អ្នកស្រី មូរ សុខហួរ ស្នើ​ឲ្យ​តុលាការ​សើរើ​សំណុំ​រឿង​ក្រុមហ៊ុន​ធី.អែន.ភី

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​ពល​ការិនី​ម្នាក់​ឈ្មោះ ហេង ហាក់ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ បាន​ទទូច​សុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​វិធានការ​សើរើ​សំណុំ​រឿង​ពាក្យ​បណ្ដឹង​អំពី​បទ​ព្រហ្មទណ្ឌ​ប្រឆាំង​ម្ចាស់​ក្រុមហ៊ុន​ធី.អែន.ភី (T&P) ឈ្មោះ សម ពិសី យក​មក​ធ្វើ​ការ​ជម្រះ​ក្តី​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ដន្ទាទោស និង​សង​ជំងឺ​ចិត្ត​ ​៨ពាន់​ដុល្លារ​អាមេរិក។

0:00 / 0:00

ពល​ការិនី​ឈ្មោះ ហេង ហាក់ អាយុ​ ៣៤ឆ្នាំ បាន​លោត​ចេញ​ពី​អគារ​ជាន់​ទី៣ នៃ​ក្រុមហ៊ុន​ធី.អែន.ភី កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​ពីរ។ ការ​លោត​នោះ ដើម្បី​រត់​គេច​ខ្លួន នៅ​ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ឮ​ថៅកែ​ក្រុមហ៊ុន​នោះ​ជជែក​គ្នា​ថា គេ​គ្រោង​លក់​ពល​ការិនី​ទាំង​នោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ក្រុមហ៊ុន​ធី.អែន.ភី នោះ​ជា​បន្ទាន់ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា នៅ​សភាជាតិ​ថា ពល​ការិនី​ឈ្មោះ ហេង ហាក់ កំពុង​តែ​រង់ចាំ​យុត្តិធម៌​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ រយៈពេល​១ឆ្នាំ​៦ខែ​មក​ហើយ៖ «មិន​ត្រឹម​តែ​បិទ​ក្រុមហ៊ុន​ហ្នឹង​ចប់​រឿង​ទេ។ យើង​មើល​ក្រុមហ៊ុន​ធី.អែន.ភី បិទ​ហើយ ពលករ​ស្ត្រី​ដែល​ធ្វើ​ជា​អ្នក​បម្រើ​នៅ​ប្រទេស​ម៉ាឡេស៊ី រាប់​ម៉ឺន​នាក់ រដ្ឋាភិបាល​អត់​មាន​ចាត់​វិធានការ ដើម្បី​ទី១ ទៅ​មើល​ករណី​ទាំង​ឡាយ​នៅ​ក្នុង​ក្រុមហ៊ុន​ធី.អែន.ភី ហ្នឹង ឯកសារ​ទាំង​ប៉ុន្មាន​ហ្នឹង តើ​យក​មក​មើល​ទេ? ធី.អែន.ភី ហ្នឹង បាន​បញ្ជូន​ស្ត្រី​យើង​ប៉ុន្មាន​ម៉ឺន​នាក់​ទៅ​ម៉ាឡេស៊ី? ហើយ​អ្នក​ទាំង​នោះ ស្ថានភាព​គ្នា​យ៉ាង​ម៉េច​ទៅ​ហើយ?»

អ្នកស្រី​បាន​បញ្ជាក់​ថា បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចំនួន​ ៤ដង​មក​ហើយ ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​នេះ ប៉ុន្តែ​តុលាការ​នៅ​មិន​ទាន់​បាន​បើក​សវនាការ​នៅ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដោយ​បាន​បញ្ជាក់​ថា ក្រសួង​សូម​បញ្ជូន​សំណើ​របស់​អ្នកស្រី មូរ សុខហួរ ជូន​ព្រះរាជអាជ្ញា​ពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី ហើយ​រាយការណ៍​មក​ក្រសួង​វិញ​អំពី​លទ្ធផល​នៃ​ចំណាត់ការ​នោះ។

ទាក់​ទង​នឹង​សំណុំ​រឿង​ដែល​មិន​ទាន់​បាន​ជំនុំជម្រះ​ក្តី​នេះ ពល​ការិនី​ឈ្មោះ ហេង ហាក់ បាន​និយាយ​ថា អ្នកស្រី​ត្រូវ​ការ​យុត្តិធម៌ និង​សំណង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ធី.អែន.ភី៖ «ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​តូច​ចិត្ត​ណាស់ បាន​ជា​ខ្ញុំ​ដើរ​អ៊ីចឹង។ អត់​ឃើញ​ឮ​អី ហេតុការណ៍​អី​សោះ ចេះ​តែ​ស្ងាត់​ទៅៗ​អ៊ីចឹង​មក​ដល់​ពេល​នេះ។ ព្រួយ​បារម្ភ​នឹក​ឃើញ​ថា រឿង​ខ្ញុំ​គេ​ឃើញ​ជាក់ស្តែង​ប៉ុណ្ណឹង​ហើយ ដូច​ថា​អត់​មាន​លេច​ឮ​អី ចុះ​ទម្រាំ​គេ​ក្រៅ​ពី​ខ្ញុំ​ទៀត​ទៅ មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ»

អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​ឧត្តម​សេនីយ៍​ត្រី ជីវ ផល្លី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ដីកា​តាម​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ធី.អែន.ភី ឈ្មោះ សម ពិសី ពី​តុលាការ​ហើយ ប៉ុន្តែ​ឈ្មោះ សម ពិសី កំពុង​តែ​រត់​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។