អ្នកស្រី ម៉ែន សំអន ដែលរដ្ឋាភិបាលស្នើតែងតាំងបន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា បានទទួលសំឡេងគាំទ្រ ១០១ សំឡេង មិនគាំទ្រ ៥សំឡេង និងអនុបវាទ ៣សំឡេង។
ចំណែកឯអ្នកស្រី សោម គឹមសួ ដែលរដ្ឋាភិបាលស្នើតែងតាំងជាអគ្គសវនកម្មជាតិ បានទទួលសំឡេងគាំទ្រ ៨៨សំឡេង មិនគាំទ្រ ១៧សំឡេង និងអនុបវាទ ៤សំឡេង នៅក្នុងចំណោមសមាជិកសភាចូលរួមប្រជុំចំនួនសរុប ១០៩រូប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅមុនការបោះឆ្នោតនោះថា ការផ្លាស់ប្ដូរនេះ គឺជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពការងារនៅក្នុងរដ្ឋាភិបាល៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយស សូមសម្ដែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងថ្លែងអំណរគុណចំពោះរដ្ឋសភា ដែលជានិច្ចកាលតែងបង្ហាញការប្ដេជ្ញាចិត្តក្នុងភារកិច្ចបម្រើប្រទេស ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ដែលប្រជាជនជឿជាក់»។
តាមរយៈការបោះឆ្នោតនេះ និងតាមសំណើរបស់លោក ហ៊ុន សែន គឺរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា អ្នកស្រី សោម គឹមសួ គឺទៅជំនួសអគ្គនាយកនៃអគ្គសវនកម្មជាតិ លោក អ៊ុត ឈន ដែលបានចប់អាណត្តិចំនួន ២អាណត្តិកន្លងមក។ លោក ឆាយ គីម ក្លាយជាអគ្គសវនកររង។ លោក សួន សុធី ក្លាយជាអគ្គសវនកររងជំនួសលោក សេង រ៉ុន ដែលបានចប់អាណត្តិ។
ចំណែកឯឧបនាយករដ្ឋមន្ត្រីប្រចាំការ អ្នកស្រី ម៉ែន សំអន ក្លាយជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងសភា និងព្រឹទ្ធសភា ជំនួសអ្នកស្រី សោម គឹមសួ វិញ។
អ្នកស្រី ម៉ែន សំអន បានមានប្រសាសន៍ក្រោយពីការបោះឆ្នោតនោះថា អ្នកស្រីទទួលយកលទ្ធផល និងការសម្រេចបែបនេះ ៖ «ខិតខំប្រែក្លាយនូវទំនុកទុកចិត្តថ្ងៃនេះ ដើម្បីធ្វើការងារឲ្យល្អ និងមានបទពិសោធន៍កាន់ច្រើនថែមទៀត»។
ផ្ទុយពីការអះអាងនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកគ្មានការភ្ញាក់ផ្អើលទេ ៖ «ទាមទារឲ្យរដ្ឋាភិបាល ធ្វើយ៉ាងដូចម្ដេចឲ្យស្ថាប័នអគ្គសវនកម្មជាតិនេះឲ្យមានលក្ខណៈឯករាជ្យ ឲ្យមានអ្នកជំនាញធ្វើការឲ្យបានត្រឹមត្រូវ ឲ្យមានរបាយការណ៍ទាន់ពេលវេលាមកឲ្យរដ្ឋសភា បើចង់ឲ្យការគ្រប់គ្រងវិស័យថវិកាជាតិ និងការកាត់បន្ថយការលួចបំបាត់ទ្រព្យសម្បត្តិធនរបស់ជាតិ ឲ្យបានប្រសើរឡើងនោះបាទ!»។
ការបោះឆ្នោតក្នុងសភាដើម្បីផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីមួយចំនួននេះ នៅគ្រាដែលសភាជាតិ បានបើកសម័យប្រជុំលើកទី២ នីតិកាលទី៤៕