នៅទីក្រុងភ្នំពេញ មានពលរដ្ឋ និងយុវជនយុវនារីក្មេងៗខ្លះ បានបរិច្ចាគធនធានផ្ទាល់ខ្លួន ទិញទឹកសុទ្ធ ឬបូពាក់កាន់ទុក្ខ សម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃ។ ក្រៅពីនេះ មានយុវជនខ្លះ បានលះបង់កោរសក់របស់ខ្លួនកាន់ទុក្ខថែមទៀត។
យុវជន ទិត្យ ថារ៉ា ជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនឯកជនមួយ មានទីតាំងក្នុងទីក្រុងភ្នំពេញ លោកបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា រូបគេបានកោរសក់កាន់ទុក្ខអតីតព្រះមហាក្សត្រ។ លោកថា ទោះជារូបគេជាពលរដ្ឋសាមញ្ញក្តី ក៏ប៉ុន្តែដោយក្តីស្រឡាញ់ និងទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះអង្គក្នុងការដឹកនាំប្រទេសឲ្យមានសន្តិភាពកន្លងមក រូបគេក៏សម្រេចចិត្តកោរសក់កាន់ទុក្ខ ដើម្បីបង្ហាញភាពគោរព។
លោក ទិត្យ ថារ៉ា៖ «យើងសរសើរនូវវីរភាពរបស់គាត់ ហើយគាត់ គឺជាស្ដេចមួយអង្គដែលចេះបង្រួបបង្រួមជាតិឲ្យមានសន្តិភាព។ អ៊ីចឹង យើងនឹកឃើញថា សក់ក្បាលយើងៗអាចកោរតែ ១ខែ ឬ២ខែ អាចដុះឡើងវិញ។ អ៊ីចឹង យើងដើម្បីគោរព ទោះបីជាយើងមិនមែនជាត្រកូលក្សត្រ យើងមិនបានបួសមុខភ្លើងដូចគេក្តី ក៏ប៉ុន្តែយើងតាំងក្នុងចិត្តយើងថាយើងបានបួស ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់គាត់»។
មិនខុសគ្នាពីយុវជន ទិត្យ ថារ៉ា ទេ យុវជនច្រើនទៀត ក៏មានទឹកចិត្តជ្រះថ្លា និងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញទឹកសុទ្ធ ឬបូពាក់កាន់ទុក្ខ សម្រាប់ចែកជូនមិនគិតថ្លៃ។
លោក លី សុជាតិ ជាប្រិយមិត្តនៃបណ្ដាញព័ត៌មានសង្គម ហ្វែសប៊ុក (Facebook) លោកបានប្រាប់មិត្តភ័ក្ដិរបស់គាត់តាមអាសយដ្ឋានហ្វែសប៊ុក របស់លោកថា គាត់បានទិញទឹកសុទ្ធត្រាំទឹកកកឲ្យត្រជាក់ ចែកជូនពលរដ្ឋចូលរួមមរណទុក្ខ នៅតាមដងវិថីនានា កាលពីថ្ងៃទី១៧ ខែតុលា។ លោក លី សុជាតិ ចង់ឲ្យពលរដ្ឋខ្មែរផ្សេងទៀត បើកចិត្តឲ្យបានទូលាយ និងមានសន្តានចិត្តល្អ ដើម្បីបង្ហាញការគោរពចំពោះអតីតព្រះមហាក្សត្រនៃយើង ដែលសោយទិវង្គត។
ប្រជាពលរដ្ឋ និងសិស្សានុសិស្សវ័យក្មេងមួយចំនួន បានឲ្យដឹងថា ពួកគេនឹងបន្តកាន់ទុក្ខចំពោះការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រឲ្យបានគ្រប់ ៧ថ្ងៃ។
ទាក់ទិនបញ្ហានេះ ភិក្ខុ នាម ចន្ទនឿន ព្រះចៅអធិការស្តីទីវត្តទួលសន្តិវន្ត ហៅវត្តទួលអស់លោក មានទីតាំងក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានថេរដីកាថា រាល់ទង្វើរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើចំពោះព្រះបរមសពរបស់អតីតព្រះមហាក្សត្រ គឺបង្ហាញកតញ្ញូដល់ព្រះមហាក្សត្ររបស់ខ្លួន៖ «សូមគោរពចំពោះប្រជាជនខ្មែរទាំងអស់ ដែលគាត់សុខចិត្តលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនទៅចូលរួមដង្ហែ និងទៅចូលរួមទទួលព្រះរាជសពនេះ។ ហើយសូមអំពាវនាវដល់ប្រជាជនខ្មែរទូទៅទៀត បើគាត់មិនទាន់បានបំពេញនូវទឹកចិត្តទេ សូមឲ្យគាត់ជួយបញ្ចេញយ៉ាងហោចបំផុតនៅក្នុងរយៈពេល ៧ថ្ងៃ តាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា សូមឲ្យគាត់ពាក់នូវក្រណាត់ពណ៌ខ្មៅ ដើម្បីសម្ដែងចេញនូវការគោរព និងការដឹងគុណចំពោះព្រះរាជសព របស់ព្រះបាទ នរោត្តម សីហនុ»។
ទោះយ៉ាងណា មិនមែនមានប្រជាពលរដ្ឋមានសន្ដានចិត្តសប្បុរសទាំងអស់នោះទេ ស្របពេលនេះដែរ មានប្រជាពលរដ្ឋខ្លះ បានឆ្លៀតឱកាសប្រកបអាជីវកម្មស្វែងរកប្រាក់ចំណេញយ៉ាងស្រួល ក្នុងឱកាសដ៏កម្រនេះដែរ គឺមានដូចជា ម្ចាស់ទីកន្លែងផ្ញើយានជំនិះមួយចំនួនក្នុងទីក្រុងភ្នំពេញ បានឆ្លៀតដំឡើងតម្លៃផ្ញើយានយន្តខ្ពស់ មួយជាប្រាំ ខុសថ្ងៃធម្មតា និងមានអាជីវកខ្លះទៀត ក៏បានដំឡើងថ្លៃទំនិញរបស់ខ្លួនក្នុងពិធីបុណ្យព្រះបរមសព អតីតព្រះមហាក្សត្រនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
