មូរ សុខហួរ គ្រោង​ប្ដឹង​ឧទ្ធរណ៍​អំពី​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​នាយក​រដ្ឋមន្រ្តី

មេធាវី​របស់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​គឺ​លោកស្រី មូរ សុខហួរ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោកស្រី​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​អំពី​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ទុក​បណ្តឹង​របស់​លោកស្រី​មិន​ចាត់ការ។

លោក​មេធាវី គង់ សំអុន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «បាទ! យើង​សម្រេច​ប្ដឹង​ឧទ្ធរណ៍ ប្ដឹង​ទៅ​អគ្គ​ព្រះរាជអាជ្ញា។ ខ្ញុំ​នឹង​ដាក់​ក្នុង​អាទិត្យ​ហ្នឹង ប្រហែល​ជា​ស្អែក»

សូម​រំឭក​ជូន​ថា រឿង​ក្តី​រវាង​លោកស្រី មូរ សុខហួរ និង​លោក ហ៊ុន សែន បាន​កើត​ឡើង​នៅ​ពេល​ដែល​លោកស្រី មូរ សុខហួរ បាន​ប្តឹង​លោក ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នោះ​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ឯ​ខេត្ត​កំពត​កាលពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ​ថា​មាន​ស្រ្តី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ​គឺ​រត់​ទៅ​ឱប​គេ​សោះ តែ​ថា​គេ​ប្រឡេះ​ឡេវ​អាវ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្តឹង​តប​ទៅ​លោកស្រី មូរ សុខហួរ វិញ ពី​បទ​បរិហារ​កេរ្តិ៍​ដែរ​នៅ​បន្ទាប់​ពី​លោកស្រី​និង​មេធាវី​របស់​លោក​ស្រី​បាន​ធ្វើ​សន្និសីទ​កាសែត​ចោទ​ប្រកាន់​ចំពោះ​កំហុស​របស់​លោក ហ៊ុន សែន មុន​ការដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នោះ។

លុះ​ដល់​ថ្ងៃ​ទី​១០ មិថុនា​នេះ ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​តម្កល់​សំណុំរឿង​នៃ​បណ្តឹង​របស់​លោកស្រី មូរ សុខហួរ ដោយ​មិន​ចាត់ការ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​តុលាការ​បែរ​ជា​បាន​បន្ត​ក្តី​តាម​ពាក្យ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លុះ​ដល់​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មិថុនា​នេះ លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី​ត្រូវ​បាន​រដ្ឋសភា​សម្រេច​លើក​អភ័យ​ឯកសិទ្ធិ​ដែល​ជា​ការបើក​ផ្លូវ​ឲ្យ​តុលាការ​កោះហៅ​លោកស្រី​ទៅ​សាកសួរ​ពី​រឿង​ក្តី​នោះ៕