សមាជិកសភាដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំសភានៅថៃ្ងពុធនេះ មានចំនួន ១០៤នាក់នៅក្នុងចំណោមតំណាងរាស្រ្តសរុប១២៣នាក់ ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា។
ទិដ្ឋភាពនៃការបើកកិច្ចប្រជុំដំបូងមានការជជែករិះគន់ច្រើនពីតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី ប៉ុន្តែត្រូវបានបំភ្លឺតបវិញដោយតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា និងមន្រ្តីតំណាងរដ្ឋាភិបាលកម្ពុជា។
ការបញ្ចេញប្រតិកម្មខ្លាំងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ី គឺផ្តោតលើចំណុចជាច្រើន រាប់ទាំងការប្រកាសទ្រព្យសម្បត្តិ មិនត្រូវបានច្បាប់ចែងឲ្យលាតត្រដាងដឹងឮជាសាធារណៈទ្បើយ។ សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមិនឯករាជ្យនិងនៅតែជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងតែកាន់អំណាចដដែលនៅក្នុងរដ្ឋាភិបាល ព្រមទាំងបើកប្រាក់ខែពីរដ្ឋាភិបាល ពុំមានកញ្ចប់ថវិកាដាច់ដោយទ្បែកពីរដ្ឋាភិបាលឡើយ។
លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍ថា ៖ «ស្នើសុំពន្យារ៣អាទិត្យទៀត ទុកពេលវេលាឲ្យសង្គមស៊ីវិល ជំនាញការអន្តរជាតិ ជំនាញការជាតិនិងតំណាងរាស្រ្ដមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាសេចក្ដីព្រាងច្បាប់នេះឲ្យបានល្អិតល្អន់»។
លោក សុន ឆ័យ តំណាងរាស្រ្តម្នាក់ទៀតនៃគណបក្សប្រឆាំងសមរង្ស៊ី បានមានប្រសាសន៍រិះគន់ថា សេចក្តីព្រាងច្បាប់ថ្មីនេះបានបាត់បង់លក្ខណៈដើមខុសពីសេចក្តីព្រាងច្បាប់មុនៗ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «យើងចង់ឲ្យមានការប្រកាសទ្រព្យសម្បត្តិមួយដែលអាចនឹងយកមកប្រើប្រាស់ដើម្បីជាមធ្យោបាយ...ទប់ស្កាត់កុំឲ្យអ្នកមានតួនាទីក្នុងរដ្ឋអំណាច... កេងប្រវ័ញ្ចទទួលសំណូក។ ពលរដ្ឋក៏ចង់ដឹងដែរថា តើ សុន ឆ័យ ធ្វើតំណាងរាស្រ្ដពីឆ្នាំ១៩៩៣មកបានលុយប៉ុន្មាន? លោកក៏ចង់ដឹងដែរថា ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទីស្ដីការគណៈរដ្ឋមន្រ្តីលោកមានលុយប៉ុន្មាន?»។
ឧបនាយករដ្ឋមន្រ្តី លោក សុខ អាន ជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងឲ្យរដ្ឋាភិបាលបានមានប្រសាសន៍បំភ្លឺថា សេចក្តីព្រាងច្បាប់នេះមិនមែនផ្តោតលើការចាប់ខ្លួនជនប្រព្រឹត្តអំពើពុករលួយទេ ប៉ុន្តែដើម្បីកាត់បន្ថយអំពើពុករលួយ។ លោកបានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បតិ្តឲ្យដឹងឮជាសាធារណៈ វានាំឲ្យប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនដល់គ្រួសារជនទាំងនោះ។
លោក សុខ អាន បានថ្លែងដូច្នេះ ៖ «នេះជាបញ្ហារសើបណាស់ដែលយើងថ្លឹងថ្លែង។ ចេញធ្វើការចង់បានប្រសិទ្ធភាព។ ជាការងារមួយធំធេងណាស់ ព្រោះនឹងអាចមុខសញ្ញាឡើងដល់រាប់ម៉ឺន ឬរាប់សែននាក់ត្រូវគេចាប់។ ឥឡូវប្រកាសចំហ ឬក៏មិនចំហ? យើងគិតថា បើប្រកាសចំហនាំឲ្យមនុស្សខ្វល់ខ្វាយនិងមានបញ្ហាសន្តិសុខដល់គេផង ព្រោះមុខសញ្ញាច្រើនណាស់ដែលត្រូវប្រកាស។ គឺយើងធ្វើយ៉ាងម៉េចច្បាប់នេះចេញទៅមិនមែនជាប្រភេទគំរាមកំហែងនរណាទេ គោលដៅនៃច្បាប់នេះគឺកាត់បន្ថយអំពើពុករលួយ»។
មន្រ្តីជាមុខសញ្ញាដែលត្រូវប្រកាសទ្រព្យសម្បត្តិជាសម្ងាត់បំផុតនោះ មានថ្នាក់ដឹកនាំទាំងអស់នៃរដ្ឋាភិបាល សភាជាតិ ព្រឹទ្ធសភា ក្រៅពីនេះគឺមន្រ្តីរាជការនានាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យនិងអនុក្រឹត្យ ព្រមទាំងមេដឹកនាំអង្គការសង្គមស៊ីវិលផងដែរ។
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ បានចែងអំពីការផ្តន្ទាទោសឲ្យជាប់គុករវាងពី៧ថៃ្ងទៅ៥ឆ្នាំ ចំពោះទោសកំហុសតូចតាចនិងផ្តន្ទាទោសឲ្យជាប់គុករវាង៧ឆ្នាំទៅ១៥ឆ្នាំ ចំពោះទោសកំហុសនៃអំពើពុករលួយទ្រង់ទ្រាយធំ។
ការសិក្សានិងស្រាវជ្រាវដោយស្ថាប័នឯករាជ្យមួយចេញផ្សាយកាលពីឆ្នាំ២០០៤កន្លងទៅ បានរកឃើញថា ប្រទេសកម្ពុជាបានបាត់បង់ថវិកាចំណូលរដ្ឋរវាងពី៣០០លានដុល្លារអាមេរិកទៅ៥០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ក្រោមអំពើពុករលួយនិងអំពើរត់ពន្ធខុសច្បាប់។
សេចក្តីព្រាងច្បាប់ប្រឆាងអំពើពុករលួយបានចែងថា ផែនការរៀបចំស្ថាប័នប្រឆាំងអំពើពុករលួយនោះ គឺនឹងត្រូវធ្វើឡើងរយៈពេល៦ខែក្រោយពីសេចក្តីព្រាងច្បាប់នេះត្រូវបានសភាអនុម័តដោយមានការរៀបចំកងកម្លាំងប្រឆាំងអំពើពុករលួយនោះផងដែរ។
អ.ស.ប.លើកទឹកចិត្តឲ្យមានការទុកពេលឲ្យតំណាងរាស្ត្រនិងសង្គមស៊ីវិលពិភាក្សាពីសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
ទន្ទឹមនឹងការពិភាក្សានិងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងរដ្ឋសភា នៅថ្ងៃពុធ ខែមីនានេះដែរ ក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ដល់ការពិចារណារបស់សភាលើច្បាប់នេះ។
ក៏ប៉ុន្តែក្រុមអង្គការសហប្រជាជាតិនេះមានកង្វល់ថា ការកោះប្រជុំសភាធ្វើឡើងនៅក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានចែករំលែកជាសាធារណៈជាមួយតំណាងរាស្ត្រ ហើយថា បើតាមដឹងគឺសេចក្តីព្រាងច្បាប់នេះមិនត្រូវបានចែករំលែកជាមួយអ្នកពាក់ព័ន្ធទេ រាប់ទាំងសង្គមស៊ីវិលផង តាំងពីឆ្នាំ២០០៦មកនោះ។
សេចក្តីថ្លែងការណ៍បន្តថា ដោយមានអ្នកពាក់ព័ន្ធជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះច្បាប់នេះ ក្រុមអង្គការសហប្រជាជាតិសង្ឃឹមថា នៅមិនទាន់យឺតពេលនៅឡើយទេនឹងជំរុញលើកទឹកចិត្តដល់រដ្ឋសភាឲ្យទុកពេលវេលាគ្រប់គ្រាន់សម្រាប់តំណាងរាស្ត្រ សង្គមស៊ីវិល ប្រទេសអ្នកផ្តល់ជំនួយ និងអង្គការសហប្រជាជាតិ ដើម្បីសិក្សាច្បាប់នេះ ដើម្បីថា ប្រសិនជាចាំបាច់អាចស្នើសុំឲ្យពិចារណាកែប្រែលើចំណុចផ្សេងៗ៕
(រាយការណ៍បន្ថែមដោយ ឃឹម សារ៉ង)
