អ្នក​ភូមិ​ចោទ​មន្រ្តី​តុលាការ​ខេត្ត​មណ្ឌលគិរី​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

អ្នក​ភូមិ​មួយ​រូប​ចោទ​ថា មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល​ប្រាក់​សំណូក។

0:00 / 0:00

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៩ ដាក់​ជូន​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ប្រយោជន៍​សុំ​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។

អ្នក​ភូមិ​មាន​ឈ្មោះ ញ៉ វណ្ណដាក រស់​នៅ​ភូមិ​មេមុំ ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​មករា ឆ្នាំ​២០១០ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គាត់​បាន​ប្រគល់​ប្រាក់​២​លាន​រៀល​ទៅ​មន្ត្រី​ក្រឡា​បញ្ជី​ឈ្មោះ ខៀវ បាន កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ មុន​មួយ​ថ្ងៃ​នៃ​ការ​កាត់​ទោស​កូន​ប្រុស​គាត់​ដែល​ជាប់​ចោទ​ពី​រឿង​លួច​គោ។ គាត់​បញ្ជាក់​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី ឈ្មោះ ព្រំ វណ្ណៈ បាន​ណែនាំ​ឲ្យ​គាត់​ស្គាល់​លោក ខៀវ បាន នៅ​គ្រា​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​កូន​នៅ​ពន្ធនាគារ​និង​ឲ្យ​ប្រគល់​ប្រាក់​ទៅ​ក្រឡា​បញ្ជី​ដើម្បី​ជួយ​រត់​ការ​ក្នុង​ការ​កាត់​ទោស​កូន​ប្រុស​គាត់​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។ គាត់​បន្ត​ថា ក្រឡា​បញ្ជី​បោក​ប្រាស់​គាត់​យក​ប្រាក់​នោះ​ទើប​គាត់​ប្តឹង​ទារ​យក​ប្រាក់​នោះ​វិញ។

លោក ញ៉ វណ្ណដាក ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ថា កាត់​ទោស​ពី​១០​ឆ្នាំ​ទៅ​៨​ឆ្នាំ ដល់​អ៊ីចឹង​ខ្ញុំ​ថា លោក​បង​អើយ​កុំ​ធ្វើ​អ៊ីចឹង ខ្ញុំ​ថា ឥឡូវ​(សម្រួល)​ត្រឹម​លោក​បង​ទៅ។ ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​ហ្នឹង​ជាប់​ត្រឹម​២​ឆ្នាំ ឬ​មួយ​ឆ្នាំ​កន្លះ។ ខ្ញុំ​ហុច​លុយ​ឲ្យ​២​លាន​រៀល»

មន្រ្កី​ក្រឡា​បញ្ជី លោក ខៀវ បាន បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះ​ទេ។ លោក​បញ្ជាក់​ថា មិន​បាន​ដឹង​រឿង​និង​មិន​បាន​ស្គាល់​អ្នក​ភូមិ​នោះ​ឡើយ ៖ «អត់​ដែល​បាន​ជួប​អ្នក​ហ្នឹង​ផង រឿង​ហ្នឹង​ខ្ញុំ​មិន​សូវ​ដឹង​ដែរ ខ្ញុំ​អត់​ស្គាល់​មុខ»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក លោក ឆាយ ធី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​ផ្តិត​មេដៃ​លើ​ពាក្យ​បណ្តឹង​ទាមទារ​ប្រាក់​ពី​លោក ខៀវ បាន វិញ ជាមួយ​នោះ​ក៏​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឈ្មោះ សេង លី បាន​ចូល​ខ្លួន​បំភ្លឺ​ជា​សាក្សី​ថា លោក ខៀវ បាន បាន​ទទួល​ប្រាក់​សំណូក​នោះ​មែន។ លោក​បញ្ជាក់​ថា នឹង​អន្តរាគមន៍​ពាក្យ​បណ្តឹង​អ្នក​ភូមិ​ទៅ​ប្រធាន​តុលាការ។

លោក ឆាយ ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​ប្ដឹង​សុំ​ទាមទារ​ប្រាក់​ចំនួន​២​លាន​រៀល ហើយ​យើង​គិត​ថា បើ​សិន​ជា​ករណី​នេះ​បាន​ប្រព្រឹត្ត​ដោយ​បុគ្គល​ជា​មន្រ្តី​តុលាការ​មែន​គឺ​ជា​អំពើ​ពុករលួយ​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្រ្តី​អនុរក្ស​ពន្ធនាគារ លោក ព្រំ វណ្ណៈ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍ ក៏​ប៉ុន្តែ​លោក សេង លី ឲ្យ​ដឹង​ថា លោក​គឺ​ជា​សាក្សី​ផ្ទាល់​ដែល​ឃើញ​ការ​ប្រគល់​ប្រាក់​នោះ។

លោក សេង លី បាន​ឲ្យ​ដូច្នេះ ៖ «គេ​ថា កាត់​ទោស​ហើយ​ចេញ​តែម្ដង ហើយ​ដល់​ពេល​កាត់​ទោស​កូន​គាត់​ហ្នឹង កាត់​ទោស​ដល់​ទៅ​ជាប់​គុក​៥​ឆ្នាំ ដល់​ពេល​អ៊ីចឹង​ឪ​គេ​មិន​ព្រម»

កូន​ប្រុស​អ្នភ​ភូមិ​ឈ្មោះ ញ៉ វណ្ណដាក ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩ បន្ទាប់​ពី​គេ​និង​បក្ខ​ពួក​បាន​លួច​គោ​អ្នក​ភូមិ​ជាមួយ​គ្នា​ទៅ​លក់​ឲ្យ​ឈ្មួញ​កាប់​យក​សាច់។ តុលាការ​ខេត្ត​មណ្ដលគិរី​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ៕