ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខហៀង បានបញ្ជាកាលពីថ្ងៃទី២៨ ខែមិថុនា ឲ្យលោកស្រី មូរ សុខហួរ យកប្រាក់ចំនួន ៨លានរៀលទៅតម្កល់នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទូទាត់ប្រាក់សំណងឲ្យលោក ហ៊ុន សែន ជាម្ចាស់បំណុល ដែលតុលាការបានកាត់ឲ្យលោកឈ្នះក្តីក្នុងករណីបរិហារកេរ្តិ៍។
លោក ជា សុខហៀង មិនបានពន្យល់លំអិតថា តុលាការនឹងចាត់វិធានការយ៉ាងដូចម្ដេច ប្រសិនបើលោកស្រី មូរ សុខហួរ មិនបង់ប្រាក់ពិន័យទេ។ ប៉ុន្តែលោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី១ កក្កដា ថា តាមច្បាប់ បើលោកស្រី មូរ សុខហួរ មិនបង់ប្រាក់ពិន័យតាមការសម្រេចរបស់ចៅក្រមតុលាការទេនោះ លោកស្រីអាចជាប់ពន្ធនាគារ។
រតនាគាររាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមិថុនានេះ ក៏បានកំណត់ឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យ ៨លាន ៥សែនរៀល មិនឲ្យហួសពីថ្ងៃអាទិត្យ ទី៤ ខែកក្កដានេះទេ។ ករណីមិនព្រមបង់លុយ រតនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកស្រី មូរ សុខហួរ បច្ចុប្បន្នកំពុងស្នាក់នៅក្រៅប្រទេស ហើយគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៥ ខែកក្កដានេះ។ នៅថ្ងៃសុក្រនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីលោកស្រីបានទេ ជុំវិញការដាក់កំហិតរបស់តុលាការនេះ។ ប៉ុន្តែលោកស្រីធ្លាប់បានសរសេរក្នុងសារអេឡិចត្រូនិកថា លោកស្រីមិនបង់ការផាកពិន័យទាំងអស់ដែលមានចំនួន ១៦លាន ៥សែនរៀលទេ ហើយថា លោកស្រីនឹងមិនរត់ចោលស្រុកឡើយ។
អង្គការសង្គមស៊ីវិល និងបក្សជំទាស់ យល់ថា ប្រសិនបើលោកស្រី មូរ សុខហួរ ត្រូវគេចាប់ចូលពន្ធនាគារ លោកស្រីនឹងមានប្រជាប្រិយភាពកាន់តែខ្លាំង ដែលជានិមិត្តរូបនៃការទាមទារតុលាការឯករាជ្យនៅកម្ពុជា។
អ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី លោក គឹម សួរភិរិទ្ធ មានប្រសាសន៍នៅថ្ងៃសុក្រ ទី២ ខែកក្កដា ថា គណបក្សនៅតែបន្តគោរពសេចក្ដីសម្រេចចិត្តរបស់លោកស្រី មូរ សុខហួរ មិនបង់ប្រាក់សំណងក្នុងករណីបរិហារកេរ្តិ៍លោក ហ៊ុន សែន។ លោកថា គណបក្សគាំទ្រការដើរចូលគុករបស់លោកស្រី មូរ សុខហួរ ប្រយោជន៍ដើម្បីទាមទារប្រព័ន្ធតុលាការឯករាជ្យនៅកម្ពុជា។
នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍នៅថ្ងៃសុក្រនេះដែរថា តុលាការកម្ពុជាមិនត្រូវចាប់លោកស្រី មូរ សុខហួរ ដាក់ពន្ធនាគារ ដោយសារតែលោកស្រីមិនព្រមបង់លុយផាកពិន័យរបស់តុលាការទេ ពីព្រោះករណីនេះមិនមែនជាបទព្រហ្មទណ្ឌ។ លោកថា គួរមានការសម្របសម្រួលនយោបាយណាមួយដើម្បីបញ្ចប់ករណីនេះ ពីព្រោះបើបន្ត ទាំងលោកស្រី មូរ សុខហួរ និងរដ្ឋាភិបាល ចាញ់ទាំងពីរ ដោយសារ លោកស្រីអាចជាប់គុក ហើយរដ្ឋាភិបាលអាប់កេរ្តិ៍ឈ្មោះក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃសុក្រថា លោកស្រី មូរ សុខហួរ គួរគោរពសេចក្ដីសម្រេចរបស់តុលាការ ដើម្បីធ្វើឲ្យនីតិរដ្ឋនៅកម្ពុជាមានលក្ខណៈប្រសើរ។ លោកថា ករណីរបស់លោកស្រី មូរ សុខហួរ ជាករណីដោយឡែក មិនតំណាងឲ្យប្រជាជនកម្ពុជាទាំងមូល ក្នុងការទទួលបានប្រព័ន្ធយុត្តិធម៌ឯករាជ និងប្រសិទ្ធភាពទេ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បានរិះគន់កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាជននៃប្រទេសនេះ ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលគេមិនសូវគិតគូរដល់។ ការខ្វះខាតក្នុងប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿក្នុងប្រព័ន្ធយុត្តិធម៌៕