លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ប្តេជ្ញាចិត្តដឹកនាំចលនាស្រ្តីនេះថា ស្រ្តីចង់បានគ្រួសារមួយ សង្គមួយ ប្រកបដោយសីលធម៌ សច្ចធម៌ និងចង់បានអ្នកដឹកនាំមួយរូបនិយាយការពិតផ្តល់ភាពយុត្តិធម៌ជូនដល់សង្គមទាំងមូល។
ទន្ទឹមនឹងនោះលោកស្រីក៏ជំរុញឲ្យគណបក្សសមរង្ស៊ីដាក់បេក្ខភាពស្រ្តីឈរឈ្មោះតំណាងរាស្រ្តឲ្យបានទ្វេដងនៅអាណត្តិបោះឆ្នោតខាងមុខ។ លោកស្រីបញ្ជាក់ថា អ្វីដែលស្រ្តីចង់បានគឺការគោរពសិទ្ធិស្រ្តីនិងគ្មានការរើសអើង។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ៖ «មិនត្រឹមតែភាពស្មើគ្នាទេ សំខាន់បំផុតគឺតម្លៃនិងកិត្តិយសថ្លៃថ្នូរជាស្ត្រី។ នរណាមួយដែលហ៊ានប៉ះពាល់ទៅដល់ស្ត្រីមួយរូប ក៏ប៉ះពាល់ទៅដល់ស្ត្រីនៅក្នុងសង្គមជាតិ ស្ត្រីខ្មែរទាំងអស់ដែរ ហើយអ្នកនោះត្រូវតែមានការទទួលខុសត្រូវមិនមែនចំពោះស្ត្រីមួយរូបទេ តែចំពោះស្ត្រីគ្រប់រូប ហើយបុរសទាំងអស់ដែលការពារសិទ្ធិសេរីភាពហើយនិងតម្លៃកិត្តិយសរបស់ស្រ្តីយើង»។
នៅក្នុងឱកាសមហាសន្និបាតចលនាស្រ្តីជាតិខ្មែរលើកទី៦នៃគណបក្សសមរង្ស៊ី ដែលមានលោកស្រី ម៉ែន មុន្នីរតនា ជាប្រធាន ជាមួយគ្នានេះអង្គសន្និបាតទាំងមូលដែលមានសមាជិកជាង៣០០នាក់មកពីគ្រប់ខេត្តក្រុងបានសម្រេចធ្វើការផ្លាស់ប្តូរឈ្មោះ ចលនាស្រ្តីជាតិខ្មែរ ទៅជា ចលនាស្រ្តីគណបក្សសមរង្ស៊ី វិញ។ បន្ទាប់ពីធ្វើការផ្លាស់ប្តូរឈ្មោះ គណៈកម្មាធិការស្រ្តីចំនួន៤៨រូបបានបោះឆ្នោតឲ្យលោកស្រី មូរ សុខហួរ ជាប្រធាន ចលនាស្រ្តីគណបក្សសមរង្ស៊ីផងដែរ។
ប្រធានគណបក្សសមរង្ស៊ី លោក សម រង្ស៊ី មានប្រសាសន៍ថា លោកស្រី មូរ សុខហួរ ជាស្រ្តីមួយរូបដែលធ្វើការទាមទារសិទ្ធិសេរីភាពនិងការបញ្ចេញមតិមុនគេនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ លោក សម រង្ស៊ី បញ្ជាក់ថា ជំហររបស់គណបក្សសមរង្ស៊ីមិនប្រែប្រួលទេគឺនៅតែប្រឆាំងដាច់ខាតនូវអំពើពុករលួយ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «ដរាបណាមានសមរង្ស៊ី គណបក្សសមរង្ស៊ីគឺស្មោះត្រង់ជាមួយនឹងប្រទេសជាតិ ស្មោះត្រង់ជាមួយនឹងប្រជារាស្ត្រ។ គណបក្សសមរង្ស៊ីប្រឆាំងដាច់ខាតអំណាចផ្ដាច់ការ ប្រឆាំងដាច់ខាតអំពើពុករលួយ គណបក្សសមរង្ស៊ីគឺមានជំហរនេះដើម្បីស្ដារប្រទេសជាតិ ស្រោចស្រង់ប្រទេសជាតិ រៀបចំសង្គមជាតិឲ្យមានភាពប្រជាធិបតេយ្យពិតប្រាកដ ឲ្យមានភាពស្អាតស្អំ ឲ្យមានភាពយុត្តិធម៌»។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថា គណបក្សសមរង្ស៊ីមានស្ថាប័ន៣ គឺ១ ចលនាស្រ្តីគណបក្សសមរង្ស៊ី ២ សមាគមវិមជ្ឈការកម្ពុជា ៣ ចលនាយុវជនគណបក្សសមរង្ស៊ី។
ចលនាស្រ្តីគណបក្សសមរង្ស៊ីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ដែលមានអាណត្កិ៣ឆ្នាំបោះឆ្នោតជ្រើសរើសអ្នកដឹកនាំម្តង។
សូមជម្រាបថា នៅក្នុងមហាសន្និបាតចលនាស្រ្តីជាតិខ្មែរលើកទី៦នេះក៏មានតំណាងស្ថានទូតសហរដ្ឋអាមរិក តំណាងស្ថានទូតអូស្រ្តាលី និងអង្គការសង្គមស៊ីវិលចូលរួមផងដែរ៕
