មានតំណាងក្រុមហ៊ុនរថយន្តក្រុង និងប្រធានក្រុមហ៊ុននេះចំនួនជិត ៣០ក្រុមហ៊ុន បានមកចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះពេញមួយព្រឹក។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានតម្រូវឲ្យតំណាងក្រុមហ៊ុនបានមកចូលរួមនោះ ចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៦ចំណុច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ បានព្រមានថា នៅថ្ងៃអនាគត អាជ្ញាធរមានសមត្ថកិច្ច រាប់ទាំងនគរបាលជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការដាក់ឈ្មោះអ្នកបើកបរណាដែលល្មើសច្បាប់ចរាចរណ៍ច្រើនលើក និងល្មើសបទដ្ឋានសុវត្ថិភាពចរាចរណ៍ញឹកញាប់នៅក្នុងបញ្ជីខ្មៅ ដើម្បីហាមឃាត់ជននោះមិនឲ្យក្រុមហ៊ុនរថយន្តណាមួយទទួលយកធ្វើការបើកបរទៀតឡើយ។
ចំណែកឯក្រុមហ៊ុនរថយន្តក្រុងណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ និងធ្វេសប្រហែសច្រើនដងពេក នឹងប្រឈមមុខការដកអាជ្ញាប័ណ្ណ ឬបិទអាជីវកម្មក្រុមហ៊ុននោះតែម្តង។
ការព្រមាននេះ គឺនៅគ្រាដែលសេចក្តីរាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងនគរបាលចរាចរណ៍ បានរកឃើញថា នៅក្នុងរយៈ៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ រថយន្តក្រុងនានា បានបង្កគ្រោះថ្នាក់ចរាចរណ៍កើនដល់ចំនួនជិត ៤០ករណី ប្រៀបធៀបនឹងរយៈពេល៦ខែ ឆ្នាំ២០១១ កន្លងទៅនេះ គឺចំនួនជាង ១០ករណី។
ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទៅនៅក្នុងរយៈពេល៦ខែ នៅឆ្នាំ២០១២ កន្លងទៅនេះ គឺចំនួនជាង១ពាន់នាក់ និងមនុស្សរងរបួសចំនួនជាង ៥ពាន់នាក់។
លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ បានមានប្រសាសន៍ដោយសម្ដីម៉ឺងម៉ាត់ថា មុននឹងឈានដល់ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅ នៃអ្នកបើកបរនោះ និងបិទអាជីវកម្មក្រុមហ៊ុន គឺឆ្លងកាត់ការអប់រំ និងព្រមានច្រើនដង៖ «ថ្ងៃក្រោយ គាត់ធ្វើអ្វីបាន តែបើកបរអត់បាន។ បើកបរមិនបាន ហើយយើងនឹងគិតទៀត បើកបរមិនបានហ្នឹងមានពីរប្រភេទ អាមួយបើកបរមិនបានក្នុងរបៀបអាជីវកម្ម បានន័យថា មុខរបរគាត់បើកបរអត់បានតែម្តង នៅមួយកម្រិតទៀត បើកឡានខ្លួនឯងក៏មិនបានផង។ អីចឹង សុំឲ្យជំនាញមេត្តាគិត ខាងនគរបាលជាមួយនាយកដ្ឋានដឹកជញ្ជូន សុំគិតជាមួយគ្នា។ ធ្វើម៉េចឲ្យមានប្រសិទ្ធភាព យើងត្រូវធ្វើម៉ឺងម៉ាត់ ព្រោះនេះជាការទទួលខុសត្រូវចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ នេះសំខាន់ណាស់»។
ទាក់ទងនឹងការពង្រឹងសុវត្ថិភាពចរាចរណ៍នេះដែរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច ច័ន្ទកុសល្យ បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុនរថយន្តក្រុងនានាមិនត្រូវអនុញ្ញាតឲ្យអ្នកបើកបរណាដែលសុំច្បាប់ទៅជប់លៀង ឬហូបការ មកបើកបរភ្លាមៗទេ ដោយសារតែជននោះមិនទាន់ស្វាងពីជាតិស្រវឹង៖ «សូមជម្រាបថា រថយន្តក្រុង (Bus) មួយដែលក្រឡាប់ ហាក់ដូចជាយន្តហោះមួយតូចធ្លាក់ដែរ។ ៥០នាក់ មិនមែនជារឿងធម្មតាទេ។ ដូច្នេះ ក្រឡាប់ឡានក្រុងមួយ ដូចយន្តហោះមួយធ្លាក់អីចឹងដែរ។ មិនមែនជារឿងធម្មតាទេ អាយុជីវិតនៅច្រើនណាស់នៅហ្នឹង។ កន្លែងខ្លះ បុកគ្នាបុករួញ យើងមើលទៅខ្លាចតែម្តង។ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កើនឡើងមកលើរថយន្តក្រុងហ្នឹងហើយ ទើបយើងនាំគ្នាឆ្លៀតឱកាសប្រជុំថ្ងៃនេះ»។
ចំណែកតំណាងក្រុមហ៊ុនរថយន្តក្រុងឈ្មោះ កាពីតូល (Capital) គឺលោក កូ កុកវ៉ាន់ បានមានប្រសាសន៍ថា រយៈពេល៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ រថយន្តរបស់លោកមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៨នាក់ និងរងរបួសចំនួន៣៧នាក់។ រថយន្តក្រុងរបស់លោកមានចំនួនសរុប១៨០គ្រឿង៖ «ប៉ុន្តែក្រុមហ៊ុននឹងខិតខំធ្វើយ៉ាងណា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះឲ្យមកនៅកម្រិតទាបបំផុតតាមតែអាចធ្វើទៅបាន។ ចំពោះបញ្ហាមួយទៀត គឺជាផលវិបាក ព្រោះថាពេលខ្លះខាងក្រុមហ៊ុនរបស់យើងខ្ញុំគោរពច្បាប់ចរាចរណ៍ហើយ ប៉ុន្តែនៅមានភាគីម្ខាងទៀតដែលមកបំពាន ដូចជាឡានដឹកទំនិញ ម៉ូតូ ឬក៏គោយន្តកែច្នៃជាដើម។ ជួនកាលម៉ូតូ គាត់បើកបរជាក្រុម គាត់បើកវ៉ាជែងគ្នា គាត់ប្រលែងគ្នា ដែលបង្កជាគ្រោះថ្នាក់»។
ការសិក្សាស្រាវជ្រាវកន្លងមក ដោយមន្ត្រីនគរបាលចរាចរណ៍ បានរកឃើញថា រថយន្តក្រុងមួយចំនួនមានបញ្ហាខូចហ្វ្រាំង ខូចចង្កូត ខូចភ្លើងសញ្ញា កុងទ័រល្បឿនមិនដើរ និងអ្នកបើកបរមានសារធាតុស្រវឹងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។