ប្រភព​ដើម​និង​ទស្សនៈ​ពុទ្ធ​សាសនា​ជុំវិញ​ឆ្នាំរោង​និង​សត្វ​នាគ

ដូនតា​ខ្មែរ​បាន​កំណត់​យក​ខែ​ចេត្រ ជា​កាល​វេលា​មួយ​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​ផ្អែក​ទៅ​តាម​ដំណើរ​គោចរ​នៃ​ព្រះចន្ទ ឬ​ដែល​ហៅ​ថា «ចន្ទគតិ»។
ដោយ កេសរណ្ណីយ្យា
2012.04.16
រូប​នាគ ៣០៥ ពលរដ្ឋ​ឡើង​ជណ្ដើ​រនាគ​វត្តភ្នំ ទៅ​បន់​ស្រន់​សុំ​សេចក្ដី​សុខ កាល​ពី​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១២។
RFA/Vohar Cheath

ចំណែក​ឈ្មោះ​ឆ្នាំ​នីមួយៗ ដែល​ចាប់​ផ្ដើម​ដោយ​ឆ្នាំ​ជូត ជា​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​កុរ ជា​ឆ្នាំ​ទី​១២ គឺ​សុទ្ធ​តែ​តំណាង​ដោយ​រូប​សត្វ​ខុសៗ​គ្នា។

ដូនតា​ខ្មែរ​បាន​យក​សត្វ​នាគ ជា​និមិត្តរូប​ឆ្នាំ «រោង» ដែល​ស្ថិត​នៅ​លំដាប់​ទី​៥ នៃ​ក្បួន​តម្រា​មហាសង្ក្រាន្ត កំណត់​វេលា​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ពាក្យ «រោង» គឺ​សំដៅ​ទៅ​លើ​ទី​ស្នាក់​អាស្រ័យ សាលា ទីជម្រក សម្រាប់​ធ្វើ​ការងារ ឬ​ពិធី​ផ្សេងៗ ដែល​ភាសា​បាលី និង​សំស្ក្រឹត ហៅ​ថា «សេនាសនៈ»។

បើ​ដូច្នេះ​តើ​ហេតុ​អ្វី​បាន​ជា​ចាស់​បុរាណ​ខ្មែរ​យក​ពាក្យ «រោង» មក​ដាក់​ជា​ឈ្មោះ​ឆ្នាំ​ដែល​មាន «សត្វ​នាគ» ជា​និមិត្តសញ្ញា​ទៅ​វិញ?

ត្រង់​ចំណុច​នេះ បើ​ពិនិត្យ​មើល​សេចក្ដី​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ពាក្យ «រោង» មាន​ន័យ​ទាក់ទង​នឹង​ពាក្យ «រង្គ» ឬ «រង្គៈ» គឺ​ទី​លេង​មហោស្រព រោង​សំដែង​របាំ ឬ​រង្គសាល។

លោក​បណ្ឌិត សួន ឱសថ ជំនួយ​ការ​ស្រាវជ្រាវ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។ លោក​អធិប្បាយ​អំពី​ពាក្យ «រង្គ» ហើយ​និង​ពាក្យ «រោង» ដែល​មាន​ន័យ​មួយ​ទៀត​ថា «នាគ» ទៅ​តាម​សិលា​ចារឹក ដែល​ខ្មែរ​បាន​ប្រើ​នា​សម័យ​អង្គរ។

លោក​បណ្ឌិត សួន ឱសថ៖ "...រូបស័ព្ទ​ដើម ពាក្យ​ថា «រង្គ» គឺ​សំដៅ​ទៅ​លើ​ពណ៌​សម្បុរ ទីកន្លែង​ដែល​មាន​ពន្លឺ មាន​ភាព​ត្រជាក់ត្រជំ សុខដុម គេ​ហៅ​ថា «រង្គ» ហ្នឹង ហើយ។ រហូត​ដល់​សម័យ​មហានគរ មាន​ពាក្យ​មួយ «រូណ» (អាន​ថា៖ រូណៈ) មិន​មែន «រង្គ» ដូច​មុន​ទេ ក្លាយ​មក​ជា​ពាក្យ «រូណ»។ «រូណ» នេះ ជា​ភាសា​ដើម បើ​យើង​សរសេរ​ជា​ឡាតាំង គឺ RON ហើយ​ចុច​ពី​លើ N មួយ បើ​សរសេរ​សម្រួល​ជា​ខ្មែរ​វិញ គឺ «រូណ»...។ តាម​សិលាចារឹក K138 និង K24 មាន​ឈ្មោះ​នារី «នាង​រូណ» ឬ​ក៏​ហៅ​ថា «កុរូណ» គឺ​នារី​ឈ្មោះ «រោង» ហ្នឹង​ឯង ឬ​គេ​ហៅ​ថា «យ៉ារូណ» គឺ​នារី​ដែល​មាន​វ័យ​ចំណាស់​នាម​ថា «រោង» ហើយ «រោង» ឬ «រូណ» ហ្នឹង គឺ​ជា​ឈ្មោះ​ឆ្នាំ​សត្វ​នាគ​នោះ​ហើយ..."

ម៉្យាង​វិញ​ទៀត ពពួក​សត្វ​ល្មូន​ដែល​វារ ឬ​លូន​ដោយ​ទ្រូង ភាសា​បាលី និង​សំស្ក្រឹត ហៅ​ថា «ឧរគ» (អាន​ថា៖ ឧរគៈ)។

លោក​ព្រឹទ្ធាចារ្យ មាស លី អតីត​គ្រូបង្រៀន​ភាសា​បាលី​នៃ​ពុទ្ធិកបឋមសិក្សា «ព្រះសុរាម្រឹត» នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦២-​១៩៦៦ និង​ជា​ឧបដ្ឋាក អ្នក​បំរើ​ផ្ទាល់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ។

លោក​ព្រឹទ្ធាចារ្យ មាស លី ដែល​បច្ចុប្បន្ន​រស់​នៅ​ភូមិ​ល្វេ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បក​ស្រាយ​អំពី​ការ​ប្រែប្រួល​នាមសព្ទ​នៃ​ពាក្យ «ឧរគ» ឬ «ឧរង្គ» ដែល​ក្លាយ​ទៅ​ជា​ពាក្យ «រោង» មាន​ន័យ​ថា ស្តេច​ពស់ ឬ​នាគ​នេះ​ឯង៖ «ប្រភព​នៃ​ពាក្យ​របស់​សត្វនាគៈ។ នាគ​ហ្នឹង​ចេញ​ពី​ពាក្យ​ថា «ឧរង្គសត្វ» ពាក្យថា «ឧរង្គៈ» មក​ពី​ពាក្យ​ថា ឧរៈ, ពាក្យ​ថា «ឧរៈ និង​អាំង» បាន​ជា «ឧរង្គ», យក​ទី​ឃ ធ្វើ​ឱ្យ​វែង «ឧ» ជា «ឱ», ផ្លាស់​អាំង​ខាង​លើ ជា «ងៈ» ជា «ង» បាន​ទៅ​ជា «រោង»។ នេះ​ជា​ព្យញ្ជនៈ ពាក្យ​ថា ឆ្នាំ «រោង»...»។

ចំណែក​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ក៏​មាន​ចែង​អំពី​ប្រភព​ដើម​នៃ​ឈ្មោះ​ឆ្នាំ «រោង» ដោយ​ប្រើ​ភាសា​បាលី​ថា «នាគៈ» ដែល​មាន​ន័យ​ថា ប្រសើរ, ចម្បង, បរិសុទ្ធ។

លោក​បណ្ឌិត សួន ឱសថ ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​ច្បាប់ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ «ព្រះសីហនុរាជ» នៅ​ទីក្រុង​ភ្នំពេញ​ដែរ​នោះ បាន​លើក​យក​ឈ្មោះ​ឆ្នាំ ទាំង ១២ អម​ដោយ​ឈ្មោះ​សត្វ​តំណាង​ឱ្យ​ឆ្នាំ​នីមួយៗ តាម​ការ​កត់ត្រា​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក៖ "...ឆ្នាំ​ទី​១ ឈ្មោះ​មូសិក សំវរចរោ គឺ​ឆ្នាំ​ជូត ហើយ​ឧសភសំវចរោ ឆ្នាំ​ឆ្លូវ ព្យគ្ឃសំវចរោ ឆ្នាំ​ខាល សៈសៈសំវចរោ ឆ្នាំ​ថោះ នាគសំវចរោ ឆ្នាំ​រោង ខ្ញុំ​អាន​តាម​បាលី​ឡាតាំង មិន​អាន​តាម​បាលី​ខ្មែរ​យើង​ទេ។ សប្បសំវចរោ ឆ្នាំ​ម្សាញ់ ទី​៧ អស្សសំវចរោ ឆ្នាំ​មមី ឯឡកសំវចរោ ឆ្នាំ​មមែ មកដសំវចរោ ឆ្នាំ​វក កុក្កុដសំវចរោ ឆ្នាំ​រកា សុនខសំវចរោ ឆ្នាំ​ចរ សុក​រសំវចរោ ឆ្នាំ​កុរ។ ហ្នឹង​គឺ​ហៅ​តាម​សត្វ​ហ្នឹង​ហើយ ដូច​ជា​ពាក្យ​ថា មូសិក គឺ​សត្វ​កណ្ដុរ ខ្មែរ​យើង​អត់​ហៅ​កណ្ដុរ​ទេ យើង​ហៅ​ជូត​ទៅ​វិញ តែ​កាល​ណោះ​គេ​ហៅ​ចំ​ឈ្មោះ​សត្វ​តែម្ដង..."

ការ​កត់ត្រា​ក្នុង​គម្ពីរ​ពុទ្ធសាសនា​នេះ គឺ​ជា​តឹកតាង​មួយ​ដ៏​សំខាន់​នៃ​ប្រភព​ដើម​ក្នុង​ការ​ប្រើ​ឈ្មោះ​ឆ្នាំ​ទាំង ១២ របស់​ខ្មែរ តាំង​ពី​សម័យ​ពុទ្ធកាល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​និង​មាន​ឥទ្ធិពល​មក​លើ​ជីវិត​រស់​នៅ​របស់​ខ្មែរ​តាម​រយៈ​ជំនឿ​សាសនា វប្បធម៌ និង​ប្រពៃណី ទំនៀម​ទម្លាប់​ជាប់​ដរាប​មក​ដល់​បច្ចុប្បន្នកាល។

ទន្ទឹម​គ្នា​នេះ​ពាក្យ «រោង» ដែល​ក្លាយ​មក​ពី​ពាក្យ «រង្គ» និង​ពាក្យ «រូណ» ហើយ​និង​មាន​ន័យ​ថា «សត្វ​នាគ» នេះ មាន​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និត​ជា​ច្រើន​អន្លើ​ទៅ​នឹង​ដំណើរ​ជីវិត​ផ្ទាល់​របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​សមណគោតម ដែល​ពុទ្ធបរិស័ទ​នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក​បាន​នាំ​គ្នា​គោរព​បូជា​អស់​រយៈពេល ២៥៥៥ ឆ្នាំ​មក​ហើយ​នេះ។

តាម​ប្រវត្តិ​ទសជាតិ គឺ​មហា​ជាតិ​ទាំង ១០ ចុង​ក្រោយ នៃ​ព្រះពុទ្ធ​សមណគោតម​ក្នុង​ជាតិ​ជា​ព្រះពោធិសត្វ​បំពេញ​បារមី ឬ​គុណ​ជាតិ​ដ៏​ល្អ ដែល​បុគ្គល​គួរ​បំពេញ​នោះ ព្រះអង្គ​បាន​យោន​យក​កំណើត​ជា​សត្វ​នាគ។

ទាក់ទង​នឹង​ប្រការ​នេះ ភិក្ខុ ស៊ុន ចាន់សុធា ព្រះព្រហ្ម​បញ្ញា​ជា​ព្រះចៅ​អធិការ​វត្ត «មេ. សប្រចណ្ទ» និង​ជា​ព្រះ​បាឡាត់​មេគណ​ខេត្ត​ព្រៃវែង ព្រះអង្គ​មាន​ថេរដីកា​ដោយ​សេចក្ដី​សង្ខេប​អំពី​មហា​ជាតិ​មួយ​នេះ ដែល​នាគ​ពោធិសត្វ ព្រះនាម «ភូរទត្ត» បាន​តាំង​ចិត្ត​បំពេញ​នូវ​សីល​បរមត្ថ​បារមី​ដែល​ជា​គុណធម៌​ដ៏​ប្រសើរ​ឧត្ដម​ក្រៃលែង ពោល​គឺ​ស៊ូ​លះ​បង់​ជីវិត​ផ្ទាល់ ដើម្បី​រក្សា​សីល​ឱ្យ​បរិសុទ្ធ។

ភិក្ខុ ស៊ុន ចាន់សុធា៖ "…ថ្ងៃ​មួយ​នោះ មាន​ពួក​អាយលម្ពាយ ជួប​ហ្វូង​នាគ​ទាំង​ឡាយ​ដែល​មក​លេង​ទឹក។ អាយលម្ពាយ​ហ្នឹង​គិត​ថា បើ​សិន​ជា​បាន​នាគ​តែ​មួយ​យក​មក​ដើរ សំដែង​យ៉ាង​ណា​នោះ នឹង​បាន​ទ្រព្យ​សម្បត្តិ​ច្រើន។ នាគ​ពោធិសត្វ​ដែល​ជា​នាគ​ប្រកប​ដោយ​តេជៈ កើត​ឡើង​ដោយ​បារមី​សីល​របស់​ព្រះអង្គ​នោះ​គិត​ថា បើ​អាត្មា​អញ​យក​ភ្នែក​សម្លឹង​មើល​យ៉ាង​ខ្លាំង មិន​ពព្រិច​ជាមួយ​អាយលម្ពាយ និង​អ្នក​នេសាទ នោះ​អ្នក​ទាំង​ពីរ​នឹង​វិនាស​ដោយសារ​កំលាំង​របស់​អាត្មា​អញ អ៊ីចឹង​អាត្មា​អញ​សុខចិត្ត បិទ​ភ្នែក​ចង់​ថា អាយលម្ពាយ​ចាប់​យក​ទៅ​ធ្វើ​យ៉ាង​ណា ក៏​ព្រះអង្គ​មិន​តបត​ដែរ ទោះ​បី​ជា​ស្លាប់​ជីវិត​ក៏​មិន​តប​ត មិន​ឱ្យ​រំខាន​ដល់​សីល​របស់​ខ្លួន​ដែរ..."

ម្យ៉ាង​វិញ​ទៀត​ពាក្យ «នាគ» ដែល​តាម​ភាសា​បាលី​មាន​ន័យ​ថា ប្រសើរ ចម្បង បរិសុទ្ធ លោក​អ្នក​ប្រាជ្ញ​បណ្ឌិត​ផ្នែក​ពុទ្ធសាសនា បាន​កត់​ត្រា​សំដែង​ដក​ស្រង់​តាម​គម្ពីរ​ពុទ្ធសាសនា​ថា ព្រះ​សព្វញ្ញុពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អរហន្ត​ទាំង​អស់ មាន​នាម​ថា «នាគ» ព្រោះ​ព្រះអង្គ​លះលែង​ធ្វើ​អំពើ​បាប​ដោយ​ដាច់​ខាត។

​រីឯ​ព្រះ​អរិយបុគ្គល​ក៏​មាន​ឈ្មោះ​ថា «នាគ» ព្រោះ​ជា​អ្នក​បដិបត្តិ​ធម៌ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល​ចំពោះ​មនុស្ស​សត្វ​ទូទៅ។ ពាក្យ «នាគ» នេះ ក៏​ប្រើ​ចំពោះ​បុគ្គល​ជា​បុថុជ្ជន​ទាំង​ឡាយ​ណា​មួយ​ដែល​កើត​មាន​សេចក្ដី​អៀន​ខ្មាស ខ្លាច​បាប ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត​ផង​ដែរ។ ចំណែក​កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ ហើយ​មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​ក្នុង​សំណាក់​​ព្រះ​ពុទ្ធ​សាសនា ក៏​ហៅ​ថា «នាគ» ដូច​ជា​មាន​ពិធី​បំបួស​នាគ ដែល​មាន​ជាប់​ទំនៀម​រហូត​ដល់​មក​សព្វ​ថ្ងៃ​នេះ។

រី​ឯ​ជ្រុង​មួយ​ទៀត ពាក្យ​ថា «នាគ» ភាសា​បាលី​ហៅ​ថា «ទីឃជាតិ» ផង​ដែរ ពោល​គឺ​ជា​អំបូរ​សត្វ​មាន​អាយុ​វែង។ ប្រការ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ជំនឿ​ទស្សនៈ​របស់​ខ្មែរ ដែល​ចាត់​ទុក​ថា ខ្មែរ​ជា​អំបូរ​នាគ ជា​ជាតិ​មិន​ស្លាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 16, 2012 09:10 AM

ក្នុងឱកាសបុណ្យចូលឆ្នាំរោងនេះឈ្មោះបីមិនបានឮឬក៍
ឃើញសោះ។មិនដឹងជាអ្នកទាំងបីនោះជាខ្មែរដែរឬទេហ្ន៏។
ឈ្មោះទាំងបីនោះគឺ៖នាយករដ្ឋមន្ត្រីហ៊ុន សែន;សម្ដេច
សង្ឃគណៈមហានិកាយនិងមួយទៀតសម្ដេចសង្ឃគណៈ
ធម្មយុតិ។