អ្នកសិក្សាពីបញ្ហាសង្គម បានបង្ហាញថា ការបង្រួបបង្រួមដែលមានភាពប្រាកដប្រជា និងបានជាប្រយោជន៍ដល់ពលរដ្ឋ និងសង្គមជាតិពិតប្រាកដនោះ គ្រប់ភាគីពាក់ព័ន្ធត្រូវមានយន្តការឲ្យបានច្បាស់លាស់ និងត្រូវផ្តល់នូវភាពស្មោះត្រង់ដល់គ្នាទៅវិញទៅមក។
ការរួបរួមគ្នារវាងក្រុមមនុស្ស និងមនុស្សនៅក្នុងសង្គម ឬប្រទេស និងប្រទេសនៅលើពិភពលោក អាចនាំឲ្យមានកម្លាំងធំមួយ ឬអំណាចដែលអាចជួយសម្រេចគោលបំណងបានឆាប់រហ័ស។
ភាសិតបុរាណក៏បានចែងដែរថា សាមគ្គីជាកម្លាំង សាមគ្គីនាំឲ្យយើងរស់ បែកបាក់សាមគ្គីនាំឲ្យយើងស្លាប់ ឬវិនាសអន្តរាយ។ ប៉ុន្តែ ទាល់តែការបង្រួបបង្រួមនោះធ្វើឡើងដើម្បីបម្រើប្រយោជន៍មនុស្សភាគច្រើន មិនមែនជាការស៊ុមគ្រលុំគ្នាប្រព្រឹត្តអំពើទុច្ចរិត បម្រើផលប្រយោជន៍បក្ខពួកមួយចំណែកតូច ហើយបំផ្លាញផលប្រយោជន៍ និងសេចក្តីសុខសាន្ដរបស់សង្គមមនុស្សភាគច្រើននោះទេ។
ព្រះតេជព្រះគុណ ខេមចារោ យស ហ៊ុត មានថេរដីកាថា ក្បាលម៉ាស៊ីនដឹកនាំទាំងអស់ រួមទាំងថ្នាក់ជាតិ បក្សនយោបាយ សហគមន៍ប្រជាពលរដ្ឋជាដើម ត្រូវមានគោលការណ៍ច្បាស់លាស់ថា ខ្លួនចង់បង្រួមគ្នាដើម្បីអ្នកណា? ហើយត្រូវយកច្បាប់ជាគោល គោរពសិទ្ធិអ្នកដទៃ ផ្តល់សេចក្តីសុខដល់អ្នកដទៃឲ្យច្រើនជាងខ្លួនឯង៖ «យើងសាមគ្គីគ្នារួបរួមគ្នាជុំវិញប្រយោជន៍រួម ប្រយោជន៍ជាតិ ប្រយោជន៍ទាំងអស់គ្នា មិនមែនជារឿងបុគ្គលនេះ បុគ្គលនោះទេ រឿងយូរអង្វែង។ ដូច្នេះយើងគិតថា រឿងអ្វីទាំងអស់ យើងរវល់ទាំងអស់គ្នាទៅ ចែកគ្នាទៅ ចែកទទួលខុសត្រូវ បើកឱកាសឲ្យមនុស្សបញ្ចេញស្នាដៃ ឲ្យចូលរួមកសាងទាំងអស់គ្នាទៅ ដើម្បីជាប្រយោជន៍ជាសុខ ជាគុណ ដល់អ៊ីចឹងទៅ បានសុខសប្បាយសាមគ្គីគ្នាទៅហើយ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ មានប្រសាសន៍ដែរថា ការរួមគ្នាដែលបានជាប្រយោជន៍ធំនោះ ត្រូវចាប់ផ្ដើមទាំងអស់គ្នាចាប់តាំងពីប្រជាពលរដ្ឋ រហូតអ្នកនយោបាយ អ្នកដឹកនាំប្រទេសទាំងមូល ទៅតាមតួនាទី សមត្ថកិច្ចរៀងៗខ្លួន៖ «ខាងរដ្ឋក៏អាចជួយបណ្ដុះបណ្ដាលដែរ ដោយឲ្យមានជារបៀបស្វ័យភាព ដូចជាពេលមានអាសន្នអន់ក្រ គ្រោះថ្នាក់ធម្មជាតិ តើភូមិមួយតំបន់មួយហ្នឹង ប្រជាជននៅហ្នឹងគេធ្វើម៉េច គេរៀបចំជួយគ្នាធ្វើម៉េច? អាហ្នឹងគេមានរៀបចំជាសមាគមវត្តអារាម មានចាស់ទុំជួយរៀបចំដោះស្រាយបញ្ហាអ៊ីចឹងៗ»។
ការមិនរួបរួមគ្នាដែលជាបទពិសោធន៍ពីអតីតកាល បានធ្វើឲ្យសង្គមខ្មែរបែកបាក់សាមគ្គី និងបានជំរុញឲ្យកម្ពុជា ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ។
អ្នកវិភាគឯករាជ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា សង្គមមនុស្សងាយនឹងមានជម្លោះណាស់ បើសិនជាមិនមានការរួបរួមគ្នា គោរពគ្នា ឲ្យតម្លៃគ្នា ហើយទទួលយកនូវគំនិត ទស្សនៈពីគ្នាទៅវិញទៅមកនោះទេ។
ការព្យាយាមលាបពណ៌គ្នា ទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ដោយពុំមានការទទួលខុសត្រូវ ការអនុវត្តច្បាប់មិនស្មើភាពគ្នានោះ ងាយនឹងមានការបែកបាក់សាមគ្គី និងមិនអាចឲ្យមានការរួបរួមគ្នាបានឡើយ៖ «កាលណាយើងលាបពណ៌ដាក់គ្នា ហើយប្រជាពលរដ្ឋមើលគ្នាមិនចំទេ សំឡឹងមុខ សំឡឹងក្រោយ ពីព្រោះថានេះពួកឯង នោះពួកគេអីអ៊ីចឹងទៅ វានៅមានការប្រកាន់បក្ស ប្រកាន់ពួក សូម្បីតែថ្នាក់មូលដ្ឋានក៏នៅមាន»។
អ្នកស្រីបន្តថា មូលដ្ឋានគ្រឹះដែលជំរុញឲ្យមានការរួបរួមគ្នាបានយូរអង្វែង អ្នកដឹកនាំប្រទេសត្រូវមានយន្តការនៃការបង្រួបបង្រួមអ្នកដឹកនាំគ្រប់ស្រទាប់ទាំងអស់ ត្រូវមានការអប់រំខ្ពស់ មានសីលធម៌ ត្រូវអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងស្មើៗគ្នា៖ «ម៉្លោះហើយ មានតែការអប់រំខាងផ្នែកអាណាចក្រ និងធម្មចក្រទេ សំខាន់គឺការអប់រំតាំងពីចាស់ៗមកក្មេង ពីក្មេងមកចាស់ លោកស្តាប់ច្រើនចេះច្រើន គិតច្រើន ពិចារណាច្រើន ធ្វើអីមិនជ្រុលនិយម ចេះជួយយកអាសាគ្នាទៅវិញទៅមក ហើយខាងគណបក្សនយោបាយនោះ គឺថា ដូចជាការផ្សព្វផ្សាយតាមទូរទស្សន៍ក្តី វិទ្យុក្តី កាសែតក្តី សូមកុំឲ្យប្រើពាក្យលាបពណ៌គ្នា»។
កម្ពុជា បន្ទាប់ពីមានការបែកបាក់កន្លងមក ធ្វើឲ្យជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្ន គេឃើញមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ប៉ុន្តែអ្នកវិភាគលើបញ្ហាសង្គម មើលឃើញថា ការបង្រួបបង្រួមជាតិ ហាក់នៅមិនទាន់ផុសចេញពីបេះដូង និងនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ មិនគ្រប់ជ្រុងជ្រោយត្រង់ថា នៅមានការរើសអើងគ្នា បែងចែកបក្ខពួក មិនទាន់ទទួលយកមតិរិះគន់កែលំអ ផ្ទុយទៅវិញបានចាត់ទុកអ្នកដែលមានទស្សនៈផ្ទុយ ជាគូសត្រូវ។ កិច្ចការប្រទេសជាតិមួយចំនួន ពុំទាន់បើកចំហឲ្យមានការចូលរួមជាគំនិត យោបល់ពីមហាជននៅឡើយ។ បញ្ហាទាំងនេះ ចាំបាច់ត្រូវមានការយកចិត្តទុកដាក់ ត្រួតពិនិត្យឡើងវិញពីស្ថាប័នដែលមានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីឲ្យការបង្រួបបង្រួមជាតិ មានភាពរឹងមាំ និងផ្តល់ជាប្រយោជន៍សម្រាប់ជាតិមាតុភូមិបានយូរអង្វែងទៅមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។