អ្នកស្រី មូរ សុខហួរ បានហៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ថាជាកន្លែងសម្រាប់បម្រើតែបុគ្គលមានអំណាចមួយចំនួនទេ ហើយស្ថាប័ននេះកំពុងខ្វះខាតយ៉ាងខ្លាំងចំពោះប្រព័ន្ធសេវាសាធារណៈដែលមានគោលដៅបម្រើប្រជាពលរដ្ឋទូទៅអោយបានឆាប់រហ័ស និងស្មើភាពគ្នា។
អ្នកស្រីថ្លែងយ៉ាងដូច្នេះ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែ មករា បន្ទាប់ពីមន្ត្រីតុលាការបានបដិសេធពុំទទួលឯកសារប្ដឹងទាមទារនីតិសម្បទា ដោយពន្យារពេលរហូតដល់រសៀលថ្ងៃដដែលនេះ ឬរហូតដល់ព្រះរាជអាជ្ញាស្ដីទីចូលមកធ្វើការ។
អ្នកស្រី មូរ សុខហួរ៖ «គុណភាពនៃសេវាតុលាការ គឺអន់ថយមែនទែន គេយកពាក្យមក គឺមានតែមនុស្សម្នាក់ទេ ដែលអាចសម្រេចថា ទទួលបាន ឬមិនទទួល។ សេវាអ៊ីចឹង បើសិនជាខ្ញុំជាជនក្រីក្រ តើខ្ញុំអាចចាំបានទេ?»។
វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងសុំការពន្យល់ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានទេ នៅថ្ងៃអង្គារ ទី១៧ ខែមករា។
តំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ត្រូវរដ្ឋសភាដកហូតអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ កាលពីខែមេសា ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងករណីប្ដឹងផ្ដល់គ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបណ្ឌិត ហង្ស ពុទ្ធា ទីប្រឹក្សានៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា និកហ្វិក (NICFEC) មានប្រសាសន៍ថា បញ្ហាមន្ត្រីតុលាការពន្យារពេលទទួលឯកសារពីតំណាងរាស្ត្របក្សប្រឆាំងនេះ ជាករណីមួយបង្ហាញថា ស្ថាប័នតុលាការហាក់បីដូចមានអ្នកធ្វើការតែម្នាក់ ឬអ្នកមានសិទ្ធិតែម្នាក់។
លោកបន្តថា ធម្មតាការងាររដ្ឋបាលត្រូវតែមានអ្នកជំនួស ប្រសិនបើអ្នកទទួលបន្ទុកផ្នែកណាមួយអវត្តមាន ប៉ុន្តែរឿងនេះ អាចបណ្ដាលមកពីសម្ពាធនយោបាយ៖ «ជួនកាលអាចបង្កនូវភាពអសកម្មដល់លោកស្រីតំណាងរាស្ត្រហ្នឹងដែរ ប៉ុន្តែបញ្ហាសំខាន់ចង់បង្ហាញពីភាពអសមត្ថភាពរបស់ស្ថាប័នតុលាការវិញទេ ដែលមិនបានដោះស្រាយរឿងនេះបាទ!»។
លោកបន្តថា ការបាត់បង់អភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រនៅក្នុងដំណាក់កាលនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលខាងមុខនេះ។ ជាពិសេសការបោះឆ្នោតព្រឹទ្ធសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២៕
