោយ​ពី​ចប់​ការ​បោះ​ឆ្នោត​នៅ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ ​២០១២ រី​ឯ​លទ្ធផល​បណ្ដោះអាសន្ន នឹង​ប្រកាស​ក្នុង​រយៈពេល ៣​ថ្ងៃ ក្រោយ​ពី​ចប់​ការ​បោះ​ឆ្នោត​នោះ គឺ​ប្រកាស​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត។

លោក ទេព នីថា៖ «តួ​អង្គ​សំខាន់​នៅ​ការិយាល័យ​បោះ​ឆ្នោត គឺ​មាន​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ដែល​មាន ៦​នាក់ មាន​មន្ត្រី​សន្តិសុខ​នៅ​ការិយាល័យ​បោះ​ឆ្នោត មាន ៣​នាក់ ដែល​គាត់​នៅ​ចម្ងាយ​ពី ១៥​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ​ពី​ការិយាល័យ​បោះ​ឆ្នោត។ ភ្នាក់ងារ​គណបក្ស​ដែល​គណបក្ស​ឈរ​ឈ្មោះ​នីមួយៗ អាច​ដាក់​ភ្នាក់ងារ​របស់​គាត់​ម្នាក់ និង​បម្រុង​ម្នាក់​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត។ មាន​អ្នក​សង្កេតការណ៍​ដែល​មក​ដល់​ពេល​នេះ​ជាង ១​ម៉ឺន​នាក់​ហើយ។ មាន​តួ​អង្គ​សំខាន់​ទៀត​នៅ​ទី​នោះ គឺ​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​បោះ​ឆ្នោត»

លោក​បាន​បញ្ជាក់​ថា លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​នោះ នឹង​ប្រកាស​ឲ្យ​ដឹង​ក្នុង​រយៈពេល ១​សប្ដាហ៍ ឬ ៣​សប្ដាហ៍ បើ​គ្មាន​បណ្ដឹង​តវ៉ា។

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​សរុប​ជាង ៥.០០០​នាក់ ចែក​ជា ៥​ក្រុម។

លោក គល់ បញ្ញា៖ «ការងារ​របស់​គេ គឺ​ថា គេ​មើល​លើ​ដំណើរ​ការ​ចុះ​ឈ្មោះ គេ​មើល​លើ​ដំណើរ​ការ​បរិយាកាស​នៃ​ការ​បំភិតបំភ័យ ហិង្សា​ទាក់ទង​នឹង​នយោបាយ យុទ្ធនាការ​ឃោសនា ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ។ គេ​មើល​លើ​យុទ្ធនាការ​ឃោសនា ការ​ឃោសនា​បោះ​ឆ្នោត ហើយ​គេ​ជួយ​គ្រប់គ្រង​លើ​ការងារ​អ្នក​សង្កេតការណ៍​នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ។ ហើយ​ពួក​គេ​ក៏​តាម​មើល​ផង​ដែរ អំពី​តើ​របៀប​ផ្ទេរ​អំណាច​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ថ្មី​ហ្នឹង ផ្ទេរ​អំណាច​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចាស់​ហ្នឹង តើ​របៀប​ផ្ទេរ​អំណាច​ហ្នឹង​វា​ទៅ​ដោយ​រលូន តើ​មាន​បញ្ហា​អ្វី​ទេ? ហើយ​ពួក​គេ​នឹង​រាយការណ៍​អំពី​បញ្ហា​នេះ»

លោក​បាន​ថ្លែង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បាន​កើន​ឡើង​ជាង​មុន ប៉ុន្តែ​អ្នក​ទៅ​បោះ​ឆ្នោត​អាច​នឹង​ធ្លាក់​ចុះ​ជាង​មុន ដោយសារ​តែ​មាន​វត្តមាន​មេ​ភូមិ​តាម​ឃ្លាំមើល​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​ការ​បន្លាច​មួយ និង​នីតិវិធី​បោះ​ឆ្នោត​សាំញ៉ាំ ដូច​ជា​ការ​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​ជា​ដើម។

ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​ដំណើរ​ការ​នៅ​ការិយាល័យ​បោះ​ឆ្នោត​សរុប ១៨.១០៧ ការិយាល័យ និង​មណ្ឌល​បោះ​ឆ្នោត​សរុប ១.៦៣៣​កន្លែង នៅ​ក្នុង​ឃុំ​សង្កាត់ ១.៦៣៣។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ទាំង ១០ នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២។ បេក្ខជន​សរុប​នៃ​គណបក្ស​ទាំង ១០​នោះ គឺ​មាន​ចំនួន ១.១៥៦​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។