លោក ងួន ញ៉ិល អនុប្រធានរដ្ឋសភាបានឲ្យដឹងថា សភាមិនអាចទទួលយកការលើកឡើងរបស់បេសកជនពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺលោក ស៊ូរិយ៉ា សូប៊េឌី ដែលបានលើកឡើងថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា កំពុងធ្លាក់ចុះ ហើយចំពោះអ្នកដែលរិះគន់រដ្ឋាភិបាល ត្រូវបានចោទប្រកាន់ក្រោមបទផ្សាយព័ត៌មានមិនពិត យកមកពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋសភាបានទេ។
ការលើកឡើងដូច្នេះ គឺនៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៤ នាព្រឹកថ្ងៃទី០២ តុលា ស្តីពីការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌ បន្ទាប់ពីតំណាងរាស្ត្រគណបក្សជំទាស់ គឺលោក យឹម សុវណ្ណ បានស្នើឲ្យរដ្ឋសភាដកមាត្រាមួយចំនួនចេញពីក្រមព្រហ្មទណ្ឌ ដូចជាការបរិហារកេរ្តិ៍ ការជេរប្រមាថ ការបរិហារបង្ខូចកេរ្តិ៍ ដើម្បីយកទៅធ្វើក្នុងសេចក្តីព្រាងច្បាប់មួយថ្មី ឬដាក់ចូលក្នុងក្រមរដ្ឋប្បវេណី ដោយយោងលើការលើកឡើងរបស់លោក ស៊ូរិយា ស៊ូប៊េឌី ខាងលើ។
លោក ងួន ញ៉ិល បានរិះគន់អង្គការសហប្រជាជាតិដូច្នេះ ៖ «កាលសម័យប៉ុលពត សិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវគេបំបាត់ ពេលនោះយើងអត់មានឃើញអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិមកឈឺឆ្អាលចំពោះប្រជាពលរដ្ឋដែលស្លាប់២-៣លាននាក់នោះទេ ផ្ទុយទៅវិញ ប៉ុលពតនៅអង្គុយនៅកៅអីអង្គការសហប្រជាជាតិ»។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ក៏បានលើកឡើងផងដែរថា រដ្ឋសភាចង់ឲ្យមានបច្ចុប្បន្នភាពនៃច្បាប់ក្រមព្រហ្មទណ្ឌថ្មី ស្របតាមការវិវត្តរបស់មនុស្ស មិនអាចយកការលើកឡើងរបស់ជនបរទេសម្នាក់យកពិភាក្សាក្នុងកិច្ចប្រជុំសភាបានទេ។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ បានឲ្យដឹងថា អ្វីដែលលោកបានលើកយកការលើកឡើងរបស់បេសកជនពិសេស របស់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំរដ្ឋសភានោះ គឺជាការដែលកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោក យឹម សុវណ្ណ បានលើកឡើងដូច្នេះ ៖ «ក្នុងគោលបំណងកសាងសង្គមមួយ ដែលចង់ឲ្យប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាចក្នុងការចូលរួមមតិ ពីព្រោះបើសិនជាយើងរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មានន័យថា យើងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍសង្គម»។
សូមជម្រាបថា បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊េឌី បានឲ្យដឹងកាលពីថ្មីៗនេះថា លោកមានការព្រួយបារម្ភចំពោះសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ដែលកំពុងតែធ្លាក់ចុះ ព្រោះក្រុមមនុស្សដែលនិយាយរិះគន់រដ្ឋាភិបាល ឬមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ត្រូវបានចោទប្រកាន់និងសម្រេចដាក់គុកដោយតុលាការ ក្រោមបទថា ផ្សាយព័ត៌មានមិនពិត ឬបទបរិហារកេរ្តិ៍ ជាពិសេសការសម្រេចដាក់ទោសអ្នកកាសែតពីររួប និងអ្នកតំណាងរាស្ត្រពីគណបក្សជំទាស់មួយរួប។
កាលពីថ្ងៃទី៣០ កញ្ញា កន្លងទៅ ប្រធានសហគមន៍ចាមនៅក្នុងភូមិកំពង់យោល ស្រុកបូរីជលសារ ខែត្រតាកែវ គឺលោក នី សាន់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ពីបទផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងជម្លោះមេដឹកនាំសាសនានៅក្នុងសហគមន៍របស់ពួកគេផងដែរ៕