នគរបាល​ជាតិ៖ គ្រោង​ដាក់​ឈ្មោះ​អ្នក​បើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​ក្នុង​បញ្ជី​ខ្មៅ

ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​នៅ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​កើន​ឡើង​ទ្វេដង​នោះ គឺ​បាន​ញ៉ាំង​ឲ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​ជួប​ពិភាក្សា​គ្នា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នេត្រ សាវឿន ៣០៥
នាយ​ឧត្តម​សេនីយ៍ នេត សាវឿន ជួប​ជាមួយ​តំណាង និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​ទាំង​អស់ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

មាន​តំណាង​ក្រុមហ៊ុន​រថយន្ត​ក្រុង និង​ប្រធាន​ក្រុមហ៊ុន​នេះ​ចំនួន​ជិត ៣០​ក្រុមហ៊ុន បាន​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ពេញ​មួយ​ព្រឹក។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​តម្រូវ​ឲ្យ​តំណាង​ក្រុមហ៊ុន​បាន​មក​ចូល​រួម​នោះ ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ចំនួន ៦​ចំណុច ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តម​សេនីយ៍ នេត្រ សាវឿន នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ បាន​ព្រមាន​ថា នៅ​ថ្ងៃ​អនាគត អាជ្ញាធរ​មាន​សមត្ថកិច្ច រាប់​ទាំង​នគរបាល​ជាតិ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ផែនការ​ដាក់​ឈ្មោះ​អ្នក​បើកបរ​ណា​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​ច្រើន​លើក និង​ល្មើស​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ញឹកញាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ហាម​ឃាត់​ជន​នោះ​មិន​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ណា​មួយ​ទទួល​យក​ធ្វើ​ការ​បើកបរ​ទៀត​ឡើយ។

ចំណែក​ឯ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ណា​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ និង​ធ្វេសប្រហែស​ច្រើន​ដង​ពេក នឹង​ប្រឈម​មុខ​ការ​ដក​អាជ្ញាប័ណ្ណ ឬ​បិទ​អាជីវកម្ម​ក្រុមហ៊ុន​នោះ​តែ​ម្តង។

ការ​ព្រមាន​នេះ គឺ​នៅ​គ្រា​ដែល​សេចក្តី​រាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​នគរបាល​ចរាចរណ៍ បាន​រក​ឃើញ​ថា នៅ​ក្នុង​រយៈ​៦ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ រថយន្ត​ក្រុង​នានា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើន​ដល់​ចំនួន​ជិត ៤០​ករណី ប្រៀបធៀប​នឹង​រយៈពេល​៦​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​ចំនួន​ជាង ១០​ករណី។

ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទៅ​នៅ​ក្នុង​រយៈពេល​៦​ខែ នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គឺ​ចំនួន​ជាង​១ពាន់​នាក់ និង​មនុស្ស​រង​របួស​ចំនួន​ជាង ៥ពាន់​នាក់។

លោក​នាយ​ឧត្តម​សេនីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​នេះ បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ម៉ឺងម៉ាត់​ថា មុន​នឹង​ឈាន​ដល់​ការ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ នៃ​អ្នក​បើកបរ​នោះ និង​បិទ​អាជីវកម្ម​ក្រុមហ៊ុន គឺ​ឆ្លង​កាត់​ការ​អប់រំ និង​ព្រមាន​ច្រើន​ដង៖ «ថ្ងៃ​ក្រោយ គាត់​ធ្វើ​អ្វី​បាន តែ​បើកបរ​អត់​បាន។ បើកបរ​មិន​បាន ហើយ​យើង​នឹង​គិត​ទៀត បើកបរ​មិន​បាន​ហ្នឹង​មាន​ពីរ​ប្រភេទ អា​មួយ​បើកបរ​មិន​បាន​ក្នុង​របៀប​អាជីវកម្ម បាន​ន័យ​ថា មុខ​របរ​គាត់​បើកបរ​អត់​បាន​តែ​ម្តង នៅ​មួយ​កម្រិត​ទៀត បើក​ឡាន​ខ្លួន​ឯង​ក៏​មិន​បាន​ផង។ អីចឹង សុំ​ឲ្យ​ជំនាញ​មេត្តា​គិត ខាង​នគរបាល​ជាមួយ​នាយកដ្ឋាន​ដឹក​ជញ្ជូន សុំ​គិត​ជាមួយ​គ្នា។ ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​ធ្វើ​ម៉ឺងម៉ាត់ ព្រោះ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ។ នេះ​សំខាន់​ណាស់»

ទាក់​ទង​នឹង​ការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក តូច ច័ន្ទកុសល្យ បាន​មាន​ប្រសាសន៍​ថា ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រុង​នានា​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ណា​ដែល​សុំ​ច្បាប់​ទៅ​ជប់លៀង ឬ​ហូប​ការ មក​បើកបរ​ភ្លាមៗ​ទេ ដោយ​សារ​តែ​ជន​នោះ​មិន​ទាន់​ស្វាង​ពី​ជាតិ​ស្រវឹង៖ «សូម​ជម្រាប​ថា រថយន្ត​ក្រុង (Bus) មួយ​ដែល​ក្រឡាប់ ហាក់​ដូច​ជា​យន្តហោះ​មួយ​តូច​ធ្លាក់​ដែរ។ ៥០​នាក់ មិន​មែន​ជា​រឿង​ធម្មតា​ទេ។ ដូច្នេះ ក្រឡាប់​ឡាន​ក្រុង​មួយ ដូច​យន្តហោះ​មួយ​ធ្លាក់​អីចឹង​ដែរ។ មិន​មែន​ជា​រឿង​ធម្មតា​ទេ អាយុ​ជីវិត​នៅ​ច្រើន​ណាស់​នៅ​ហ្នឹង។ កន្លែង​ខ្លះ បុក​គ្នា​បុក​រួញ យើង​មើល​ទៅ​ខ្លាច​តែ​ម្តង។ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​មក​លើ​រថយន្ត​ក្រុង​ហ្នឹង​ហើយ ទើប​យើង​នាំ​គ្នា​ឆ្លៀត​ឱកាស​ប្រជុំ​ថ្ងៃ​នេះ»

ចំណែក​តំណាង​ក្រុមហ៊ុន​រថយន្ត​ក្រុង​ឈ្មោះ កាពីតូល (Capital) គឺ​លោក កូ កុកវ៉ាន់ បាន​មាន​ប្រសាសន៍​ថា រយៈពេល​៦​ខែ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ រថយន្ត​របស់​លោក​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៣​ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់ និង​រង​របួស​ចំនួន​៣៧​នាក់។ រថយន្ត​ក្រុង​របស់​លោក​មាន​ចំនួន​សរុប​១៨០​គ្រឿង៖ «ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ចំពោះ​បញ្ហា​មួយ​ទៀត គឺ​ជា​ផល​វិបាក ព្រោះ​ថា​ពេល​ខ្លះ​ខាង​ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​គោរព​ច្បាប់​ចរាចរណ៍​ហើយ ប៉ុន្តែ​នៅ​មាន​ភាគី​ម្ខាង​ទៀត​ដែល​មក​បំពាន ដូច​ជា​ឡាន​ដឹក​ទំនិញ ម៉ូតូ ឬ​ក៏​គោយន្ត​កែច្នៃ​ជាដើម។ ជួន​កាល​ម៉ូតូ គាត់​បើកបរ​ជា​ក្រុម គាត់​បើក​វ៉ា​ជែង​គ្នា គាត់​ប្រលែង​គ្នា ដែល​បង្ក​ជា​គ្រោះថ្នាក់»

ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​រក​ឃើញ​ថា រថយន្ត​ក្រុង​មួយ​ចំនួន​មាន​បញ្ហា​ខូច​ហ្វ្រាំង ខូច​ចង្កូត ខូច​ភ្លើង​សញ្ញា កុងទ័រ​ល្បឿន​មិន​ដើរ និង​អ្នក​បើកបរ​មាន​សារធាតុ​ស្រវឹង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Long Beach. USA

Good-At least 50% are the Hun and his clans Families

Aug 14, 2012 09:36 PM

Bora Pok

ពី California U.S.A.

Yes,I agreed. There are alot of travelers got kill by the traffic. The government has to be more strick to this issues because there are alot of tourist who go to visit in Cambodia and they are affaid of the accidents that have been happened everyday. There are many kind of reasons that caused accident. Drivers who under age, drunk drivers, overload, over speed, vehicles are not good conditions etc.

Aug 14, 2012 04:22 PM

CheyVorman007

ពី AngKor Wat

ខ្ញុំជាអ្នកឧស្សាហ៏ធ្វើដំណើរមួយរូប ខ្មុំយល់នឹងក្តាប់បានគួរសម
ពីហេតុផលដែលអាចបណ្តាលអោយឡានធំៗសព្វថ្ងៃច្រើនជួប
គ្រោះថ្នាក់ កាលពីបួនរឺបីឆ្នាំមុនកម្រមានណាស់ តែសព្វថ្ងៃខ្ញុំសូម
អះអាងថានឹងឧស្សាហ៏មាននឹងមានតទៅទៀត ដរាបណាមិនកែ
ប្រែផ្លូវនឹងដាក់ផ្លាកចរាចររួមទាំងការដាក់ម៉ាសីុនស្វយ័ប្រវត្តចាំថតរឺ
មនុស្សចាំចាប់ជាប្រចាំ បព្ជីាស្បែកពណ៍ខ្មៅហ្នឹង ទម្លាក់លុយ
ចូលទៅប្រែជាពណ៍សវិញហើយ និយាយមិនអស់ទេ មានច្រើន
ទៀតដែលត្រូវរាបចំ ប៉ូលីសចាំចាប់ផ្ទាល់ក៍យកលុយដែរតែវាអាច
ធើ្វអោយពួកបើករអារបានខ្លះដែរ

Aug 14, 2012 12:19 PM

CheyVorman007

ពី AngKor Wat

រឿងគួរអោយអស់សំណើច
ខ្មុំឧស្សាហ៏ឮប្រជាជនខ្មែរនិយាយបែបនេះ អោយតែអស់លោក
ត្រូវការលុយចាយផ្ទាល់ខ្លួន លោកធំៗដែលកាន់ខាងអី្វមួយគិត
គូរធើ្វបងើ្កតច្បាប់រលុយ​ចាយ ដូចត្រូវពាក់មួកសុវត្តិភាពនឹងកព្ចាក់
ប៉ូលីសសព្វថ្ងៃសប្បាយរលុយណាស់ ព្រោះមិនចេះអត់ទេអ្នកធ្វេស
ប្រហែស តែសួរថា សដ្ថាបណ្ណ័ខាងចរាចរដែលរកលុយបានពីការ
ផាកពិនយ័ពីម៉ូតូ រថយន្ត ថាបានប៉ុន្មានក្នុងមួយឆ្នាំៗចូលរដ្ធទេ?

Aug 14, 2012 11:55 AM

អ្នក​អាន​អនាមិក

គួរតែអញ្ចឹងយូរហើយ! ខ្ញុំគាំទ្រ។

Aug 14, 2012 10:42 AM

មើល​មតិ​ទាំង​អស់.