សភា​បដិសេធ​សំណើ​សុំ​បង្កើត​គណៈ​កម្មការ​អង្កេត​គ្រោះ​ថ្នាក់​​​នៅ​កោះ​ពេជ្រ

លោក ជាម យៀប សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា បាន​បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​ស្នើ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​មួយ​បន្ថែម​ទៀត ដើម្បី​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​ទៅ។

0:00 / 0:00

ការ​បដិសេធ​របស់​លោក ជាម យៀប ធ្វើ​ឡើង​ក្រោយ​ពី​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤​រូប បាន​ស្នើ​ឲ្យ​ប្រធាន​សភា​ជាតិ លោក ហេង សំរិន បង្កើត​គណៈកម្មការ​ពិសេស ដើម្បី​ស្រាវជ្រាវ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់ និង​រង​របួស​នៅ​លើ​ស្ពាន​ពេជ្រ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋ​សភា​មិន​ចាំបាច់​បង្កើត​គណៈកម្មការ​បន្ថែម​ទៀត​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ។

តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី បាន​បន្ត​ទៀត​ថា គណៈកម្មការ​ពិសេស ត្រូវ​មាន​ការ​ចូល​រួម​ពី​សមាសភាព​តំណាងរាស្រ្ត​មក​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា រួម​ទាំង​មន្រ្តី​ជំនាញ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​ពី​ការ​ស្លាប់​ពលរដ្ឋ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​នាំ​យក​មន្រ្តី​អសមត្ថភាព និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ យក​មក​ទទួល​ទោស និង​ជា​មេរៀន​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​​ហេតុការណ៍​ដ៏​សែន​អាក្រក់​នេះ​កើត​មាន​ជា​ថ្មី​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា បាន​ប្រកាស​ទទួល​ស្គាល់​កំហុស​រដ្ឋាភិបាល​ក្នុង​ការ​ធ្វេសប្រហែស​រៀបចំ​សុវត្ថិភាព​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ប៉ុន្តែ​លោក​មិន​បាន​ឲ្យ​មន្រ្តី​ណា​ម្នាក់​លាលែង​ចេញ​ពី​តំណែង​ដោយសារ​កំហុស​នេះ​នោះ​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​​បន្ថែម​​ដោយ​លោក យន់ សាមៀន ៖