ការលើកឡើងដូចនេះធ្វើឡើងនៅក្នុងឱកាសដែលក្រសួងសុខាភិបាលបានរៀបចំធ្វើវេទិកាឆ្មបថ្នាក់ជាតិលើកទី២ ដែលរៀបចំរួមគ្នារវាងគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ ក្រោមប្រធានបទស្តីពីស្រ្តីមិនត្រូវបាត់បង់ជីវិតនៅពេលផ្តល់កំណើត។
សិក្ខាសាលានេះធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃ១០-១១ មិថុនា នៅសណ្ឋាគារភ្នំពេញ ដែលមានសិក្ខាកាម ជាង ៤០០នាក់ចូលរួម មកពីស្ថាប័នពាក់ព័ន្ធនិងនិស្សិតឆ្មបផងដែរ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ដែលបានចូលរួមក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងវិស័យសុខាភិបាលពេទ្យឆ្មបនិងអ្នកមានជំនាញឆ្មប មានតួនាទីសំខាន់ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវសុខភាពមាតានិងទារកដើម្បីកាត់បន្ថយអត្រាមរណៈរបស់មាតានិងទារក។
លោកស្រី ម៉ែន សំអន ថ្លែងដូច្នេះថា ៖ «សូមយកចិត្តទុកដាក់ជួយដល់បណ្ដាអ្នកមកពិគ្រោះជំងឺ ស្រ្តីសម្រាលបុត្រដែលមានស្ថានភាពជីវភាពក្រីក្រ ដែលគិតជាចម្បងដល់ការគោរពសុជីវធម៌ សតិសម្បជញ្ញៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការកសាងបុណ្យកុសល»។
ទេសរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក តាវ សេងហួរ មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគោលដៅទី៤និងទី៥នៃគោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជាឆ្នាំ២០១៥ ស្តីពីការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារនោះ ក្រសួងសុខាភិបាលដែលមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងព្យាយាមធ្វើយ៉ាងណា បង្កលក្ខណៈឲ្យងាយស្រួលនៅពេលដែលស្រ្តីទៅសម្រាលកូននៅមន្ទីរពេទ្យសាធារណៈនោះ។
ទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត ស៊ីម សុមុនី នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលហៅថា Medicam មានប្រសាសន៍ថា បញ្ហាសំខាន់ ស្រ្តីនាពេលបច្ចុប្បន្នមានការលំបាកដោយសារខ្វះថវិកានៅពេលទៅសម្រាលកូននៅឯមន្ទីរពេទ្យសាធារណៈនោះ។
លោកវេជ្ជបណ្ឌិត ស៊ីម សុមុនី ថ្លែងដូច្នេះថា ៖ «ផ្ទុយទៅវិញ សេវាសុខាភិបាលយើង ទោះបីវិស័យឯកជនក៏ដោយ រដ្ឋក៏ដោយ គឺនៅឲ្យមានការបង់ហិរញ្ញប្បទាន។ យើងមានគោលនយោបាយលើកលែងក្នុងការបង់ថ្លៃដែរ ប៉ុន្តែគោលនយោបាយនោះវាមានការពិបាកក្នុងការអនុវត្ត»។
យោងតាមស្ថិតិនៃការអង្កេតសុខភាពវិទ្យាសាស្រ្តកម្ពុជាក្នុងឆ្នាំ២០០៥ បានរកឃើញថា ក្នុងចំណោមស្រ្តីមានផ្ទៃពោះ ១០០ពាន់នាក់ មាន ៤៧២នាក់ បានស្លាប់ក្នុងមួយឆ្នាំ ហើយបើគិតជាចំនួនជាក់ស្តែង គឺមានស្ត្រីស្លាប់ពេលសម្រាលកូនជាង ៥នាក់ក្នុង១ថ្ងៃ។
លោកបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការស្លាប់របស់ស្រ្តីពេលសម្រាលកូនហាក់បីដូចជាមិនទាន់ថយនោះទេ ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យសាធារណៈមានការកើនឡើង។ ហើយស្ថិតិនៃការអង្កេតសុខភាពនេះ នឹងធ្វើម្តងទៀតនៅឆ្នាំ២០១០៕
