លោក សេង ប៊ុនសឺត តំណាងអ្នកភូមិ២០គ្រួសារបានមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី១៣ ខែមីនាថា ប្រធានរដ្ឋសភា លោក ហេង សំរិន បានចេញលិខិតអន្តរាគមន៍កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ ស្នើឲ្យអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ធ្វើការដោះស្រាយជាសមត្ថកិច្ចទាក់ទិនទំនាស់ដីរវាងក្រុមយោធិនកាត់រំសាយជាមួយនឹងប្រជាពលរដ្ឋចំនួន២០គ្រួសារជាបន្ទាន់ រួចរាយកាណ៍ពីលទ្ធផលឲ្យបានឆាប់មកគណៈកម្មការរដ្ឋសភាធ្វើការសម្រេច។
លោក សេង ប៊ុនសឺត បានឲ្យដឹងដូច្នេះ ៖ «ខ្ញុំបានទទួលពាក្យអន្តរាគមន៍ពីសម្ដេច ហេង សំរិន មកដល់ដៃមិញនេះ (១២ មីនា)។ ម្សិលមិញនេះខ្ញុំបានយកជូនទៅសាលាសង្កាត់ សាលាក្រុងនិងសាលាខេត្តរួចហើយ»។
អ្នកភូមិ២០គ្រួសារកាលពីពេលកន្លងទៅថ្មីៗ បានប្តឹងសុំឲ្យរដ្ឋសភាធ្វើអន្តរាគមន៍ឲ្យលោក អ៊ុង អឿន អភិបាលខេត្តចាត់វិធានការទប់ស្កាត់កុំឲ្យឈ្មោះ ណុប ម៉េង, សំ វិជ័យ, ឱក សុផាន, អន ណុង, សោម សុខេន, ម៉ី ឃិត, ចាន់រី, ព្រំ ណារី និងឈ្មោះ ម៉ៅ ឲ្យឈប់ប្រើគ្រឿងចក្រឈូសឆាយយកដីទំហំជាង២៨ហិកតារបស់ពួកគាត់ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសំអាងថាដីនោះអ្នកភូមិ២០គ្រួសារបានថែរក្សានិងកាន់កាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់សព្វថ្ងៃនេះ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយជ័យ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់ជុំវិញលិខិតអន្តរាគមន៍ខាងលើនេះបានទេ។ ប៉ុន្តែលោក អ៊ុក កែវរតនៈ មន្ត្រីនាំពាក្យសាលាខេត្តបានមានប្រសាសន៍ថា ខាងរដ្ឋបាលសាលាខេត្តបានទទួលលិខិតអន្តរាគមន៍នោះហើយ។
លោក អ៊ុក កែវរតនៈ បន្ថែមថា ក្រុមអធិការកិច្ចក្រសួងការពារជាតិកំពុងចុះធ្វើការសិក្សាពីទំនាស់ដីខាងលើ ក្រោយពីខេត្តរាយការណ៍ទៅក្រសួងកាលពីពេលថ្មីៗនេះ។
មន្ត្រីសិទ្ធិមនុស្សបានចោទថា ទំនាស់ដីខាងលើគឺជាកំហុសរបស់សមាគមអភិវឌ្ឍន៍កសិកម្មជាតិ ដែលបានយកដីប្រជាពលរដ្ឋទៅប្រគល់ឲ្យក្រសួងការពារជាតិ និងទី២ ជាកំហុសរបស់អាជ្ញាធរខេត្តដែលបានធ្វើការសម្រេចដោយពុំបានពិនិត្យច្បាស់លាស់។
លោក ស៊ុំ ចាន់គា បានស្នើឲ្យអាជ្ញាធរជួយគ្នាបង្រួមនៅទំនាស់ពង្រីកការដោះស្រាយឡើងវិញ ៖ «អាជ្ញាធរដែនដីខេត្តយើងគួរតែពិនិត្យទៅលើដីប្រជាពលរដ្ឋ មុននឹងចុះហត្ថលេខាមុននឹងផ្ដល់ដីសម្បទានណាមួយ សួរថា តើដីហ្នឹងប្រជាពលរដ្ឋរស់នៅទេ? បើសិនជាយើងផ្ដល់ឲ្យមួយហើយសម្លាប់មួយ ហ្នឹងមិនមែនថា បង្រួមនូវទំនាស់ពង្រីកនូវការដោះស្រាយទេ នេះគេហៅថា ពង្រីកទំនាស់ឲ្យកាន់តែធំថែមទៀតហើយ»។
ក្រុមអ្នកភូមិបានថ្លែងថា រហូតមកទល់ពេលនេះដីទំហំជាង២៨ហិកតាដែលអ្នកភូមិ២០គ្រួសារអះអាងថាជារបស់ខ្លួននោះ ត្រូវបានយោធិនកាត់រំសាយនៃកងពលលេខ១២ ចុះវាស់ដីពុះជាឡូត៍ទំហំ៦ម៉ែត្រគុណនឹង១២ម៉ែត្រ ចែកគ្នាក្នុងមួយគ្រួសារៗនោះ គិតសរុបអស់ទទឹង១១០ម៉ែត្រ និងបណ្តោយ៣១០ម៉ែត្រ នៅក្នុងផ្ទៃដីទំហំជាង២៨ហិកតា នៅភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
