បក្ស​ប្រឆាំង​​ចោទ​ថា​ការ​គំរាម​កំហែង​កម្រើក​ឡើង​វិញ​មុន​ពេល​បោះ​ឆ្នោត

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល បាន​អះអាង​ថា មាន​ការ​កម្រើក​ឡើង​វិញ​នូវ​សកម្មភាព​គំរាមកំហែង និង​សកម្មភាព​ទិញ​ទឹក​ចិត្ត​សកម្មជន​បក្ស​​ប្រឆាំង ពី​សំណាក់​បក្ស​កាន់​អំណាច​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ប៉ុន្តែ​ការ​ចោទ​​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ច្រាន​ចោល។

0:00 / 0:00

មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នឹង​មិន​អាច​មាន​យុត្តិធម៌ និង​ត្រឹមត្រូវ​បាន​ទេ ព្រោះ​មុន​ការ​បោះ​ឆ្នោត​នេះ​មាន​អាជ្ញាធរ​ជា​សមាជិក​បក្ស​កាន់​អំណាច បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​សកម្មជន ឬ​សមាជិក​គាំទ្រ​គណបក្ស​ប្រឆាំង​កើត​មាន​ច្រើន​តាម​មូលដ្ឋាន​។

លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ថា មាន​ករណី​គំរាមកំហែង​សកម្មជន​តាម​មូលដ្ឋាន​របស់​ខ្លួន​ជាង ១០០​ករណី​នៅ​ទូទាំង​ប្រទេស​​ពី​អាជ្ញាធរ​មូលដ្ឋាន​គណបក្ស​កាន់​អំណាច​មុន​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ចូល​មក​ដល់។ លោក​ថា រូបភាព​នៃ​ការ​គំរាម​នោះ មាន​តាម​រយៈ​ការ​បោះ​ពាក្យ​សម្តី​ប្រមាថ និង​ព្រមាន​ផ្តាច់ផ្តិល​ជីវិត​ជាដើម។

លោក កឹម សុខា ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣​នេះ ក៏​មាន​សកម្មភាព​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ ឬ​សកម្មជន​បក្ស​ប្រឆាំង​ពី​សំណាក់​បក្ស​កាន់​អំណាច មាន​រូបភាព​ចេញ​មុខ​​តាម​មូលដ្ឋាន។ លោក​ចង់​ឃើញ​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ស្មើ​ភាព​រវាង​បក្ស​កាន់​អំណាច និង​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល។

មិន​ខុស​គ្នា​ទេ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា មាន​ករណី​គំរាមកំហែ​ដល់​អាយុជីវិត ឬ​ករណី​ប្ដឹង​សកម្មជន​តាម​មូលដ្ឋាន​របស់​ខ្លួន​រាប់​រយ​ករណី​មុន​ការ​បោះ​ ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៣។

ទោះ​លោក សុន ឆ័យ មិន​បាន​បញ្ជាក់​តួលេខ​សកម្មភាព​គំរាមកំហែង​សកម្មជន​របស់​ខ្លួន​ពី​អាជ្ញាធរ ​គាំទ្រ​បក្ស​កាន់​អំណាច​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ទេ ក៏​ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា ករណី​គំរាមកំហែង​នេះ​កើត​មាន​មិន​ក្រោម ១០០​ករណី​ទេ។

លោក​អះអាង​ថា អំពើ​ហិង្សា ឬ​សកម្មភាព​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង​ពី​សមត្ថកិច្ច​គាំទ្រ​បក្ស​ កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ មិន​ទាន់​ថយ​ចុះ និង​មាន​រូបភាព​គួរ​ឲ្យ​ព្រួយ​​បារម្ភ​​ដដែល។

​ដោយ​ឡែក លោក ប៉ែន សង្ហា មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ បាន​ទទួល​ស្គាល់​ថា អំពើ​ហិង្សា​មុន​ការ​បោះ​ឆ្នោត​នៅ​បន្ត​កើត​មាន ព្រោះ​កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ មាន​សកម្មជន​របស់​ខ្លួន​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់។ លោក​ចាត់​ទុក​ឃាតកម្ម​នេះ​ជា​ការ​គំរាមកំហែង​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ចូល​មក​ដល់។

ប្រតិកម្ម​តប​បញ្ហា​នេះ លោក អ៊ុក គឹមហាន ប្រធាន​នាយកដ្ឋាន​បូក​សរុប​​​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី ថា ជា​ការ​ចោទ​គ្មាន​ការ​ពិត។ លោក​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​គ្មាន​គោលការណ៍ ​ឬ​ក៏​គ្មាន​វិធានការ​ក្នុង​ការ​ទិញ​ដូរ​សកម្មជន ឬ​ក៏​ប្រើ​ឲ្យ​សមត្ថកិច្ច​តាម​មូលដ្ឋាន​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង​ នោះ​ទេ។

​ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​​​​គណៈកម្មាធិការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ ហៅ​កាត់​ថា និកហ្វិច (NICFEC) បាន​ថ្លែង​ថា អំពើ​ហិង្សា ឬ​សកម្មភាព​គំរាម​កំហែង​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត​នៅ​ បន្ត​កើត​មាន។ លោក​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​ភាព​ចាស់​ទុំ និង​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​ស្មើ​ភាព និង​មាន​យុត្តិធម៌។

យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១២។ រី​ឯ​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។