លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្កោលទោសចំពោះទង្វើរបស់កម្លាំងប្រដាប់អាវុធការពារក្រុមហ៊ុន ធីធីវ៉ាយ របស់លោក ណា ម៉ារឌី ដែលបានបាញ់ប្រជាពលរដ្ឋរស់នៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសលើករណីជម្លោះដីធ្លីកន្លងមក។
លោកបានជំរុញឲ្យអាជ្ញាធរពីស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ត្រូវតាមចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យបានជាដាច់ខាត៖ «ឧកញ៉ា ណា ម៉ារឌី និយាយឲ្យចំៗ សូមបញ្ជូនអ្នកដែលបាញ់មកឲ្យអាជ្ញាធរ។ មានមុខនៅទីនេះស្រាប់ហើយ។ ឥឡូវទៅហៅទៅ លោកឯងច្បាស់ជាស្គាល់ហើយ បើលោកឯងមិនបញ្ជូនជនល្មើសមកទេ គេនាំលោកឯងទៅសួរចំលើយហើយ។ បើមិនព្រមប្រគល់ជនល្មើសមកឲ្យរដ្ឋាភិបាល ឬអាជ្ញាធរទេ លោកឧកញ៉ា ណា ម៉ារឌី ឯង ត្រូវជាអ្នកចូលខ្លួនមកជំនួសហើយ។ កុំថាលោកឯងទីប្រឹក្សានាយករដ្ឋមន្ត្រី ស្អែកខានស្អែកខ្ញុំដកតួនាទីហ្នឹងចេញទៀត បើលោកឯងមិនធ្វើ ព្រោះលោកជាប្រធានក្រុមហ៊ុន បើលោកឯងមិនធ្វើត្រូវតាមដានបន្តទៀត»។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ទាហានការពារក្រុមហ៊ុន ធីធីវ៉ាយ របស់លោកឧកញ៉ា ណា ម៉ារឌី មានទីតាំងក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានបាញ់រះមកលើប្រជាពលរដ្ឋដែលជួបជុំគ្នាតវ៉ាមិនឲ្យក្រុមហ៊ុននេះប្រើគ្រឿងចក្រឈូសឆាយដីចំការបង្កបង្កើនផលរបស់ពួកគាត់។ ព្រឹត្តិការណ៍បាញ់រះបានបណ្ដាលប្រជាពលរដ្ឋចំនួន ៤នាក់រងរបួសធ្ងន់។
លោក ជួង ស៊ាងហាក់ ជាស្នងការនគរបាលខេត្តក្រចេះ។ លោកបានបញ្ជាក់ថា សមត្ថកិច្ចកំពុងជំរុញសកម្មភាពតាមចាប់ខ្លួនជនល្មើសដែលបាញ់ពលរដ្ឋនៅឃុំពីរធ្នូ មិនធ្វេសប្រហែសទេ។ លោកថា បច្ចុប្បន្នសមត្ថកិច្ចលោកកំពុងរង់ចាំចំណាត់ការពីតុលាការលើករណីនេះ។
លោកស្រី ចាត សូរស្មី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ។ លោកស្រីក៏បានឲ្យដឹងថា តុលាការកំពុងស៊ើបអង្កេតលើករណីទាហានការពារក្រុមហ៊ុន ធីធីវ៉ាយ បាញ់ពលរដ្ឋឲ្យរងរបួសនេះហើយ៖ «ទាក់ទងរឿងហ្នឹងខាងខ្ញុំ ខ្ញុំចាត់ចែងឲ្យខាងរង។ ខ្ញុំចាត់ការហើយសំណុំរឿងហ្នឹង យើងបានចាត់ការ និងបញ្ជូនទៅដល់តុលាការរួចហើយ»។
ទាក់ទងបញ្ហានេះ លោក ហៀន វណ្ណា ត្រូវជាស្វាមីស្ត្រីរងគ្រោះឈ្មោះ នេត រតនា ដែលត្រូវទាហានការពារក្រុមហ៊ុនរបស់លោក ឧកញ៉ា ណា ម៉ារឌី បាញ់ឲ្យរងរបួស។ លោកបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវពន្លឿនសកម្មភាពចាប់ជនល្មើសបាញ់ភរិយារបស់លោក និងពលរដ្ឋដទៃទៀតយកមកផ្ដន្ទាទោសឲ្យបានឆាប់។
លោក ហៀន វណ្ណា ឲ្យដឹងបន្ថែមដូច្នេះ៖ «សូមឲ្យគាត់ធ្វើតាមគោលការណ៍ដែលគាត់បាននិយាយ ឲ្យប្រជាជននៅខេត្តក្រចេះ ជឿជាក់លើគាត់»។
យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកអាជ្ញាប័ណ្ណ ឬដកសិទ្ធិពីម្ចាស់ក្រុមហ៊ុនវិនិយោគទាំងឡាយណា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ប៉ុន្តែបានរំលោភយកដីបង្កបង្កើនផលរបស់ពលរដ្ឋ ឬប្រើហិង្សាទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។