រដ្ឋ​សភា​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​អ្នកស្រី មូរ សុខហួរ ឡើង​វិញ

រដ្ឋ​សភា កាល​ពី​​​ថ្ងៃ​ពុធ ទី​២៦ កញ្ញា បាន​សម្រេច​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ វិញ ក្រោយ​ពី​បាន​ដក​ហូត​អស់​រយៈពេល ៣​ឆ្នាំ​មក។

ការ​ផ្ដល់​អភ័យ​ឯកសិទ្ធិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សាលាឧទ្ធរណ៍​បាន​ផ្ដល់​នីតិសម្បទា​ជា​តំណាងរាស្ត្រ​ឲ្យ​អ្នកស្រី កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា អ្នកស្រី​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ថា ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​សម្រេច​ផ្ដល់​អភ័យ​ឯកសិទ្ធិ​របស់​អ្នកស្រី​ឡើង​វិញ៖ «ការ​កសាង​សភា​នេះ យើង​ត្រូវ​កសាង​ដោយ​ឯកភាព​គ្នា សម្រាប់​ផល​ប្រយោជន៍​ខ្មែរ យើង​ត្រូវ​តែ​ការពារ។ ដូច្នោះ​ខ្ញុំ​មិន​ចង់​ឃើញ​មាន​ការ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​ណា​មួយ​ជា​បន្ត​ទៀត ជា​ពិសេស​នៅ​ពេល​ដែល​តំណាងរាស្ត្រ​នោះ​កំពុង​តែ​បំពេញ​ភារកិច្ច​បេសកម្ម»

កាល​ពី​ឆ្នាំ​២០០៩ អ្នកស្រី មូរ សុខហួរ បាន​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ថ្លែង​ប្រដូច​ស្ត្រី​ម្នាក់​ជា​ស្រី​ជើង​ខ្លាំង។ អ្នកស្រី មូរ សុខហួរ អះអាង​ថា លោក ហ៊ុន សែន និយាយ​នោះ គឺ​សំដៅ​លើ​រូប​អ្នកស្រី ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្ដឹង​តប​បណ្ដឹង​អ្នកស្រី មូរ សុខហួរ ពី​បទ​បរិហារកេរ្តិ៍​វិញ។ ក្រោយ​មក​តុលាការ​បាន​កាត់​ក្ដី​ឲ្យ​អ្នកស្រី​ចាញ់​ក្ដី​លោក ហ៊ុន សែន ហើយ​តម្រូវ​ឲ្យ​អ្នកស្រី​បង់​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។