សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

សភា​ជាតិ​កម្ពុជា​នៅ​ថៃ្ង​១១ មីនា​នេះ បាន​អនុម័ត​ទាំង​ស្រុង​ហើយ​ដោយ​ភាព​ប្រញាប់​ប្រញាល់​បំផុត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​សំឡេង​គាំទ្រ​៨២​លើ​៨២​សំឡេង ដែល​សុទ្ធ​តែ​ជា​តំណាង​រាស្រ្ត​របស់​បក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កំពុង​កាន់​អំណាច។
ដោយ សុខ សេរី
2010-03-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA/Sok Serey

ជាមួយ​គ្នា​នេះ​តំណាង​រាស្រ្ត​ចំនួន​១៦​នាក់​របស់​គណបក្ស​សមរង្ស៊ី បាន​ដើរ​ចេញ​ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នោះ ក្រោយ​ពី​សំណើ​សំខាន់ៗ​សុំ​ឲ្យ​មាន​ការ​កែ​ប្រែ​មាត្រា​មួយចំនួន ប៉ុន្តែ​ត្រូវ​បាន​សភា​បដិសេធ។

សំណើ​ទាំង​នោះ គឺ​បក្ស​ប្រឆាំង​បាន​ទទូច​សុំ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ឯករាជ្យ​ពី​គណបក្ស​នយោបាយ ប្រពន្ធ​និង​កូន​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ក៏​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ផង​ដែរ។

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី បាន​ស្នើ​ឲ្យ​កែ​ប្រែ​មាត្រា​ទី​១៦ ជំពូក​៣ ដើម្បី​ឲ្យ​មាន​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ជា​កញ្ចប់​ថវិកា​ឯករាជ្យ​ពី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​សុំ​ឲ្យ​កែ​ប្រែ​មាត្រា​ទី​២០ ជំពូក​៤ ដើម្បី​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ធ្វើ​ទ្បើង​ជា​សាធារណៈ។

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ដោយ​មិន​ពេញ​ចិត្ត​ថា ៖ «គណបក្ស​សមរង្ស៊ី​ត្រូវ​តែ​ធ្វើ​ពហិការ​ដើម្បី​បង្ហាញ​ទៅ​មតិ​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ថា យើង​មិន​គាំទ្រ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គ្រាន់តែ​ធ្វើ​ឡើង​សម្រាប់​បិទបាំង​អំពើ​ពុករលួយ​តែប៉ុណ្ណោះ»

នៅ​មុន​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក គឹម ស៊ូភារិទ្ធ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ជាតិ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​១១ ខែ​មីនា​នេះ​ដែរ​ថា ការ​ប្រឆាំង​អំពើ​ពុករលួយ​នឹង​មិន​អាច​ទទួល​ជោគជ័យ​បាន​ទេ បើ​សិន​ណា​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នឹង​ធ្វើ​ទ្បើង​ដោយ​សម្ងាត់​បំផុត និង​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ដោយ​សាធារណៈ។

លោក គឹម ស៊ូភារិទ្ធ មាន​ប្រសាសន៍​ថា ៖ «ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​លុះត្រា​តែ​យើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដឹង​ឮ​អំពី​អ្វី​ដែល​យើង​កំពុង​មាន»

តំណាង​រាស្រ្ត​មា្នក់​ទៀត​របស់​គណបក្ស​ប្រឆាំង​សមរង្ស៊ី លោក ជាម ចន្នី បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែល​នឹង​ធ្វើ​ទ្បើង​ដោយ​សម្ងាត់​បំផុត​និង​គ្មាន​តម្លាភាព​នោះ ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យ​លើ​ករណី​ផ្សេងៗ។

លោក ជាម ចន្នី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ត្រូវ​មាន​តម្លាភាព។ ដើម្បី​ឲ្យ​មាន​តម្លាភាព​លុះណា​តែ​មាន​ការ​លាត​ត្រដាង បើ​ការ​លាតត្រដាង​មិន​បាន​គ្រប់​សព្វ​ទេ មិន​បាន​ច្បាស់​លាស់​ទេ តម្លាភាព​នៅ​តែ​អត់​មាន​ភាព​ស្រពេចស្រពិល​នៅ​តែ​កើត​មាន។ បើ​យើង​ប្រកាស​ជា​សាធារណៈ​បាន​ផល​ច្រើន​ណាស់ នរណា​ក៏​ដឹង​តែ​ខ្លួន​មាន​ប៉ុណ្ណា ក្រ​ប៉ុណ្ណា?»

ឆ្លើយ​តប​ទៅ​នឹង​ការ​ថែ្លង​រិះគន់​ខាង​លើ​នេះ លោក សុខ អាន ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​បំភ្លឺ​និង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា  រដ្ឋាភិបាល​មាន​ហេតុផល​គ្រប់គ្រាន់​និង​បទពិសោធន៍​នានា​ពី​ប្រទេស​សង្ហបុរី និង​ទីក្រុង​ហុងកុង ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដូច្នេះ។

លោក សុខ អាន បាន​ថ្លែង​ថា ៖ «ការ​ចេញ​ច្បាប់​នេះ​ជា​ជំហាន​ថ្មី​ធំ​ណាស់ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ជា​ឧបករណ៍​យ៉ាង​មុត​ស្រួច​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង។ ច្បាប់​នឹង​កែ​លម្អ​ហូរហែ​បន្ត​ទៅ​មុខ​ទៀត។ យើង​បាន​កំណត់​នូវ​មុខ​សញ្ញា​ប្រកាស​ទ្រព្យ​សម្បត្តិ»

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​អនុម័ត​ដ៏​ឆាប់​នេះ ៖ «ដូច​ថា មិន​មាន​ទុក​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល ក៏​ដូចជា​សាធារណជន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្ដល់​យោបល់»

សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ទើប​ត្រូវ​បាន​សភា​អនុម័ត​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ គឺ​មាន​៥៧​មាត្រា​និង​៩​ជំពូក។

មុខ​សញ្ញា​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​សម្ងាត់​បំផុត​នោះ គេ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​ច្រើន​ម៉ឺន​នាក់ រាប់​ទាំង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល សភា​ជាតិ ព្រឹទ្ធ​សភា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​មន្រ្តី​រាជការ យោធា នគរបាល​នានា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​និង​អនុក្រឹត្យ។

រដ្ឋាភិបាល​មាន​ផែនការ​រៀបចំ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​នេះ ក្នុង​រយៈពេល​៦​ខែ បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​សភា​អនុម័ត​រួច​រាល់៕

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ក្មេងលេងក៏ល្អមើលជាងហ្នឹងដែរ

Mar 11, 2010 08:24 PM

អ្នក​អាន​អនាមិក

ខ្ញុំយល់ថាមិនមែនច្បាប់ប្រឆាំងនឹងអំពើពុករលួយទេ គឺជាច្បាប់សំរាប់ប្រព្រឹត្តិអំពើពុករលួយទៅវិញទ្េ។

Mar 11, 2010 07:27 AM

គេហទំព័រ​ទាំងមូល