សភា​សម្រេច​កាត់​ប្រាក់​ខែ​មូរ​សុខហួរ​ដើម្បី​សង​ជំងឺ​ចិត្ត​ហ៊ុន​សែន

រដ្ឋ​សភា​បាន​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​របស់​លោក​ស្រី មូរ សុខហួរ ទៅ​តាម​ការ​ស្នើ​សុំ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​យក​លុយ​ទៅ​សង​ជំងឺ​ចិត្ត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា លោក ជាម យៀប បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា ថា រដ្ឋ​សភា​សម្រេច​កាត់​ប្រាក់​ខែ​របស់​លោកស្រី មូរ សុខហួរ ចំនួន ៨​លាន​រៀល​ក្នុង​រយៈ​ពេល ២​ខែ គឺ​ខែ​កក្កដា និង​សីហា ដើម្បី​យក​ប្រាក់​ទាំង​នោះ​ទៅ​សង​ជំងឺ​ចិត្ត លោក ហ៊ុន សែន។

លោក ជាម យៀប បញ្ជាក់​ថា ប្រាក់​ខែ​លោក​ស្រី​តំណាង​រាស្ត្រ មូរ សុខហួរ មាន​ចំនួន​ប្រហែល ៨​លាន​រៀល ហើយ​រដ្ឋ​សភា​ត្រូវ​កាត់​ប្រាក់​ខែ​ពាក់​កណ្ដាល​ក្នុង​មួយ​លើក​ៗ។

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា បាន​ស្នើ​ឲ្យ​រដ្ឋ​សភា​រឹប​អូស​ប្រាក់​ខែ​លោក​ស្រី មូរ សុខហួរ បន្ទាប់​ពី​លោក​ស្រី​មិន​ព្រម​បង់​ប្រាក់​ពិន័យ​តុលាការ។ តុលាការ​បាន​សម្រេច​កាត់​ឲ្យ​លោក​ស្រី មូរ សុខហួរ ចាញ់​ក្តី​ករណី​បរិហារ​កេរ្តិ៍ លោក ហ៊ុន សែន ដោយ​ត្រូវ​សង​ជំងឺ​ចិត្ត លោក ហ៊ុន សែន ចំនួន ៨​លាន​រៀល និង​ប្រាក់​ពិន័យ​ព្រហ្មទណ្ឌ​ចំនួន ៨​លាន ៥​សែន​រៀល។

ការ​កាត់​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​នេះ ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ថា​ជា​ការ​បំបិទ​សិទ្ធិ​ផ្នែក​បញ្ចេញ​មតិ​របស់​អ្នក​តំណាង​រាស្ត្រ។

លោក ជាម យៀប បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា ការ​កាត់​ប្រាក់​ខែ​ជា​គាប​សង្កត់​ផ្នែក​នយោបាយ។ លោក​ថា ទោះ​បី​ជា​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា មិន​អនុញ្ញាត​រដ្ឋ​សភា​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ​ក៏​ដោយ។ សភា​ត្រូវតែ​កាត់​ប្រាក់​ខែ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​តុលាការ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​ដែរ​ថា លោកស្រី​មិន​យល់​ព្រម​ចំពោះ​ការ​កាត់​ប្រាក់​ខែ​នេះ​ទេ ហើយ​លោក​ស្រី​នៅតែ​មិន​បង់​ប្រាក់​ពិន័យ​ចំនួន ៨​លាន ៥​សែន​រៀល​ទៀត​ទៅ​រតនាគារ​ជាតិ​ដដែល។ លោក​ស្រី​បន្ថែម​ថា លោក​ស្រី​ជា​ជន​រងគ្រោះ​នៃ​ការ​បរិហារ​កេរ្តិ៍ ប៉ុន្តែ​ដោយ​តុលាការ​នៅ​ក្រោម​អំណាច​រដ្ឋាភិបាល លោក​ស្រី​ក្លាយ​ទៅ​ជា​ជន​ល្មើស​ទៅ​វិញ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៣០ កក្កដា ថា ការ​កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ មូរ សុខហួរ វា​ប្រសើរ​ជាង​ការ​ចាប់​ដាក់​គុក ប៉ុន្តែ​ការ​កាត់​ប្រាក់​ខែ​នេះ​ជា​ការ​ប៉ះ​ពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​របស់​អ្នក​តំណាង​រាស្ត្រ។ លោក​ថា រដ្ឋ​សភា​មិន​បាន​បកស្រាយ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ ម្ដង​ថា អាច​ប្រាក់​ខែ​បាន ម្ដង​ថា មិន​អាច​កាត់​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​បាន។

លោក​ថា អ្នក​តំណាង​រាស្ត្រ​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ ហើយ​ការ​បញ្ចេញ​មតិ​នេះ​មិន​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍។

អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​កាត់​ទោស​លោកស្រី មូរ សុខហួរ ថា​ជា​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា៕