លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា លោកស្រីមិនបង់ប្រាក់ពិន័យនោះ ព្រោះលោកស្រីយល់ថា ការកាត់ក្តីនោះមានលក្ខណៈអយុត្តិធម៌ចំពោះរូបលោកស្រី។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា ៖ «ខ្ញុំមិនអាចបង់បានទេ ពីព្រោះឲ្យឃើញតាំងពីជំហានទី១ រហូតទៅដល់ការកាត់ទោសនៅឯតុលាការកំពូល គឺកាត់ក្ដីអត់មានឈរលើស្មារតីនៃច្បាប់ដែលមានចែងរួចហើយ គឺច្បាប់ដែលនិយាយអំពីការដែលគេចូលទៅតុលាការ ត្រូវឲ្យមានមេធាវីការពារ ត្រូវឲ្យមានតុលាការ ចៅក្រមដែលមានភាពឯករាជ តុលាការមួយដែលមានអព្យាក្រឹតភាព។ ៣ចំណុចនេះគឺអត់មានទាល់តែសោះ! ដូច្នេះហើយខ្ញុំមិនអាចទទួលបាននូវអ្វីដែលជាសេចក្ដីសម្រេចពីសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូលទេ!»។
លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី១ កក្កដា ថា តាមច្បាប់ បើលោកស្រី មូរ សុខហួរ មិនបង់ប្រាក់ពិន័យតាមការសម្រេចរបស់ចៅក្រមតុលាការទេនោះ លោកស្រីអាចជាប់ពន្ធនាគារ។
លោក សុខ រឿន បានអះអាងថា ៖ «ចាំដល់ពេលរតនាគារគេធ្វើចប់សមត្ថកិច្ចគេ គេនឹងរាយការណ៍មកព្រះរាជអាជ្ញារាជធានីភ្នំពេញ បានព្រះរាជអាជ្ញារាជធានីភ្នំពេញគាត់នឹងចាត់ការតាមនីតិវិធី...»។
ចំពោះលោក គី តិច ដែលជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមអ្នកការពារក្តីជាមួយលោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា លោកបានឈ្នះក្តីហើយ ដូចនេះនីតិវិធីបន្តទៀតវាជាការងារតាមផ្លូវច្បាប់ និងតាមអំណាចរបស់តុលាការ។
ចៅក្រមតុលាការកំពូលបានបើកសវនាការករណីពាក្យបណ្ដឹងបរិហារកេរ្តិ៍រវាងលោកស្រី មូរ សុខហួរ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ មិថុនាកន្លងទៅ ដោយសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមតុលាការក្រុងឲ្យលោក ហ៊ុន សែន ឈ្នះលោកស្រី មូរ សុខហួរ ថាជាបានការ។
តាមសាលក្រមតុលាការក្រុង ក្រៅពីសម្រេចឲ្យចាញ់ក្តី ចៅក្រមកាត់ក្តីបានបង្គាប់ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ប្រមាណ ៤ពាន់ដុល្លារអាមេរិក ដោយក្នុងនោះមានប្រាក់ពិន័យត្រូវបង់ចូលរតនាគារជាតិមានប្រមាណ ២ពាន់ដុល្លារ និងប្រាក់បង់សំណងជំងឺចិត្តឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំនួនប្រមាណ ១.៩០០ដុល្លារទៀត៕
