សភាជាតិនៃប្រទេសកម្ពុជាបានកោះហៅកិច្ចប្រជុំសភាជាប្រញាប់មួយនៅថៃ្ងទី១៦ ខែវិច្ឆិកា ដើមសប្តាហ៍ក្រោយនេះ នៅវេលាម៉ោង៨ព្រឹក ដើម្បីអនុម័តលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តពីលោក សម រង្ស៊ី តាមសំណើរបស់តុលាការខេត្តស្វាយរៀង ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេត និងចោទប្រកាន់ក្រោមបទចោទថា បំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។
ឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរីទទួលបាន បានចុះហត្ថលេខានិងត្រាដោយលោក ហេង សំរិន ប្រធានសភាជាតិនៅថ្ងៃទី១២ ខែវិច្ឆិកានេះ បាននិយាយថា លោកមានកិត្តិយសសូមអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវតំណាងរាស្រ្ត ចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៤ នៅថៃ្ងច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅវេលាម៉ោង៨ព្រឹក។
របៀបវារៈទី១១នៃកិច្ចប្រជុំនោះ គឺផ្តោតលើការអនុម័តលើកអភ័យឯកសិទ្ធិសភារបស់ឯកឧត្តម សម រង្ស៊ី សមាជិកសភាមណ្ឌលកំពង់ចាម។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសបារាំងមកថា ៖ «យើងឃើញថា អាជ្ញាធរប្រទេសកម្ពុជា គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាលប្រទេសវៀតណាម។ អ្វីដែលខ្ញុំបានធ្វើ គឺខ្ញុំបានការពារប្រជារាស្រ្ដខ្មែរ ដែលបាត់បង់ដីស្រែរបស់ពួកគាត់ដោយអាជ្ញាធរយួនបានរំកិលព្រំដែនចូលមកក្នុងទឹកដីខ្មែរ។ រឿងនេះជារឿងធ្ងន់ធ្ងរណាស់ មិនមែនសមរង្ស៊ី ជាបុគ្គលទេ រឿងប្រទេសជាតិយើងទាំងមូល ដែលប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមតែម្ដង កំពុងតែត្របាក់លេបទឹកដីយើង។ ល្បិចលោក ហ៊ុន សែន សព្វថ្ងៃ គឺគេបង្វែរអារម្មណ៍ប្រជារាស្រ្ដខ្មែរឲ្យមើលតែទៅខាងលិច តែកុំឲ្យយើងគិតពីខាងកើត»។
លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «វាមិនល្អទេ ធ្វើឲ្យបរទេសគេមើលងាយយើង យើងមិនទាន់បានដោះស្រាយអីត្រឹមត្រូវផង ព្យួរអភ័យឯកសិទ្ធិអ៊ីចឹង ធ្វើឡើងហាក់ដូចជាមិនទាន់ត្រឹមត្រូវល្អអាចទទួលយកបានទេ»។
លោក ចន ចនសុន (John Johnson) ជាមន្រ្តីអ្នកនាំពាក្យនៃស្ថានទូតអាមេរិកនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅទ្បើយទេ ប៉ុន្តែលោកនឹងបន្តតាមដានរឿងនេះតទៅទៀត។
ផែនការលើកអភ័យឯកសិទ្ធិជាតំណាងរាស្រ្តពីលោកសម រង្ស៊ី នៅដើមសប្តាហ៍ក្រោយនោះ គឺក្រោយពីមានការប្តឹងពីអាជ្ញាធរស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមបទចោទថា លោក សម រង្ស៊ី បានបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ ហើយនិងមានសំណើពីតុលាការខេត្តស្វាយរៀង ដើម្បីបើកការស៊ើបអង្កេតនិងចោទប្រកាន់លោក សម រង្ស៊ី។
កាលពីថៃ្ងទី២៥ ខែតុលា កន្លងទៅនេះ លោក សម រង្ស៊ី បានដឹកនាំបុណ្យកឋិនទានមួយទៅកាន់វត្តអង្គរំដេញ ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ហើយលោកបានដកបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងវៀតណាម ដែលលោកបានចោទប្រកាន់ថា ភាគីវៀតណាមបានបង្ខិតនិងរំលោភព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជានៅទីនោះ៕
