បក្ស​សម​រង្ស៊ី​បដិសេធ​ព័ត៌មាន​ថា​តំណាង​មូរ​សុខហួរ​បង់​ប្រាក់​ពិន័យ

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​បដិសេធ​ព័ត៌មាន​របស់​មន្ត្រី​រតនាគារ​រាជធានី​ភ្នំពេញ ដែល​ថា តំណាង​លោក​ស្រី មូរ សុខហួរ បាន​មក​បង់​ប្រាក់​ផាក​ពិន័យ​ជំនួស​លោក​ស្រី។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មិថុនា​នេះ ថា គណបក្ស សម រង្ស៊ី នៅ​ប្រកាន់​ជំហរ​ដដែល​ថា គណបក្ស​នឹង​មិន​បង់​លុយ​ជំនួស​តំណាង​រាស្ត្រ​លោកស្រី មូរ សុខហួរ ដែល​ត្រូវ​បាន​តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ចាញ់​ក្ដី​ករណី​បរិហារកេរ្តិ៍​លោក ហ៊ុន សែន ទេ។

ការ​បដិសេធ​របស់​លោក យឹម សុវណ្ណ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន រាយ​ការណ៍​ថា គណបក្ស សម រង្ស៊ី នឹង​សង​លុយ​ជំនួស​លោក​ស្រី មូរ សុខហួរ ដែល​លោក​ស្រី​ធ្លាប់​ប្រកាស​កន្លង​មក​ថា លោក​ស្រី​នឹង​ចូល​គុក​ជាជាង​បង់​លុយ​ឲ្យ​តុលាការ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​ទុក​សិទ្ធិ​សម្រេច​ឲ្យ​លោក​ស្រី ថា​តើ​លោក​ស្រី​នឹង​បង់​លុយ​ឲ្យ​តុលាការ​ដែរ​ឬ​ទេ។ តុលាការ​បង្គាប់​ឲ្យ​លោក​ស្រី មូរ សុខហួរ ត្រូវ​សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ចំនួន ៨​លាន​រៀល និង​សង​ការ​ផាក​ពិន័យ​ទៅ​រតនាគារ​ជាតិ​ចំនួន ៨​លាន ៥​សែន​រៀល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លទ្ធភាព​នៅ​ថ្ងៃ​ក្រោយ ថា​តើ​គណបក្ស​អាច​បង់​លុយ​ឲ្យ​លោក​ស្រី​ឬ​ទេ។

រតនាគារ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​នេះ បាន​ដាក់​កំហិត​ឲ្យ​លោក​ស្រី មូរ សុខហួរ បង់​ប្រាក់​ពិន័យ​ចំនួន ៨​លាន ៥​សែន​រៀល ឲ្យ​រតនាគារ​ក្នុង​រយៈពេល ២​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង។ ប្រសិន​​បើ​លោក​ស្រី​មិន​បង់​ប្រាក់​ទេ រតនាគារ​នឹង​អនុវត្ត​តាម​ច្បាប់។

មន្ត្រី​រតនាគារ​រាជធានី​ភ្នំពេញ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មិថុនា​នេះ ថា មាន​មន្ត្រី​សង្គម​ស៊ីវិល​បាន​យក​លុយ​ទៅ​បង់​ជំនួស​លោកស្រី មូរ សុខហួរ ប៉ុន្តែ​លោក​ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ កែ ប៊ុនឡេង បដិសេធ​មិន​ព្រម​ទទួល​យក​លុយ​នេះ​ទេ ដោយ​អ្នក​យក​លុយ​មក​បង់​នេះ មិន​បាន​យក​មក​ជាមួយ​នូវ​ឯកសារ​តុលាការ។

លោក កែ ប៊ុនឡេង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បង់​លុយ​នេះ​ទេ នៅ​ពេល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សាកសួរ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មិថុនា​នេះ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គ្មាន​មន្ត្រី​គណបក្ស​ណា​បាន​យក​លុយ​ទៅ​បង់​នៅ​រតនាគារ​រាជធានី​ភ្នំពេញ​ទេ។

មេធាវី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក គី តិច មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មិថុនា​នេះ ថា តុលាការ និង​រតនាគារ​មិន​អាច​ទទួល​យក​ប្រាក់​ផាក​ពិន័យ​ពី​បុគ្គល​ណា​ក្រៅ​ពី​លោក​ស្រី មូរ សុខហួរ ទេ ពីព្រោះ​ករណី​ជា​ករណី​ព្រហ្មទណ្ឌ។ លោក​ថា លោក​ ស្រី​អាច​រក​តំណាង​មេធាវី​ណា​ម្នាក់​ជំនួស​លោក​ស្រី​ដើម្បី​បង់​លុយ​ជួស​គាត់។

លោក​ស្រី មូរ សុខហួរ កំពុង​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក មិន​អាច​ធ្វើ​ការ​ទាក់ទង​បាន​ទេ ប៉ុន្តែ​លោក​ស្រី​ធ្លាប់​ថា លោក​ស្រី​នឹង​មិន​បង់​លុយ​ផាក​ពិន័យ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទេ ពីព្រោះ​លោក​ស្រី​ជា​ជន​រងគ្រោះ៕