នគរបាល​ជាតិ​ជួប​ប្រជុំ​ផ្ដោត​លើ​ការ​ពង្រឹង​វិធានការ​រក្សា​សន្តិសុខ​សាធារណៈ

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ បាន​កោះ​មន្ត្រី​នគរបាល​ជិត​៣០០នាក់ មក​ពី​អង្គភាព​ចម្រុះ ដើម្បី​ប្រជុំ​ផ្ដោត​លើ​ការ​ពង្រឹង​វិធានការ​រក្សា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

0:00 / 0:00

កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ដាក់​បំផ្ទុះ​គ្រាប់​បែក​ផ្ដាច់​ស្ពាន​មួយ​មិន​បាន​សម្រេច នៅ​តាម​ផ្លូវ​ជាតិ​លេខ៤ ក្បែរ​ភ្នំ​ពេជ្រនិល។

អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ នេត្រ សាវឿន បាន​បញ្ជា​ឲ្យ​នគរបាល​ជាតិ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ និង​ដោយ​ម៉ត់ចត់ ជុំវិញ​ការ​បំផ្ទុះ​គ្រាប់​បែក​ច្នៃ កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះ នៅ​ឯ​ស្ពាន​អូកាគី នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ការ​បំផ្ទុះ​នោះ បណ្ដាល​ឲ្យ​ខូចខាត​ស្ពាន​តិច​តួច និង​ត្រូវ​បាន​ជួស​ជុល​វិញ។

ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​អនុវត្ត​តាម​បទ​បញ្ជា​ដោយ​ម៉ត់ចត់៖ «រឿង​នេះ​ជា​រឿង​មួយ​ដែល​ពាក់ព័ន្ធ​ករណី​ធ្ងន់ធ្ងរ​ដែរ។ អ៊ីចឹង កម្លាំង​ចម្រុះ​ចាប់​តាំង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ នគរបាល កង​រាជ​អាវុធហត្ថ ក៏​ដូច​ជា​ប្រតិបត្តិការ​សឹក ប្រតិបត្តិការ​សឹក​រង បាន​ចូល​រួម​គ្នា ដើម្បី​ស្រាវជ្រាវ​ករណី​នេះ ក្រោម​ការ​ដឹកនាំ​របស់​ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ស្ពឺ។ ឥឡូវ​នេះ យើង​ប្រមែ​ប្រមូល​វត្ថុ​តាង ធ្វើ​ការងារ​បច្ចេកទេស​ហើយ ហើយ​កំណត់​បាន​មុខ​សញ្ញា​មួយ​ចំនួន​ដែល​កំពុង​តែ​ធ្វើ​ការ​តស៊ូ»

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចម្រុះ​ប្រមូល​បាន​នៅ​កន្លែង​កើត​ហេតុ មាន​ដូច​ជា គ្រាប់​បែក​ច្នៃ​ដែល​មិន​ទាន់​ផ្ទុះ និង​បំណែក​គ្រាប់​បែក​ច្នៃ​ដែល​បាន​ផ្ទុះ​ហើយ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ រត្ន័ សារឿន អាយុ​៤៩ឆ្នាំ បាន​និយាយ​ថា លោក​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល វែក​មុខ​ជន​សង្ស័យ​មក​ផ្ដន្ទាទោស៖ «រាល់​ជន​ល្មើស​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​បង្ក​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន អ៊ីចឹង គួរ​តែ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ដែល​មាន​កំពុង​តែ​អនុវត្តន៍​ជា​ធរមាន មូលហេតុ​ថា​មាន​ជន​ដែល​បង្ក​ភាព​អានាធិបតេយ្យ អសន្តិសុខ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច»

សមត្ថកិច្ច​ចម្រុះ ជាពិសេស​នគរបាល​ជាតិ បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​រួច​ហើយ ដើម្បី​តាម​ចាប់​ខ្លួន ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​សុំ​រក្សា​ការ​សំងាត់ នៃ​មុខ​សញ្ញា​ជន​សង្ស័យ​នោះ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត។

សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ ក្រោម​បទ​បង្ក​ឲ្យ​មាន​ការ​ភិតភ័យ និង​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម។

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ​នេះ គឺ​មុន​ពេល​ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ​នេះ។

ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក​ឧត្តម​សេនីយ៍ឯក ម៉ក់ ជីតូ ឲ្យ​ដឹង​ថា កន្លង​មក​នេះ មាន​ករណី​បាត់​ឈ្នួន​ផ្ទុះ និង​រំសេវ​ចំនួន​៣​លើក ពី​ឃ្លាំង​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្ត​ពោធិ៍សាត់។

ប៉ុន្តែ​ករណី​បាត់​នៅ​ខេត្ត​កំពង់ស្ពឺ កន្លង​ទៅ​នេះ នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដែល​បាន​លួច​គ្រឿង​ផ្ទុះ​នោះ និង​ប្រមូល​បាន​គ្រឿង​ផ្ទុះ​មក​រក្សា​ទុក​វិញ ហើយ​នគរបាល​នៅ​តែ​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​ទៀត។

ថ្មីៗ​នេះ នគរបាល​នៅ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រាប់​រំសេវ​ចំនួន​១២នាក់ និង​បាន​រឹបអូស​យក​ឈ្នួន​ផ្ទុះ​ចំនួន​១៦៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។