មន្ត្រីគណបក្ស សម រង្ស៊ី បានចោទប្រកាន់ថា ក្រុមអាជ្ញាធរមូលដ្ឋាន មានប្រធានមណ្ឌល មេភូមិ មេឃុំ ចៅសង្កាត់ និងអាជ្ញាធរស្រុកក្រុងនៅក្នុងខេត្តបន្ទាយមានជ័យ បានចុះធ្វើសកម្មភាពគំរាមកំហែងប្រជាពលរដ្ឋនៅតាមការិយាល័យបោះឆ្នោតនៅក្នុងខេត្តបន្ទាយមានជ័យ។ បញ្ហានេះ បក្សប្រឆាំងមើលឃើញថា ជាឧបសគ្គមួយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់មិនបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា។
លោក មាន សារិទ្ធិ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី បានថ្លែងថា គណបក្ស សម រង្ស៊ី និងរៀបចំពាក្យបណ្ដឹងប្ដឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ ជុំវិញភាពមិនប្រក្រតីដែលកើតមាននៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា។
មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ថែមថា ក្រុមអាជ្ញាធរមូលដ្ឋានទាំងនោះបាននាំចុះទៅបង្ហាញមុខនៅតាមការិយាល័យបោះឆ្នោតធ្វើឲ្យប្រជាពលរដ្ឋមានភ័យខ្លាច៖ «ថ្ងៃបោះឆ្នោត មានមេភូមិ មេក្រុម មេឃុំ មានអភិបាលក្រុង ទៅឈរពីមុខការិយាល័យបោះឆ្នោតតែម្ដងពីម៉ោង ៧ ដល់ម៉ោង ១០ព្រឹក និយាយរួម ស្ទើរតែគ្រប់ភូមិ ឈរប្រាប់ប្រជាពលរដ្ឋឲ្យគូសឲ្យគណបក្សខ្លួនតែម្ដង ហើយយើងប្ដឹងទៅសិច (CEC) គាត់ជួយមិនឈ្នះទេ។ សិចហាម និងដេញដែរ តែដេញមិនឈ្នះពេលហ្នឹងបេក្ខជនឈរឈ្មោះយើងបានដេញ រហូតដល់ប៊ិសនឹងវ៉ៃគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជន»។
លោក គី គឹមសេង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តទទួលស្គាល់បញ្ហានេះ។ លោកបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពុងរង់ចាំដោះស្រាយលើពាក្យបណ្ដឹងដែលកើតមាននៅក្នុងថ្ងៃបោះឆ្នោត។ លោកសង្កត់ធ្ងន់ថា មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែពួកគាត់មិនបានចូលរួមបោះឆ្នោតទេ កាលពីថ្ងៃទី៣ ខែមិថុនា៖ «អ្នកទៅបោះឆ្នោតទាំងអស់ មានចំនួន ២៣៣.០៥៣នាក់ បានបោះឆ្នោតតែ ៥០,៧៦% ទេ។ ៥១% ធ្លាក់ដូចតែគ្នា មិនមែនតែខ្ញុំអី ទូទាំងប្រទេស មិនដឹងធ្វើម៉េចប្រជាពលរដ្ឋគាត់មិនទៅ»។
ការខកខានមិនបានបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនេះ ត្រូវបានមន្ត្រីគណបក្សប្រឆាំងទម្លាក់កំហុសទៅលើរូបភាពគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន។
លោក មានសារិទ្ធិ ចោទថា នៅមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលពុំបានបោះឆ្នោតដោយសារពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណ ម្យ៉ាងវិញទៀត ស្មៀនឃុំចៅសង្កាត់ពុំបានចេញលិខិតបញ្ជាក់អត្តសញ្ញាណធ្វើអោយពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត។ ចំណែកនៅឯខេត្តបាត់ដំបងវិញ ក៏មានប្រជាពលរដ្ឋមិនបានទៅបោះឆ្នោតច្រើនដូចគ្នាដែរ។
លោក វន ពន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបញ្ជាក់ថា មានប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅខេត្តបាត់ដំបង នៅឆ្នាំ២០១២ នេះ ប៉ុន្តែពួកគាត់មិនបានចូលរួមបោះឆ្នោតជាច្រើននាក់ កាលពីថ្ងៃទី៣ ខែមិថុនា។ ក្នុងចំនួន ៦.៧៩ង.២៤៣នាក់ មានប្រជាពលរដ្ឋ ៥៧,៣២% ទេ ដែលបាននាំគ្នាទៅចូលរួមបោះឆ្នោត។
លោក ស៊ុន តឹក ប្រធានសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង យល់ឃើញថា ប្រជាពលរដ្ឋខ្មែរមិនបានចូលរួមបោះឆ្នោតច្រើននាក់ ដូច្នេះធ្វើឲ្យមានក្តីព្រួយបារម្ភដល់លទ្ធិប្រជាធិបតេយ្យ៖ «យើងគិតថា បើមិនទៅបោះឆ្នោតច្រើនគ្នាអ៊ីចឹង វាអត់មានការបញ្ចេញសំឡេង បញ្ចេញមតិរបស់ ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។ អ្នកខ្លះគាត់ចង់បានថ្នាក់ដឹកនាំរូបនេះ មើលទៅមិនឈ្នះគេដដែលគាត់អត់ទៅ អាហ្នឹងជាភាពអយុត្តិធម៌មួយសម្រាប់ក្រុមគ្រួសារគាត់»។
មន្ត្រីអង្គការសង្គមស៊ីវិលដែលបានឃ្លាំមើលដំណើរការបោះឆ្នោត បានកត់សម្គាល់ថា ការបោះឆ្នោតនៅឆ្នាំ២០១២នេះ ខុសពីឆ្នាំបោះឆ្នោតលើកមុន។ ប្រជាពលរដ្ឋក្រីក្រភាគច្រើនបាននាំគ្នាខ្វល់ខ្វាយពីបញ្ហាជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារជាងការយកចិត្តទុកដាក់ក្នុងរឿងគណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
