ករណីដែលឈានដល់ការចោទប្រកាន់និងប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍នោះ គឺដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅឯខេត្តកំពត កាលពីខែមេសា ឆ្នាំ២០០៩ ថា មានស្រីជើងខ្លាំងខ្លះរត់ទៅឱបគេសោះ ថាគេប្រឡេះឡេវអាវ។
ករណីនេះត្រូវលោកស្រី មូរ សុខហួរ ប្តឹងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវតុលាការសាលាដំបូងមិនចាត់ការដោយសំអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ ហើយតុលាការសាលាដំបូងបែរជាចាត់ការបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានកាត់សេចក្តីឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់សងជំងឺចិត្តនិងប្រាក់ផាកពិន័យចំនួន១៦លានរៀល។
ករណីនេះលោកស្រី មូរ សុខហួរ បានថ្លែងប្រតិកម្មចំពោះការមិនចាត់ការបណ្តឹងរបស់សាលាដំបូងថា ភាពយុត្តិធម៌និងភាពស្មើគ្នានៅចំពោះមុខច្បាប់ក្នុងប្រទេសកម្ពុជា គឺមិនមានឡើយ។
លោកស្រី មូរ សុខហួរ បានថ្លែងប្រតិកម្មដូច្នេះ ៖ «រឿងក្ដីរបស់ខ្ញុំដែលមានចែងនៅក្នុងច្បាប់ ច្បាប់នោះដដែល អត់យកមកកាត់ឲ្យខ្ញុំទេ យកច្បាប់ដដែលយកទៅកាត់ជូនសម្ដេចនាយកទៅវិញ តើកន្លែងណាដែលថាយុត្តិធម៌នៅចំពោះមុខច្បាប់? ខ្ញុំមានការសោកស្ដាយណាស់ ដែលតុលាការយើងធ្វើឲ្យមានការបាត់បង់នូវអព្យាក្រឹតភាពនិងឯករាជភាព ដែលជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរ មិនត្រឹមតែដល់រូបភាពនៃប្រទេសជាតិទេ គឺដល់ការសង្ឃឹមនៃប្រជាពលរដ្ឋទាំងមូល»៕