ជម្លោះករណីបរិហារកេរ្តិ៍រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នករិះគន់ឥតសំចៃមាត់ តំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី១៥ កក្កដានេះ ដោយមានជម្រើសពីរ គឺលោកស្រី មូរ សុខហួរ នឹងត្រូវគេចាប់ដាក់គុកដើម្បីបង្ខំរូបរាងកាយឲ្យសងការផាកពិន័យតុលាការ ឬក៏លោកស្រីត្រូវបង់ប្រាក់ផាកពិន័យដោយខ្លួនឯង។
តុលាការរាជធានីភ្នំពេញ និងរតនាគាររាជធានីភ្នំពេញ បានដាក់ការកំណត់ចុងក្រោយឲ្យលោកស្រី មូរ សុខហួរ សងជំងឺចិត្តលោក ហ៊ុន សែន ជាទឹកប្រាក់ ៨លានរៀល និង ៨,៥លានរៀលទៅឲ្យរតនាគារនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ។
លោកស្រី មូរ សុខហួរ នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា នៅតែប្រកាន់ជំហរមិនបង់ប្រាក់ពិន័យឲ្យលោក ហ៊ុន សែន ហើយត្រៀមខ្លួនជាស្រេចដើម្បីចូលក្នុងពន្ធនាគារ ដើម្បីប្ដូរឲ្យមានប្រព័ន្ធយុត្តិធម៌ឯករាជ្យមួយនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ បណ្ដាញប្រជាពលរដ្ឋតំណាងឲ្យក្រុមអ្នកតស៊ូមតិ កម្មករ កម្មការិនី អ្នកប្រកបរបរផ្លូវភេទ ស្ត្រីផ្សព្វផ្សាយស្រាបៀ ក្រុមអ្នករត់ម៉ូតូឌុប កសិករ សិស្ស និស្សិត កំពុងប្រមូលរៃអង្គាសប្រាក់ដើម្បីយកទៅសងប្រាក់ផាកពិន័យជំនួសលោកស្រី មូរ សុខហួរ ប្រយោជន៍ដើម្បីកុំឲ្យលោកស្រីចូលគុក។
តំណាងបណ្ដាញប្រជាពលរដ្ឋម្នាក់ កញ្ញា អរុណ រស្មី មានប្រសាសន៍នៅថ្ងៃអង្គារ ទី១៣ កក្កដាថា ក្រុមរបស់កញ្ញាកំពុងប្រមូលលុយដើម្បីសងជំនួសលោកស្រី មូរ សុខហួរ ដោយកញ្ញាមិនចង់ឃើញលោកស្រីចូលគុកទេ។
បណ្ដាញប្រជាពលរដ្ឋនឹងប្រកាសចំនួនទឹកប្រាក់សរុបដែលក្រុមនេះបានប្រមូលក្នុងរយៈពេលជិតមួយសប្ដាហ៍ នៅថ្ងៃពុធ ទី១៤ កក្កដានេះ។
កញ្ញា អរុណ រស្មី ឲ្យដឹងដូច្នេះ ៖ «លោកស្រីគឺជាស្ត្រីគំរូរបស់ពួកយើង។ ការតស៊ូ វីរភាពដ៏អង់អាចក្លាហានរបស់គាត់ គឺដក់ក្នុងចិត្តពួកយើង យើងគោរពស្រលាញ់គាត់ យើងអត់ចង់ឲ្យបាត់វត្តមានគាត់នៅក្នុងបុព្វហេតុនៃការការពារសិទ្ធិស្ត្រី ជាពិសេស។ យើងនៅតែចង់ឃើញគាត់ យើងអត់គិតថា នៅក្នុងពន្ធនាគារហ្នឹងស្រួលទេ ទោះជាគាត់ចូលក្នុងរយៈពេលប៉ុន្មានក៏ដោយ ជាគោលជំហរ យើងអត់ចង់ឲ្យស្ត្រីម្នាក់ដ៏អង់អាចក្លាហាន ដ៏អស្ចារ្យដូចគាត់ ដែលគេទទួលស្គាល់លើឆាកអន្តរជាតិ»។
លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃអង្គារ ១៣ កក្កដានេះដែរថា លោកស្រីបានជ្រើសរើសជម្រើសទី១ គឺការដើរចូលគុក។ លោកស្រីបានសម្ដែងអំណរគុណចំពោះអ្នកគាំទ្រលោកស្រី ដោយចង់បង់លុយជំនួសលោកស្រី ប៉ុន្តែលោកស្រីនឹងមិនផ្ដល់សិទ្ធិដើម្បីឲ្យអ្នកគាំទ្រលោកស្រីយកលុយទៅបង់ជំនួសលោកស្រីទេ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ ៖ «ជម្រើសខ្ញុំបានជម្រាបហើយ គឺជម្រើសបង់លុយខ្ញុំអត់បង់ទេ។ តុលាការឲ្យខ្ញុំធ្វើម៉េចទៀតក្រៅពីបង់លុយ ស្រេចតែតុលាការចាត់វិធានការហ្នឹងទៅ។ ជំហរខ្ញុំអត់ប្ដូរទេ។ ប៉ុន្តែចំពោះខ្ញុំ បើមិនបង់លុយមានតែដើរចូលពន្ធនាគារ មានតែគេចាប់ចង ដូច្នេះខ្ញុំដឹងថាជម្រើសទី១ គឺពន្ធនាគារ និងជម្រើសទី២ ការបង់លុយ។ ខ្ញុំយកជម្រើសទី១»។
លោកស្រីបន្ថែមថា នៅពេលនេះជាពេលវេលាសមស្របមួយ ដើម្បីទាមទារឲ្យបានប្រព័ន្ធឯករាជ្យដែលអាចផ្ដល់យុត្តិធម៌ដល់ប្រជារាស្ត្រក្រីក្រ និងមិនមានភាពលម្អៀងទៅរកគណបក្សដែលកាន់អំណាច។
លោកស្រី មូរ សុខហួរ បន្ថែមថា ៖ «ជំហរគាត់ចង់ការពារខ្ញុំ លើកទឹកចិត្តខ្ញុំ មិនមែនលើកទឹកចិត្តខ្ញុំទេ មែនទែនគឺចង់បង្ហាញឲ្យឃើញថា គាត់ជាប្រជាពលរដ្ឋ លោកចង់បានតុលាការមួយឯករាជ្យ អព្យាក្រឹត មិនមែនជាឧបករណ៍នយោបាយ ដូច្នេះខ្ញុំមានការរំភើបណាស់។ ប៉ុន្តែខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអភ័យទោសដែលខ្ញុំមិនអាចបង់លុយបានទេ គឺខ្ញុំយកជម្រើសទី១ គឺចូលពន្ធនាគារនេះ»។
លោក គី តិច ជាមេធាវីរបស់លោក ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃអង្គារ ១៣ កក្កដានេះថា តុលាការនឹងអនុវត្តសេចក្ដីសម្រេចរបស់ខ្លួន ប្រសិនបើលោកស្រី មូរ សុខហួរ មិនព្រមបង់ប្រាក់ពិន័យ លោកស្រីអាចនឹងចាប់ខ្លួនដាក់គុកដើម្បីបង្ខំឲ្យសងប្រាក់។
លោក គី តិច មានប្រសាសន៍ថា ៖ «នេះមិនមែនពាក់ព័ន្ធលទ្ធិប្រជាធិបតេយ្យស្អីទេ នេះជាអំណាចនៃសាលក្រមរបស់តុលាការ។ ព្រោះនៅក្នុងអំណាចតុលាការហ្នឹង ច្បាប់អត់មានតម្រូវការថា អ្នកឯងជាអ្នកនយោបាយ ជាអ្នកលទ្ធិប្រជាធិបតេយ្យ អ្នកឯងជាអ្នកសង្គមស៊ីវិល ជាគណបក្សប្រឆាំង ជាគណបក្សកាន់អំណាចអីទេ ច្បាប់គឺមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់»។
លោក គី តិច បដិសេធថា ការអនុវត្តរបស់តុលាការគ្មានការទាក់ទងនឹងគំនាបនយោបាយណាមួយទេ។ លោកព្រមានថា ករណីលោកស្រី មូរ សុខហួរ ជាករណីព្រហ្មទណ្ឌ ច្បាប់មិនអនុញ្ញាតឲ្យមានអ្នកបង់ប្រាក់ជំនួសទេ។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃ១៣ កក្កដានេះថា សមត្ថកិច្ចត្រៀមខ្លួនដើម្បីអនុវត្តដីការបស់តុលាការ ប្រសិនបើមានការបញ្ជាឲ្យនាំខ្លួនលោកស្រី មូរ សុខហួរ។
លោក ខៀវ សុភ័គ មានប្រសាសន៍ដូច្នេះ ៖ «អាស្រ័យទៅលើស្ថាប័នតុលាការសម្រេច សមត្ថកិច្ចរង់ចាំតែអនុវត្តទេ។ សមត្ថកិច្ចមិនខ្លាចនឹងនាំខ្លួនទេ បើសិនជាមានដីកាឲ្យនាំខ្លួន។ បញ្ចេញមតិទាល់តែប្រឆាំងនឹងតុលាការទៀត ហ្នឹងមិនដឹងជាបញ្ចេញមតិថាម៉េចទេ។ ជម្រាបជូនថា បើសិនជាតុលាការលោកបង្គាប់ឲ្យនាំខ្លួនលោកស្រី មូរ សុខហួរ ទៅពន្ធនាគារ សមត្ថកិច្ចនឹងអនុវត្តភ្លាម»។
លោក សុក សំអឿន ប្រធានប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារ ទី១៣ ខែកក្កដាថា បើតាមច្បាប់លោកស្រីអាចនឹងត្រូវចាប់ខ្លួនដាក់គុក ប្រសិនបើលោកស្រីមិនបង់ប្រាក់ពិន័យរបស់តុលាការ។
លោកថា លោកស្រីនឹងអាចមានប្រជាប្រិយភាពក្រោយពេលដែលលោកស្រីត្រូវបានចាប់ខ្លួន។ ការចូលគុករបស់លោកស្រី អាចមានផលវិជ្ជមានក្នុងការទាមទារប្រព័ន្ធយុត្តិធម៌ប្រសើរមួយនៅកម្ពុជា។
លោក សុក សំអឿន មានប្រសាសន៍ដូច្នេះ ៖ «គាត់ធ្វើវីរនារីអ៊ីចឹងទៅក្រែងលោបាន (ពានរង្វាន់នូបែល) អីទៅ អាចល្បីមួយប្រាវដែរ។ ល្បីបន្តិចទៅ គេនឹងរកមធ្យោបាយដោះតាមផ្លូវនយោបាយទៅបានល្បីតែម្ដង»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងជួបប្រទះនឹងការលំបាកជាច្រើនក្នុងការផ្ដល់យុត្តិធម៌ជូន ប្រជាពលរដ្ឋ ជាពិសេសប្រជាជនក្រីក្រនៅកម្ពុជា។ ការខ្វះខាតនេះបានធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕
