ផ្លូវ​ជាតិ​លេខ​៣ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

2008-05-07

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ជួយ​ប្រាក់ ៣៦​លាន ៩​សែន​ដុល្លារ ក្នុង​ការសាងសង់​ផ្លូវ​ជាតិ​លេខ​៣ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​នេះ មាន​ប្រវែង ១៣៧​គីឡូម៉ែត្រ​ដោយ​ចំណាយ​ប្រាក់​សរុប​ចំនួន ៤១​លាន​ដុល្លារ​កន្លះ ។

នៅក្នុង​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៣ ពី​ត្រពាំងល្ពៅ ទៅ​ដល់​ទីរួមខេត្ត​កំពត​និង​ការបើក​ការដ្ឋាន​ស្តារ​ឡើងវិញ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ពី​ចោមចៅ​ជាយ​ក្រុង​ភ្នំពេញ មក​ដល់​ទីរួមខេត្ត​កំពត ក្រោម​គម្រោង​ប្រាក់​កម្ចី​សម្បទាន​ពី​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋ​កូរ៉េ និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ឧសភា លោក​នាយករដ្ឋមន្ត្រី  មាន​ប្រសាសន៍​ថា ខេត្ត​កំពត​ជា​ខេត្ត​មួយ​សំខាន់​ជាង​គេ​ក្នុង​ការនាំ​ផលិតផល​អំបិល​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ហើយ​លោក​នឹង​បន្ត​សាងសង់​ផ្លូវ​ជា​បន្តបន្ទាប់​ទៀត​ប្រយោជន៍​ដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាងដូច្នេះ​ថា ៖ «ហើយ​អំពាវនាវ​ឲ្យ​បន្ត​ការ​ខិតខំ​តាមរយៈ​ក្រុមហ៊ុន​នេះ ការ​សម្រួល​របស់​ប្រធាន​សាធារណការ និង​ដឹក​ជញ្ជូន ការ​សម្រួល​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ​លើ​ថវិកា​បដិភាគ ក៏​ដូច​ជា​ការ​នាំ​ចេញ​នាំ​ចូល និង​បញ្ហា​កន្លែង​ដែល​ទាក់​ទង​នឹង​ការដ្ឋាន​នេះ ។ ហើយ​រំពឹង​ថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ដែល​មាន​ផ្លូវ​ជាតិ​លេខ​៣ ត​ភ្ជាប់ ដែល​មាន​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​ចូល​ដល់​ភ្នំពេញ កណ្ដាល ៥​ខេត្ត ខេត្ត​ណា​ត្រូវ​ទទួល​ខុសត្រូវ​នូវ​ក្នុង​ដែន​សមត្ថកិច្ច សមត្ថកិច្ច​ដែន​ដី​របស់​ខ្លួន»

ចំណែកឯ​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ មក​ពី​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​រិះគន់​ថា នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ប្រើប្រាស់​អំណាច​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​និង​អ្នក​ក្រោម​អំណាច មក​កសាង​រួច​ដាក់​ឈ្មោះ​ខ្លួន​ឯង នេះ​គឺ​ជា​ការបើក​ដៃ​ឲ្យ​អ្នក​ទាំងនោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ មាន​ភាព​ក្រីក្រ​ដល់​ពលរដ្ឋ ឲ្យ​បាត់​បង់​នូវ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​ដ៏ច្រើន ដែល​គ្មាន​ប្រទេស​ណា​ក្នុង​ពិភពលោក​គេ​ធ្វើ​ដូច​គាត់​ទេ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​ប្រសាសន៍​ដែរ​ថា កូរ៉េ​ក៏បាន​នាំមុខគេ​នៅ​កម្ពុជា​លើ​៨​វិស័យ គឺ​ការវិនិយោគ​ធំ​ជាង​គេ​លើ​ការស្ថាបនា ផ្នែក​ទេសចរណ៏ ការផ្លាស់ប្តូរ​វប្បធម៌ បច្ចេកវិទ្យា​ព័ត៌មាន ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ  ការជួយ​បង្កើត​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅឆ្នាំ​២០០៩ ខាង​មុខ​នេះ និង​វិស័យ​សំណង់​និង​ទំនាក់ទំនង​ផ្លូវ​អាកាស ។

សូមជម្រាបថា កាលពី​ឆ្នាំ​២០០៧ កន្លងទៅ អ្នកវិនិយោគទុន​កូរ៉េ​បាន​ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា មាន​ទឹក​ប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ៕

អត្ថបទ​ដែល​ទាក់ទង

វៀតណាម​លួច​ជីក​រក​រ៉ែ​មាស​នៅ​ស្រុក​សៀមប៉ាង​ខែត្រ​ស្ទឹងត្រែង?

ប៉េអឹម​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​រំលោភ​សិទ្ធិមនុស្ស

ពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​ក្រុង​ភ្នំពេញ​បារម្ភ​ពី​បញ្ហា​ល្បែង​ស៊ីសង

នាយករដ្ឋមន្ត្រី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​ទៅ​ទីរួមខែត្រ​កោះកុង

ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ត្រូវ​បាន​ដាក់​ក្នុង​ក្រដាស​ប្រាក់​២​ម៉ឺន​រៀល​ថ្មី

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​គ្រូ​បង្រៀន​បង្កើន​ចំណេះដឹង

ក្រុម​តំណាង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ប៉ោយប៉ែត

ជនជាតិ​គួយ​នៅ​ព្រះវិហារ​បារម្ភ​ពី​សកម្មភាព​ជីក​រក​រ៉ែ​មាស​ខុសច្បាប់

ការប្រារព្ធ​ពិធី​បុណ្យ​ពិសាខបូជា​អន្តរជាតិ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា

មេធាវី​អំពាវនាវ​ឲ្យ​ដោះលែង​នាយក​សាលា​នៅ​រតនគិរី


 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org