មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​សភា​ខ្មែរ​សុំ​ឲ្យ​ស.រ.អា.​លើកលែង​បំណុល

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ របស់​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ទី​៦ សីហា បាន​សុំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​កាត់​បំណុល​ពី​អតីត​រដ្ឋាភិបាល​សាធារណរដ្ឋ​ ខ្មែរ របស់​លោក លន់ នល់ ទាំង​ស្រុង។

0:00 / 0:00

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រដ្ឋ​សភា​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ទី​៦ សីហា បាន​ព្រមាន​សហ​រដ្ឋ​អាមេរិក​ថា លោក​នឹង​ផ្ដួច​ផ្ដើម​គំនិត​ដើម្បី​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក និង​បាច​ជាតិ​គីមី​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​ទាមទារ​បំណុល​ដែល​កម្ពុជា​ជំពាក់​ទាំង​ស្រុង ដែល​មាន​ចំនួន​ប្រមាណ​៣០០​លាន​ដុល្លារ។

ជៀមយៀប២០០
លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រដ្ឋ​សភា​កម្ពុជា (Photo courtesy of khmerization.blogspot.com)

ការ​ទាមទារ​របស់​លោក ជាម យៀប ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក កំពុង​បន្ត​ធ្វើ​ការ​ចរចា​គ្នា​ដើម្បី​រក​ចំណុច​កណ្ដាល​មួយ ក្នុង​ការ​សង​បំណុល​សហ​រដ្ឋ​អាមេរិក ដែល​អាច​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​ទទួល​យក​បាន​រៀង​ៗ​ខ្លួន។

កាល​ពី​ថ្ងៃ​អង្គារ ទី​៣ សីហា មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក លោក ថេត អាលេហ្រ្គា (Theodore Allegra) អនុ​ប្រធាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា​បាន​ជំពាក់​បំណុល​សហ​រដ្ឋ​អាមេរិក​ប្រមាណ​៣០០​លាន​ដុល្លារ ដែល​ជា​បំណុល​របស់​រដ្ឋាភិបាល​ជំនាន់​មុន។ លោក​ថា តាម​ច្បាប់​អន្តរជាតិ កម្ពុជា​មាន​ភារកិច្ច​សង​បំណុល​របស់​រដ្ឋាភិបាល​ចាស់ លោក លន់ នល់។

លោក ជាម យៀប បន្ថែម​ថា កម្ពុជា​ធ្លាប់​បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​លុប​ចោល​ទាំង​ស្រុង ប្រយោជន៍​ដើម្បី​ជា​សំណង​ការ​ខូច​ខាត​របស់​កម្ពុជា ដោយសារ​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​សង្គ្រាម​វៀតណាម។

សង្គ្រាម​វៀតណាម​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៥៥ ហើយ​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។ សហ​រដ្ឋ​អាមេរិក​បាន​ចូល​រួម​សង្គ្រាម​វៀតណាម​ដើម្បី​ការពារ​កុំ​ឲ្យ​វៀតណាម​កុម្មុយនិស្ត​ខាង​ជើង ផ្ដួល​រំលំ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង។ កាល​ពី​ឆ្នាំ​១៩៦៥ សហ​រដ្ឋ​អាមេរិក​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​សឹក​តាម​ព្រំដែន។ ដោយសារ​ប្រតិបត្តិការ​សឹក​នេះ កម្ពុជា និង​ឡាវ ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំង។

លោក ថេត អាលេហ្រ្គា (Theodore Allegra) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ កម្ពុជា និង​សហ​រដ្ឋ​អាមេរិក​កំពុង​បន្ត​ការ​ពិភាក្សា​គ្នា​ដើម្បី​ជម្រះ​បំណុល​នេះ។ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ ក្នុង​ការ​សង​បំណុល​នេះ​នៅ​ឡើយ​ទេ។

លោក ជាម យៀប បាន​បន្ថែម​ថា សហ​រដ្ឋ​អាមេរិក​គួរ​យក​គំរូ​តាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាល​ពី​ឆ្នាំ​២០០៥ បាន​លុប​បំណុល​កម្ពុជា​ប្រមាណ​៨២​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ធារា​សាស្ត្រ​កម្ពុជា។ ប្រទេស​ចិន និង​ហុងគ្រី ក៏​បាន​លុប​បំណុល​កម្ពុជា​ចោល​ផង​ដេរ។

បច្ចុប្បន្ន​នេះ កម្ពុជា​ជំពាក់​បំណុល​បរទេស​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ប្រទេស​ម្ចាស់​បំណុល​សំខាន់ រួម​មាន​សហ​រដ្ឋ​អាមេរិក អតីត​សហ​ភាព​សូវៀត ជប៉ុន និង​កូរ៉េ៕