សង្គម​ស៊ីវិល៖ អត្រា​ស្លាប់​មាតា​និង​ទារក​នៅ​តែ​មាន​កំណើន​ខ្ពស់

របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សកម្មភាព​ដើម្បី​សុខភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ចំណោម ២៤​ខេត្ត រាជធានី និង​ក្រុង ក្នុង​នោះ​មាន​ខេត្ត​ចំនួន ៤ ដែល​មិន​បាន​ទទួល​សេវា​ថែទាំ​សុខភាព និង​ការ​សម្រាល​កូន​គ្រប់​គ្រាន់​នៅ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2012-07-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អានទ្រូ ម៉ាទីន (Andrew Martin) ៣០៥
១០-កក្កដា-២០១២៖ លោក អានទ្រូ ម៉ាទីន (Andrew Martin) នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ ថ្លែង​ពី​អត្រា​ស្លាប់​របស់​មាតា និង​ទារក។
RFA/Morm Moniroth

ព្រោះ​តែ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រជុំជន ពេទ្យ​ពុំ​មាន​ជំនាញ​វិជ្ជាជីវៈ និង​ខ្វះ​សម្ភារៈ​ប្រើប្រាស់។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង បើ​គិត​ជា​ភាគរយ​មាន​ចំនួន ២១,២%។ ចំណែក​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី វិញ មាន​តែ ៣០,១% ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ទៅ​នឹង​តំបន់​មួយ​ចំនួន​ទៀត ដូច​ជា ទី​ប្រជុំជន រាជធានី​ភ្នំពេញ និង​ជន​បទ ដែល​អត្រា​នេះ​មាន​កំណើន​រហូត​ដល់​ជាង ៨០%។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ (Advance Research Independent Team) ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​ការ​ប្រឈម​ថែម​ទៀត​នោះ គឺ​អត្រា​នៃ​ការ​ស្លាប់​របស់​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ដល់​៤៩​ឆ្នាំ ស្លាប់​ក្រោយ​ពេល​សម្រាល​រយៈពេល ៤១​ថ្ងៃ ប្រមាណ​២៦% កើត​ចេញ​ពី​កង្វះ​ការ​ថែទាំ ស្លេក​ស្លាំង និង​អាហារ​មិន​គ្រប់​គ្រាន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សុខភាព រក​ឃើញ​ថា អ្វី​ដែល​នៅ​តែ​បន្ត​កើត​មាន​នោះ គឺ​ដោយ​សារ​តែ​ការ​ជួយ​សង្គ្រោះ​យឺត​យ៉ាវ​របស់​ពេទ្យ​ជំនាញ ស្ថានភាព​ផ្លូវ​នៅ​ពុំ​ទាន់​ធានា និង​ការ​គិត​យឺត​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ពេល​សម្រាល​កូន​ជាដើម។

នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ គឺ​លោក អានទ្រូ ម៉ាទីន (Andrew Martin) លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ថា បញ្ហា​ប្រឈម​នៃ​អត្រា​ស្លាប់​មាតា និង​ទារក ក្នុង​ពេល​សម្រាល​កូន​របស់​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន ៤ មាន​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​ឡើយ។

លោក​ថា នោះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀ​ត អាច​និយាយ​បាន​ថា អត្រា​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រកាស​អាសន្ន៖ «យើង​ឃើញ​ហើយ​ថា នៅ​ខេត្ត​ព្រះវិហារ អត្រា​ស្លាប់​របស់​ទារក​ក្នុង​ពេល​សម្រាល មាន​ចំ​នួន ៩៥​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត ១ពាន់​នាក់។ នោះ​បើ​គេ​ប្រៀប​ធៀប​ទៅ​នឹង​ទីក្រុង​ភ្នំពេញ អត្រា​ស្លាប់​ក្នុង​ពេល​សម្រាល​មាន​តែ ១៣នាក់ ក្នុង​ចំណោម​អ្នក​ផ្តល់​កំណើត ១ពាន់​នាក់។ ចំណែក​ខេត្ត​មណ្ឌលគិរី និង​រតនគិរី អត្រា​ស្លាប់​របស់​មាតា និង​ទារក មាន​ចំនួន ៨២​នាក់ ក្នុង​ចំណោម​អ្នក​ផ្តល់​កំណើត ១ពាន់​នាក់។ ជា​ពិសេស​ខេត្ត​មណ្ឌលគិរី រតនគិរី គឺ​ជា​ខេត្ត​ជាប់​លេខ​២ ដែល​មាន​អត្រា​ស្លាប់​ខ្ពស់ ខណៈ​ខេត្ត​ព្រះ​វិហារ និង​ស្ទឹងត្រែង មាន​កម្រិត​ខ្ពស់​បំផុត ដែល​មាន​អ្នក​ស្លាប់​ចំនួន ១៨០​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត ១ពាន់​នាក់»

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ លោក​ចាត់​ទុក​ថា អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ផែនការ នេះ នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​ឲ្យ​បាន​ពេញ​លេញ​ពី​តម្រូវ​ការ​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​នេះ នៅ​តាម​សហគមន៍​នៅ​ឡើយ​ទេ។ លោក​ថា អត្រា​ស្លាប់​មាតា និង​ទារក ក្នុង​ពេល​សម្រាល​កូន​របស់​ខេត្ត​៤ មាន​ដូច​ជា​ខេត្ត​កែប និង​ខេត្ត​​កោះកុង ជាដើម ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ រហូត​ដល់ ៤៣៧​នាក់ ក្នុង​ចំណោម​ការ​ផ្តល់​កំណើត ១​ម៉ឺន​នាក់ កាល​ពី​ឆ្នាំ​២០០០។

លោក កែម ឡី បន្ត​ថា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២០៦​នាក់ ក្នុង​ចំណោម​អត្រា​ផ្ដល់​កំណើត ១០​ម៉ឺន​នាក់ កាល​ពី​ឆ្នាំ​២០១០។ បើ​ទោះ​ជា​បែប​នេះ​ក្តី លោក​ថា តែ​ស្ថិតិ​ជំរឿន​ប្រជាសាស្ត្រ​ក្នុង​ឆ្នាំ​២០០៨ រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​នៅ​តែ​មាន​កំណើន​ខ្ពស់ ពោល​គឺ​អត្រា​នេះ​មាន​ចំនួន ៤៦០​នាក់ ក្នុង​ចំណោម ១០​ម៉ឺន​នាក់។ ក្នុង​ន័យ​នេះ​លោក​ថា តួលេខ​នេះ​នៅ​តែ​ជា​ការ​ប្រឈម​ខ្ពស់​នៅ​ឡើយ ដែល​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា។

លោក កែម ឡី៖ «ពី​ព្រោះ​ថា អត្រា​ស្លាប់​របស់​មាតា​មិន​ទាក់​ទង​តែ​មួយ​គត់​ទៅ​លើ​វិស័យ​សុខាភិបាល​ទេ សំខាន់​ទាក់​ទង​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន បើ​ប្រជាជន​មិន​អាច​ចាក​ផុត​ពី​ភាព​អត់​ឃ្លាន ពី​ភាព​ក្រីក្រ មិន​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ហ្នឹង​លឿន​ទេ»

អត្រា​នៃ​ការ​ស្លាប់​នៅ​តែ​មាន​កម្រិត​ខ្ពស់​បែប​នេះ ទើប​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សុខភាព​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ផែនការ​អភិវឌ្ឍ​សហស្សវត្ស (MDG) របស់​រដ្ឋាភិបាល​ដែល​ជា​គោលដៅ​ទី​៥ ក្នុង​ចំណោម​គោលដៅ​ចំនួន​៩ នឹង​មិន​អាច​សម្រេច​ជោគ​ជ័យ​តាម​ការ​កំណត់​បាន​ទេ។

លោក អានទ្រូ ម៉ាទីន នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខភាព​គិត​ថា ដើម្បី​កាត់​បន្ថយ​បញ្ហា​លើ​ផ្នែក​នេះ ដរាប​ណា​រដ្ឋាភិបាល​បង្កើន​ប្រព័ន្ធ​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព បង្កើន​ការ​អប់រំ​នៅ​តាម​មណ្ឌល​សុខភាព លើក​ទឹក​ចិត្ត​ពលរដ្ឋ​ក្នុង​សហគមន៍​ជន​បទ ក្នុង​ការ​ទទួល​យក​សេវា​ថែទាំ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ និង​ជា​ពិសេស ត្រូវ​ធានា​ថា សេវា​ដែល​ផ្ដល់​ជូន​ពលរដ្ឋ​គឺ​ជា​កាតព្វកិច្ច​ដែល​រដ្ឋ​ត្រូវ​បំពេញ ដោយ​មិន​គិត​កម្រៃ​ជាដើម។

លោក អានទ្រូ ម៉ាទីន៖ «រដ្ឋាភិបាល​គួរ​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ផ្ដល់​សេវា​សុខភាព​របស់​រដ្ឋ និង​គួរ​បង្កើន​គុណភាព​ទៅ​លើ​អ្នក​ផ្ដល់​សេវា​ផ្នែក​សុខភាព​ឲ្យបាន​ពេញ​លេញ ហើយ​និង​បង្កើន​គុណភាព​ថែទាំ​សុខភាព​ដល់​ប្រជាជន និង​ទាមទារ​ជា​ចាំបាច់​នៅ​ពេល​ដែល​បម្រើ​ការ​ជាមួយ​សហគមន៍​ត្រូវ​ជំរុញ​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​មុន​ពេល​សម្រាល និង​ត្រូវ​បង្កើន​គុណភាព​ដល់​បុគ្គលិក​បម្រើ​សេវា​សុខភាព​ឲ្យ​មាន​កម្រិត​យល់​ដឹង​ខ្ពស់។ តែ​ជា​អកុសល នៅ​តាម​មណ្ឌល​សុខភាព​មិន​ទាន់​មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​បម្រើ​សេវា​នេះ​នៅ​ឡើយ»

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា បាន​បើក​យុទ្ធនាការ​គាំទ្រ​កម្មវិធី​កំណែ​ទម្រង់ និង​ពន្លឿន​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ការ​ចូល​រួម​របស់ UNFPA នេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង សម្រាប់​សេវា​ថែទាំ​សុខភាព និង​ជា​មធ្យោបាយ​កាត់​បន្ថយ​អត្រា​ការ​ស្លាប់​របស់​មាតា និង​ទារក​ក្នុង​ពេល​សម្រាល​កូន។

របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​សុខភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​អង្កេត​ប្រជាសាស្ត្រ​ឆ្នាំ​២០១០ របស់​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា ភាគរយ​នៃ​ការ​សម្រាល​កូន​តាម​បែប​វិទ្យាសាស្ត្រ ដោយ​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឬ​ពេទ្យ​ឆ្មប​សម្រាប់​ខេត្ត​មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង អត្រា​ដែល​ទទួល​បាន​សេវា​លើ​ផ្នែក​នេះ​ពី​អ្នក​ជំនាញ នៅ​មាន​កម្រិត​ទាប​នៅឡើយ ពោល​គឺ​ចន្លោះ​ប្រមាណ​ពី ២០​ទៅ​៣០%។ អត្រា​នេះ បើ​ប្រៀប​ធៀប​ដូច​គ្នា​ទៅ​នឹង​ទី​ប្រជុំជន រាជធានី​ភ្នំពេញ និង​ជនបទ មាន​ការ​វិវត្ត​កើន​ឡើង​ចន្លោះ​ជាង ៦០​ទៅ​ជាង​៩០%។

របាយការណ៍​រក​ឃើញ​ទៀត​ថា ចំពោះ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ខ្ពស់​ជាង​គេ​ទី​២ ក្នុង​ចំណោម ២៤​ខេត្ត-ក្រុង ដែល​ក្នុង​នោះ​អ្នក​ស្លាប់​ចំនួន ៨២​នាក់ ក្នុង​ចំណោម​នៃ​ការ​ផ្ដល់​កំណើត​ដំណាល​គ្នា ១ពាន់​នាក់។ អត្រា​នៃ​កំណើន​នេះ​កើន​ឡើង​ពីរ​ដង គិត​ជា​មធ្យម​ភាគ បើ​ប្រៀប​ធៀប​នៅ​ទូទាំង​ប្រទេស​ដែល​មាន​អត្រា​នៃ​ការ​ស្លាប់ ៤៥​នាក់ ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត ១ពាន់​នាក់ និង​មាន​កំណើន​ច្រើន​ជាង ៦​ដង ខ្ពស់​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​មាន​តែ ១៣​នាក់ ក្នុង​ចំណោម​កូន​កើត​រស់ ១ពាន់​នាក់។

ចំណែក​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ អត្រា​នៃ​ការ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទូទាំង​ប្រទេស ដែល​មាន​អ្នក​ស្លាប់​ចំនួន ៩៥​នាក់ ក្នុង​ចំណោម​ការ​ផ្ដល់​កំណើត ១ពាន់​នាក់។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ប្រទេស​ឡាវ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ទាំង​១០ ដែល​រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​របស់​មាតា និង​ទារក​ខ្ពស់​ជាង​គេ​នៅ​ឡើយ។

លទ្ធផល​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព ឆ្នាំ​២០១០ របស់​ក្រសួង​ផែនការ​ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេល​កន្លង​ទៅ​នេះ បង្ហាញ​ថា មរណភាព​មាតា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

ស្ត្រី​ដែល​មាន​ផ្ទៃពោះ ៩​នាក់ ក្នុង​ចំណោម ១០​នាក់ ទទួល​បាន​ការ​ថែទាំ​ផ្ទៃពោះ​មុន​ពេល​សម្រាលកូន​ពី​អ្នក​ផ្ដល់​សេវា​ជំនាញ។ នៅ​គ្រា​សម្រាល​កូន ៧​នាក់ ក្នុង​ចំណោម ១០​នាក់ ត្រូវ​បាន​ជួយ​ពី​អ្នក​ផ្ដល់​សេវា​ជំនាញ ហើយ​ការ​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​របស់​រដ្ឋ បាន​កើន​ឡើង​នោះ​បើ​ប្រៀបធៀប​ទៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន។

បើ​ទោះ​ជា​បែប​នេះ​ក្តី លោក កែម ឡី ចាត់​ទុក​ថា កម្មវិធី​អភិវឌ្ឍ​សហស្សវត្ស​របស់​រដ្ឋាភិបាល​នឹង​មិន​អាច​សម្រេច​ក្នុង​ឆ្នាំ​២០១៥ បាន​ទេ។ លោក​គិត​ថា ព្រោះ​នៅ​មាន​តំបន់​មួយ​ចំនួន​ទៀ​ត ដូច​ជា​ខេត្ត​ព្រៃវែង កំពត ក្រុង​ព្រះសីហនុ និង​ក្រុង​ប៉ៃលិន ជាដើម ដែល​មាន​អត្រា​អ្នក​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ខ្ពស់​នៅ​ឡើយ។ អត្រា​នៃ​ការ​ស្លាប់​របស់​មាតា និង​ទារក ស្ថិត​នៅ​ចន្លោះ​ពី ៤០០​ទៅ​៩០០​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដល់​កំណើត ១០ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល