សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានលើកដៃគាំទ្រលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្ដីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនប្រទេសទាំងបីនៅក្នុងកិច្ចប្រជុំសភា កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ដោយមានសំឡេងគាំទ្រ ៨៣ លើ ១០០សំឡេង ក្នុងចំណោមសមាជិកសភាមានវត្តមានក្នុងកិច្ចប្រជុំចំនួន ១០០រូប។
ទោះយ៉ាងណា សមាជិកសភាមកពីគណបក្សប្រឆាំងមិនគាំទ្រលើសេចក្ដីព្រាងច្បាប់នេះទេ ហើយមានសមាជិកសភាបក្សខ្លះទៀតបានធ្វើពហិការមិនចូលប្រជុំសភាឡើងដោយលើកហេតុផលថា សេចក្ដីព្រាងច្បាប់នេះរដ្ឋសភាមិនបានបើកឲ្យមានការពិភាក្សាទូលំទូលាយ។
លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៦ ខែមិថុនា នាទីស្នាក់ការគណបក្សក្រុងភ្នំពេញ ថា សមាជិកសភាបក្សរបស់លោកស្រីមិនគាំទ្រដាច់ខាតលើអនុសញ្ញាកំណត់ចំណុចប្រសព្វព្រំដែនកម្ពុជា-វៀតណាម និងប្រទេសឡាវ នោះ ដោយអះអាងថា អនុសញ្ញានេះមិនបានលើកមកជជែកឲ្យបានច្បាស់លាស់ជាមុន មុននឹងធ្វើការអនុម័ត។
ទាក់ទងបញ្ហានេះ សមាជិកសភាទាំងបីរូបរបស់គណបក្សសិទ្ធិមនុស្ស ក៏បានធ្វើពហិការមិនចូលរួមប្រជុំសភានោះដែរ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ដោយសំអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់ចំណុចប្រសព្វខ្សែព្រំដែនកម្ពុជា វៀតណាម និង ឡាវ មិនបានបម្រើដល់ផលប្រយោជន៍ពលរដ្ឋនោះទេ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ដោយបានទម្លាក់ការទទួលខុសត្រូវដល់រដ្ឋាភិបាល ក៏ដូចជាសមាជិកសភាបក្សប្រជាជនកម្ពុជា ចំពោះមុខប្រវត្តិសាស្ត្រខ្មែរដែលបានអនុម័តលើសេចក្ដីព្រាងច្បាប់កំណត់ប្រសព្វព្រំដែនប្រទេសទាំងបី។
ទោះយ៉ាងណា លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានឡើងថ្លែងគាំទ្រចំពោះការសេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់ចំណុចប្រសព្វខ្សែព្រំដែនកម្ពុជា វៀតណាម និង ឡាវ ដែលសមាជិកសភាបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័តនេះ។
លោក ជាម យៀប ដែលជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានចាត់ទុកថា ច្បាប់នេះនឹងនាំឲ្យប្រទេសទាំងបី កម្ពុជា វៀតណាម និង ឡាវ មានព្រំដែនច្បាស់លាស់។
ទាក់ទងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា តំណាងឲ្យរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូការពារសេចក្ដីព្រាងច្បាប់បានថ្លែងក្នុងកិច្ចប្រជុំសភា ដោយបានហៅការអនុម័តទៅលើអនុសញ្ញាកំណត់ចំណុចប្រសព្វព្រំដែនកម្ពុជា វៀតណាម និង ឡាវ នាំឲ្យប្រទេសទាំងបីមានទំនាក់ទំនងមិត្តភាពកាន់តែប្រសើរ និងនាំឲ្យប្រទេសទាំងបីបង្កើតជាតំបន់ត្រីកោណសន្តិភាព មិត្តភាព និងសហប្រតិបត្តិការដ៏យូរអង្វែងជាមួយគ្នា។
តាមលោក វ៉ា គឹមហុង ចំណុចប្រសព្វខ្សែព្រំដែនប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ ដែលជាបង្គោលលេខសូន្យ ត្រូវបានមន្ត្រីជំនាញព្រំដែនប្រទេសទាំងបីបោះរួចហើយ ស្ថិតនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី នៅលើកំពូលភ្នំមានកម្ពស់ ១.០៨១ម៉ែត្រ និងនៅលើដីជាក់ស្ដែងមានកម្ពស់ ១.០៨៦ម៉ែត្រ៕