មូរ សុខហួរ៖ បើ​តុលាការ​កាត់​ទោស​ខ្ញុំ ត្រូវ​កាត់​ទោស​នាយក​រដ្ឋមន្ត្រី​ដែរ

អគ្គលេខាធិការ​រង​គណបក្ស​សមរង្ស៊ី​និង​ជា​តំណាង​រាស្រ្ត​នៃ​ខេត្ត​កំពត គឺ​លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣ មិថុនា ថា​បើ​តុលាការ​កាត់​ទោស​លោកស្រី​គឺ​សុំ​ឲ្យ​តុលាការ​កាត់​ទោស​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព​របស់​តុលាការ។

0:00 / 0:00

ការថ្លែង​ដូច្នេះ​គឺ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សុខ រឿន បាន​សាកសួរ​លោកស្រី​និង​មេធាវី​របស់​លោកស្រី​ជាង​៣​ម៉ោង​ជុំវិញ​ពាក្យ​បណ្តឹង​របស់​លោក គី តិច មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ប្តឹង​លោកស្រី​ពី​បទ​បរិហារកេរ្តិ៍។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ដោយ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មក​តទល់​នៅ​ចំពោះ​មុខ​តុលាការ​ដូច​គ្នា។

លោកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ៖ «ច្បាប់​គេ​អត់​មាន​និយាយ​ថា កាត់​អ្នក​តំណាង​រាស្ត្រ​របៀប​ណា? កាត់​ប្រជាពលរដ្ឋ​របៀប​ណា? កាត់​នាយក​រដ្ឋមន្ត្រី​របៀប​ណា​ទេ? ខ្ញុំ​ថា បើ​សិន​ជា​យើង​ទទួល​ខុស​ត្រូវ សម្ដេច​នាយក​តែងតែ​មាន​ប្រសាសន៍​ថា​លោក​សឿង ដូច្នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​មក!»

លោកស្រី មូរ សុខហួរ បាន​លើក​ឡើង​ទៀត​ថា លោកស្រី​គ្មាន​ការព្រួយ​បារម្ភ​ចំពោះ​ការព្យួរ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោកស្រី​នោះ​ទេ ប៉ុន្តែ​លោកស្រី​មាន​សំណូមពរ​ទៅ​ព្រះរាជអាជ្ញា​រង​ ដោយ​សុំ​ឲ្យ​រក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ។

លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា ៖ «ខ្ញុំ​សុំ​ឲ្យ​លោក គង់ សំអុន នៅតែ​ជា​មេធាវី​របស់​ខ្ញុំ​ដដែល។ បើ​សិន​ជា​លោក គង់ សំអុន មិន​មែន​ជា​មេធាវី​របស់​ខ្ញុំ ខ្ញុំ​មិន​ដឹង​ទៅ​រក​មេធាវី​ពី​ណា​មក​ទៀត​ទេ!»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក គី តិច មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មិថុនា​នេះ។

រីឯ​ព្រះរាជអាជ្ញា​រង លោក សុខ រឿន ក៏​មិន​បាន​ធ្វើការ​អធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ដែរ ដោយ​លោក​ថា​ជាប់​រវល់ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោកស្រី មូរ សុខហួរ បាន​ឆ្លើយ​បំភ្លឺ​ជូន​លោក​អស់​ហើយ។

លោកស្រី មូរ សុខហួរ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា​កន្លង​ទៅ ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់​៥០០​រៀល បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ឯ​ខេត្ត​កំពត​កាល​ពី​ខែ​មេសា​ដោយ​ចំហ​ទាក់ទង​នឹង​ស្រ្តី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ រត់​ទៅ​ឱប​គេ​សោះ​ថា​គេ​ប្រឡេះ​ឡេវ​អាវ។

ក្រោយ​ពី​លោកស្រី មូរ សុខហួរ បាន​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​មេធាវី​លោក​នាយក​រដ្ឋមន្តី្រ ហ៊ុន សែន លោក គី តិច បាន​ប្តឹង​លោកស្រី មូរ សុខហួរ វិញ​ដែរ ដោយ​ទារ​ជំងឺ​ចិត្ត​១០​លាន​រៀល ហើយ​បន្ថែម​ពី​នោះ​ទៀត លោក គី តិច ក៏​បាន​ប្តឹង​មេធាវី​របស់​លោកស្រី​ថែម​ទៀត​ដោយ​ទាមទារ​ឲ្យ​គណៈមេធាវី​បណ្តេញ លោក គង់ សំអុន ចេញ​ពី​គណៈមេធាវី​ដោយ​ចោទ​ថា លោក សំអុន បាន​ការពារ​អ្នក​នយោបាយ​និង​បាន​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​អ្នក​នយោបាយ គឺ​បាន​រំលោភ​ទៅ​លើ​ក្រម​សីលធម៌​មេធាវី។

មេធាវី​របស់​លោកស្រី មូរ សុខហួរ លោក គង់ សំអុន មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក គី តិច គឺ​ពុំ​មាន​ចំណុច​ណា​មួយ​បង្ហាញ​ថា លោក​បាន​ធ្វើ​ខុស​នឹង​វិជ្ជាជីវៈ​មេធាវី​នោះ​ទេ។

លោក គង់ សំអុន បាន​មាន​ប្រសាសន៍​ថា ៖ «មិន​ទាន់​ឃើញ​មាន​ការកោះហៅ​ឬ​ក៏​អញ្ជើញ​ភាគី​ចុង​ចោទ​ដែល​ខ្ញុំ​បាន​ប្ដឹង​ហ្នឹង​ឡើង​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​អយ្យការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយ​ឡែក​ក្នុង​ករណី​ដែល​លោក​មេធាវី គី តិច ប្ដឹង​ខ្ញុំ​និង​ជំទាវ មូរ សុខហួរ យើង​បាន​ឡើង​ទៅ​បំភ្លឺ​រួច​ហើយ»

សូម​ជម្រាប​ថា លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ទៀត​ថា មក​ទល់​ពេល​នេះ​តុលាការ​មិន​ទាន់​ធ្វើការ​ចោទ​ប្រកាន់​លោក​ស្រី​នៅ​ឡើយ​ទេ គ្រាន់តែ​កោះហៅ​សាកសួរ​តែ​ប៉ុណ្ណោះ៕