ក្នុងយុទ្ធនាការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋមានជម្លោះដីធ្លី សកម្មជនការពារធនធានធម្មជាតិ និងសិទ្ធិមនុស្ស តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានជ្រើសរើសយុទ្ធនាការការទូត ដើម្បីគាបសង្កត់រដ្ឋាភិបាលក្រុងភ្នំពេញ បញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្ស។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ មិថុនា អ្នកស្រីនឹងជួបពិភាក្សានឹងមន្ត្រីមានឥទ្ធិពលនៅសហរដ្ឋអាមេរិក ដើម្បីធានាសហរដ្ឋអាមេរិក នឹងផ្អាកជំនួយផ្នែកយោធានៅកម្ពុជា។
ការស្នើឲ្យសហរដ្ឋអាមេរិក ផ្អាកជំនួយយោធាបណ្ដោះអាសន្ននៅកម្ពុជា ដោយសារតែភ្នាក់ងាររដ្ឋាភិបាលជាយោធា និងសមត្ថកិច្ច ត្រូវបានប្រើប្រាស់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បាញ់សម្លាប់ពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្រៅប្រព័ន្ធច្បាប់។
ការរំលោភសិទ្ធិមនុស្សថ្មីៗនេះ រួមមានការចាប់ឃុំខ្លួនស្ត្រីពលរដ្ឋតំបន់បឹងកក់ ១៥រូប ករណីបាញ់សម្លាប់កុមារី ហេង ចន្ថា អាយុ ១៤ឆ្នាំ ដោយកងកម្លាំងប្រដាប់អាវុធនៅខេត្តក្រចេះ ការបាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី កាលពីចុងខែមេសា និងការបាញ់ប្រហារស្ត្រីកម្មករ រោងចក្រកៅវ៉េ (Kaoway) ចំនួន ៣នាក់ ឲ្យរងរបួសនៅខេត្តស្វាយរៀង។
អ្នកស្រីមានជំនឿថា សហរដ្ឋអាមេរិកនឹងផ្អាកជំនួយយោធានៅកម្ពុជា ដោយសារតែស្ថានភាពសិទ្ធិមនុស្សកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃអង្គារ ទី២៩ ខែឧសភា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តដោយភ្នាក់ងាររដ្ឋាភិបាល នៅដើមឆ្នាំ២០១២ នេះ។ គណៈកម្មាធិការនេះ បានកត់សម្គាល់ឃើញថា កងកម្លាំងរដ្ឋាភិបាលប្រដាប់ដោយអាវុធ បានប្រើអំពើហិង្សាបង្ក្រាបបាតុកម្មដោយសន្តិវិធី ចាប់ខ្លួនពលរដ្ឋ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត និងរឹបអូសដីធ្លីពលរដ្ឋ ដោយមិនផ្ដល់សំណងសមរម្យ។
កាលពីឆ្នាំ២០១០ សហរដ្ឋអាមេរិកបានសម្រេចផ្អាកជំនួយយោធាមកកម្ពុជា ក្រោយពេលដែលកម្ពុជា បានចាប់បញ្ជូនជនភៀសខ្លួនជនជាតិភាគតិចចិន អ៊ុយហ្គរ៍ ទៅឲ្យសមត្ថកិច្ចចិន។ សហរដ្ឋអាមេរិកបានសម្រេចផ្អាកអំណោយយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជា មិនស្ដាប់ការទទូចសុំឲ្យរដ្ឋាភិបាលនេះគោរពកាតព្វកិច្ចអន្តរជាតិស្ដីពីការពារជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
